ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីបុណ្យទន្លេ​លើកទី៦​​​បញ្ចប់​​ដោយ​បរិ​យាកាស​រីក​រាយ​ក្នុងរាត្រី​​នៅ​​បាត់​​ដំបង

4 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ​ពិធីបិទ​​នូវពិធិ​បុណ្យ​ទន្លេ​លើក​ទី​៦ ​​នៅ​ក្នុង​បាត់ដំបង ស្ថិតក្រោម​លោក​រដ្ឋមន្ត្រី ថោ​ង ខុន និង​លោក ងួ​ន រតនៈ…

ខេត្តបាត់ដំបង ៖ ​ពិធីបិទ​​នូវពិធិ​បុណ្យ​ទន្លេ​លើក​ទី​៦ ​​នៅ​ក្នុង​បាត់ដំបង ស្ថិតក្រោម​លោក​រដ្ឋមន្ត្រី ថោ​ង ខុន និង​លោក ងួ​ន រតនៈ អភិបាលខេត្ត ដោយ​បរិយាកាស​សប្បាយ​រីករាយ​នា​ពេល​រាត្រី ។ សូមបញ្ជាក់ថា​ ការ​រៀបចំ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៦ បាន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៣-១៥ ខែមីនា ឆ្នាំ​២០២០ នៅ​ខេត្តបាត់​ដំបង បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ជោគជ័យ​យ៉ាង​ត្រ​ចេះ​ត្រចង់ ដោយ​មាន​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទេស​ចរ​ចូលរួម​ទស្សនា​ប្រមាណ​ជិត​៣០​ម៉ឺន​នាក់ ខណៈ​បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់​ក៏​គ្មាន​អ្វី​កើតឡើង​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ឡើយ​, នេះ​បើ​តាម​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​ចូលរួម​ជាមួយ​លោក ងួ​ន រតនៈ អភិបាលខេត្ត​បាត់ដំបង និង​​លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ក្នុង​កម្មវិធី​បិទ​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ ​នា​រាត្រី​ថ្ងៃ​ទី​១៥ ​មីនា​នេះ ក្នុង​នោះ​ គេ​សង្កេត​ឃើញ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​បាន​ចូលរួម​ទស្សនា​ទស្សនីយភាព​សិល្បៈ​វប្ប​ធម៌ មាន​ល្ខោន​រឿង​ប្រវត្តិ​ភ្នំ​សំពៅ សិល្បៈ​របាំ​មួយ​ចំនួន ការ​ដើរ​បង្ហាញ​ម៉ូត​អំពី​ក្រមា​ខ្មែរ និង​ការ​សម្ដែង​សៀ​ក​កំប្លែង​ផង​ដែរ​។

ជាមួយ​គ្នា​នោះ ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ ក៏​បាន​ដើរ​ទស្សនា​នៅ​តាម​ស្ដង់​ពិព័រណ៌ទទួលទាន​អាហារ​នៅ​តាម​ស្ដង់​លក់​ម្ហូបអាហារ និង​ការ​តាំង​បង្ហាញ​ផលិតផល​នានា​នៅ​ក្នុង​បរិវេណ​រៀបចំ​ពិធីបុណ្យ ចំណែក​អ្នកមួយ​ចំនួន​ក៏​និយម​ថតរូប​ភាព​ជាមួយ​ក្រុម​គ្រួសារ មិត្តភក្តិ​ជាដើម​។ ក្រៅពី​នេះ​មានការ​ប្រគំ​តន្ត្រី​ចំនួន ២​កន្លែង​ទៀត​ផង​ដែរ​។

រយៈពេល​បី​ថ្ងៃ​មកនេះ បុណ្យ​ទន្លេ​បាន​ទទួល​វត្តមាន​ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ​ចូលរួម​ទស្សនា​ប្រមាណ​​ជិត​៣០​ម៉ឺន​នាក់ ក្នុង​នោះ​មាន​ភ្ញៀវ​បរទេស​ប្រមាណ ១៣០០​នាក់ ដោយនៅ​ថ្ងៃទី​មួយ​ទទួល​បាន​ប្រមាណ​ជាង​៣​ម៉ឺន​នាក់ នៅ​ថ្ងៃ​ទី​ពីរ​ដែល​ជា​ថ្ងៃ​បើក​ពិធីបុណ្យ​ជា​ផ្លូវការ​ក្រោម​អធិបតី​ភាព​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ទទួល​បាន​វត្តមាន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ប្រមាណ​ជាង​១០​
ម៉ឺន​នាក់ ចំណែក​នៅ​ថ្ងៃ​បិទ​បញ្ចប់​នេះ​ទទួល​បាន​ប្រមាណ​ជាង ១៦​ម៉ឺន​នាក់​ទៀត​។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន និង​លោក​អភិបាលខេត្ត ងួ​ន រតនៈ បាន​បង្ហាញ​ការ​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​របស់​គណៈកម្មការ​អន្តរក្រសួង​រៀបចំ​បុណ្យ​ទន្លេ​លើក​ទី​៦​នេះ ដែល​បាន​ផ្ដល់​ឱកាស​ឱ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​បាន​ចូលរួម​ទស្សនា​កម្សាន្ត​យ៉ាង​សប្បាយ​រីករាយ រីឯ​ការ​ពង្រឹង​សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ចរាចរណ៍​ជាដើម​នោះ ក៏​ត្រូវ​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ពី​សំណាក់​កងកម្លាំង​សមត្ថកិច្ច​នៅ​គ្រប់​គោលដៅ​។

ថ្នាកដឹកនាំ​ទាំង​ពីរ​បាន​អំពាវនាវ​សូម​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​ចូលរួម​ថែរក្សាសុខ​សន្ដិ​ភាព ស្ថិរភាព​នយោបាយ​ជាមួយ​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បន្ត​ទៅ​មុខ​ទៀត ដើម្បី​ឱ្យ​កម្ពុជា​បន្ត​ការ​អភិវឌ្ឍ​ជឿនលឿន​តទៅ​អនាគត​។លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​រំឭក​នូវ​អនុសាសន៍​ទាំង​៦​ចំណុច​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ថ្លែង​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​នា​រាត្រី​ម្សិលមិញ​ជូន​ដល់​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ មន្ត្រីរាជការ​ដែល​មាន​វត្ត​មាននៅ​ក្នុង​កម្មវិធី​បិទ​បុណ្យ​ទន្លេ​នោះ​។

ថ្វី​ដ្បិត​ក្នុង​ពិធីបុណ្យ​ទន្លេ​គ្មាន​ការ​ភ័យ​ខ្លាច​ពី​ជំងឺ​កូ​វី​ដ​១៩ លោក​រដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​គ្នា​កុំឱ្យ​មានការ​ភ័យ​ខ្លាច​ចំពោះ​បញ្ហា​ជំងឺ Covid-19 ខ្លាំង​ហួសហេតុ​ពេក ទោះបីជា​ជំងឺ​នេះ​ជា​ជំងឺឆ្លង ប៉ុន្តែ​វា​ក៏​អាច​ព្យាបាល​ឱ្យ​ជា​សះស្បើយ​វិញ​បាន​ដែរ​ ។ ទោះ​យ៉ាងណា ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​ដ​ង្កា​ត់​នានា​ទុកជា​មុន ក៏​ត្រូវ​ថែរក្សា​អនាម័យ សម្អាត​ខ្លួនប្រាណ និង​ត្រូវ​លាងដៃ​នឹង​សាប៊ូ ហើយ​នៅ​ពេល​ក្អក កណ្ដាស់ ត្រូវ​ខ្ទប់មាត់ ច្រមុះ​នឹង​កន្សែង ឬ​ក្រមា​ខ្មែរ ដើម្បី​ការពារ​កុំឱ្យ​ឆ្លង​ទៅ​ដល់​អ្នក​ដទៃ​ផង​ដែរ​។

នៅ​ចុងបញ្ចប់​នៃ​កម្មវិធី​បិទ​បុណ្យ​ទន្លេ​ខាងលើ លោក​រដ្ឋមន្ត្រី ថោ​ង ខុន និង​លោក​អភិបាលខេត្ត ងួ​ន រតនៈ ព្រមទាំង​មន្ត្រីរាជការ ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​បរទេស ក្រុម​សិល្បករ​-​សិល្ប​ការិនី​ជា​ច្រើន​នាក់ បាន​ចូលរួម​រាំ​លេង​កម្សាន្ត​យ៉ាង​សប្បាយ​រីករាយ​ក្នុង​ពេល​រាត្រី​បញ្ចប់​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ