ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កីឡាករ Pogba បង្កើត​កម្ម​វី​ធី​រៃ​អង្គាស​​ប្រាក់​ជួយ​កុមារ​រង​គ្រោះ​ដោយ Covid-19

4 ឆ្នាំ មុន

ខ្សែបម្រើ Paul Pogba របស់​ក្រុម​បិសាច​ក្រហម Manchester United បាន​បង្កើត​កម្ម​វី​ធី​រៃ​អង្គាសប្រាក់​មួយ និង​បាន​សន្យា​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​អង្គការ​យូ​នី​សេ​ហ្វ (UNICEF) ដើម្បី​ជួយ​ដល់​កុមារ​ដែល​រង​គ្រោះ​ដោយសារ​ការ​រីក​រាលដាល​នៃ​វីរុស…

ខ្សែបម្រើ Paul Pogba របស់​ក្រុម​បិសាច​ក្រហម Manchester United បាន​បង្កើត​កម្ម​វី​ធី​រៃ​អង្គាសប្រាក់​មួយ និង​បាន​សន្យា​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​អង្គការ​យូ​នី​សេ​ហ្វ (UNICEF) ដើម្បី​ជួយ​ដល់​កុមារ​ដែល​រង​គ្រោះ​ដោយសារ​ការ​រីក​រាលដាល​នៃ​វីរុស Covid-19 ។

កម្មវិធី​រៃ​អង្គាសប្រាក់​នេះ ត្រូវ​បាន​បង្កើត​ឡើង​ចំ​ថ្ងៃ​ខួបកំណើត​២៧​ឆ្នាំ​របស់​ខ្សែបម្រើ​បារាំង​រូប​នេះ កាលពី​ម្សិលមិញ​ក្នុង​ន័យ​រួមចំណែក​ជួយ​ប្រយុទ្ធ​ប្រឆាំង នឹង​វីរុស​ដ៏​កាច​សាហាវ Covid-19 ។

កីឡាករ​អន្តរជាតិ​បារាំង​រូប​នេះ​និយាយ​ថា រូបគេ​នឹង​បន្ថែម​មូលនិធិ​ទ្វេ​ដង​ប្រសិនបើ​គោលដៅ​ក្នុង​កម្មវិធី​របស់​គេ​អាច​រៃ​អង្គាសប្រាក់​បាន ២៧.០០០​ផោន​។

Pogba បាន​សរសេរ​ថា «​ផល​ប៉ះពាល់​នៃ​ការ​ផ្ទុះ​ទ្រង់ទ្រាយ​ធំ​នៃ​រី​រុស​នេះ ជា​ពិសេស​លើ​កុមារ​ក្រីក្រ និង​ងាយ​រង​គ្រោះ​អាច​មាន​ទំហំ​ធំធេង​» ។

«​វា​ជា​ថ្ងៃ​ខួបកំណើត​របស់ខ្ញុំ ហើយ​ខ្ញុំ​តែងតែមាន​អំណរ​គុណ​ដែល​ខ្ញុំ គ្រួសារ​និង​មិត្តភក្តិ​មាន​សុខភាព​ល្អ​។ ទោះជា​យ៉ាងណា​ក៏​ដោយ មិនមែន​គ្រប់​គ្នា​សុទ្ធតែ​មាន​សុខភាព​ល្អ​ទេ​ឥឡូវនេះ​។ ខណៈ​ដូច​ពេល​នេះ យើង​ត្រូវ​តែ​រួបរួម​គ្នា​» កីឡាករ​រូប​នេះ​បាន​បន្ថែម​។

ថវិកា​ទាំងនេះ​នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​ផ្តល់​ស្រោមដៃ ម៉ាស់​ការពារ និង​វ៉ែនតា​ការពារ​សម្រាប់​បុគ្គលិក​សុខាភិបាល​។

នេះ​មិនមែន​ជា​លើក​ទី​១​ទេ សម្រាប់​កីឡាករ​រូប​នេះ ជាក់ស្តែង​កាលពី​ថ្ងៃ​ខួបកំណើត​២៦​ឆ្នាំ​របស់​គេ Pogba ក៏​បាន​រៃ​អង្គាសប្រាក់​បាន​ចំនួន ៧.៣៦០​ផោន​សម្រាប់​អង្គការ​ទឹក​ស្អាត​ផង​ដែរ​។

សូម​បញ្ជាក់​ថា​កីឡាករ Paul Pogba បច្ចុប្បន្ន​កំពុង​តែ​សម្រាក​ពន្យា​របាល​របួស​កជើង ស្រប​ពេល​ដែល​លី​គ​កំពូល​អង់គ្លេស Premier League ត្រូវ​បាន​ផ្អាក​រហូត​ដល់​ថ្ងៃ​ទី​៤ ខែមេសា ដោយសារ​តែ​រង​ផល​ប៉ះពាល់​នៃ​វីរុស Covid-19 ៕ (ដកស្រង់​ចេញ​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ