ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​មួយ​ប្រាវ វាយប្រហារ​លើ​សាលា​អនុ​វិទ្យាល័យ រាប​ដល់​ដី

4 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់ បាន​វាយប្រហារ​មក​លើ​សាលារៀន​អនុ​វិទ្យាល័យ​ភ្នំ​ឆ័​ត្រ​សែន​ជ័យ​មួយ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ស្ថិត​ក្នុងភូមិ​សែន​ជ័យ ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ បណ្តាល​ឲ្យ​រោងដោល​មួយ​ខ្នង​រលំ​រាប​ដល់​ដី…

ខេត្តព្រះវិហារ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់ បាន​វាយប្រហារ​មក​លើ​សាលារៀន​អនុ​វិទ្យាល័យ​ភ្នំ​ឆ័​ត្រ​សែន​ជ័យ​មួយ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ស្ថិត​ក្នុងភូមិ​សែន​ជ័យ ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ បណ្តាល​ឲ្យ​រោងដោល​មួយ​ខ្នង​រលំ​រាប​ដល់​ដី កាលពី​ម៉ោង​៤​រសៀល ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២០​នេះ តែ​សំណាងល្អ មិន​មាន​នរណា​ម្នាក់​រង​របួស​ឡើយ ។

បើ​តាម​អ្នកស្រី ប៉ា​ង គឹ​ម​ដា​រី ជា​គ្រូបង្រៀន​នៅ​អនុ​វិទ្យាល័យ​ភ្នំ​ឆ័​ត្រ​សែន​ជ័យ បាន​រៀបរាប់​ថា មុន​ពេល​កើតហេតុ នៅ​ម៉ោង​៣​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២០ មាន​ខ្យល់​បោក​បក់​ខ្លាំង​មែនទែន បាន​ធ្វើ​ឲ្យ​រោងដោល​មួយ​ខ្នង​ដួល​រលំ​ខ្ទេច​រាប​ដល់​ដី​តែ​ម្តង​។ តែ​សំណាងល្អ សិស្សសាលា​ទាំងអស់​ដែល​បាន​រៀន​នៅ​ទីនោះ ពួក​គេ​បាន​ចេញពី​រៀន​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់​រៀង​ៗ​ខ្លួន មុន​ពេល​ខ្យល់​កន្ត្រាក់​នេះ​បាន​កើតឡើង​ប្រមាណ​ជាមួយ​សន្ទុះ​តែ​ប៉ុណ្ណោះ ។

អ្នកស្រី​បន្ត​ថា អនុ​វិទ្យាល័យ​នេះ មាន​រោងដោល​១​ខ្នង ស្មើនឹង​៣​បន្ទប់​សិក្សា ចាប់ពី​ថ្នាក់​ទី​៧ ដល់​ថ្នាក់​ទី​៩ ក្រោយ​កើតហេតុ អាជ្ញាធរ​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ពិនិត្យ​មើល​ជាក់ស្តែង និង​រាយ​ការណ៍​ទៅ​ថ្នាក់ដឹកនាំ ដើម្បី​មាន​វិធានការ​អន្តរាគមន៍ ។ តែ​ទោះជា​បែប​នេះ​ក្តី អ្នកស្រី​ជា​គ្រូបង្រៀន និង​លោកគ្រូ អ្នកគ្រូ​ដទៃ​ទៀត និង​រៀបចំ​ប្រក់​តង់​បណ្តោះអាសន្ន ដើម្បី​បង្រៀន​សិស្ស​ដែល​សុទ្ធ​សឹង​ជា​កូន​របស់​កងទ័ព​នៅ​ទីនោះ ដោយ​មិន​ឲ្យ​ខកខាន​ពេលវេលា​រៀនសូត្រ​ឡើយ និង​រង់ចាំ​អាជ្ញាធរ ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ​នៅ​ទីនោះ សាងសង់​រោងដោល​ឡើង​វិញ នៅ​ពេល​ឆាប់​ៗ​នេះ ។

ជាមួយ​គ្នា​នេះ​ដែរ លោក ចេ​ង លឹ​ម​ហ៊ាន់ ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្តព្រះវិហារ បាន​ឲ្យ​ដឹង​ថា សម្រាប់​វិធានការ​ចំពោះ​មុខ​នេះ មន្ទីរ​ជំនាញ និង​សហការ​ជាមួយ​កងទ័ព អាជ្ញាធរ​មូល​ដ្ឋាន​នៅ​ទីនោះ និង​បញ្ជូន​សម្ភារៈ ដូច​ជា​ស័ង្កសី ឈើ ទៅ​កាន់​សាលា​អនុ​វិទ្យាល័យ ដែល​រង​គ្រោះ​​ដោយ​គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​នេះ ដើម្បី​រៀបចំ​សាងសង់​កន្លែង​សិក្សា​ថ្មី​ឡើង​វិញ ឲ្យ​សិស្សានុសិស្ស​បាន​រៀនសូត្រ​ធម្មតា​វិញ ដោយ​មិន​ឲ្យ​ខកខាន​ឡើយ​។ លោក​បាន​បញ្ជាក់​ថា យ៉ាង​យូរ​រោងដោល​ថ្មី​នឹង​ធ្វើ​ឲ្យ​រួចរាល់​រយៈពេល​៣​ទៅ​៤​ថ្ងៃ​ប៉ុណ្ណោះ​។ (​កែសម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ