ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​នៅ​កម្ពុជា​ធ្លាក់​ចុះ​ប្រមាណ​ជាង​៣០​ភាគរយនៅ​ដើមឆ្នាំ​២០២០


រាជធានី​ភ្នំពេញ ៖ ដើមឆ្នាំ ២០២០ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​រហូត​ដល់​៣០,៧​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៩ ។ ការ​ធ្លាក់​ចុះ​នេះ គឺ​ត្រូវ​បាន​គ្រប់​គ្នា​ដឹង​ហើយ​ថា​មក​ពី​ជំងឺ​កូ​វី​ដ​១៩ ហើយ​ការ​ធ្លាក់​ចុះ​ភ្ញៀវ​នេះ​ដែរ មិនមែន​មាន​តែ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ គឺ​ស្ទើរតែ​គ្រប់​ប្រទេស​នៅ​លើ​ពិភពលោក​ដែល​បាន​នឹង​កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​តែ​ជំងឺ​រលាក​សួត​ថ្មី​បង្ក​ឡើង​ដោយ​វីរុស​កូ​វី​ដ​-១៩ ដែល​បង្កើត​អោយ​មាន​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ផង​ដែរ ។

យោង​តាម​ប្រសាសន៍​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ថ្លែង​ក្នុង​ពិធីបុណ្យ​ទន្លេ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៤ ខែមីនា ២០២០​នៅ​ខេត្តបាត់ដំបង​ថា នៅ​ដើមឆ្នាំ​២០២០​នេះ ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​កម្ពុជា​បាន​ធ្លាក់​ចុះ​ប្រមាណ​ជា ៣០.៧% ក្នុង​នោះ​ទេសចរ​ចិន​បាន​ធ្លាក់​ចុះ​ក្នុង​រង្វង់​៤០% ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ ២០១៩ ។ តាម​ទិន្នន័យ​នេះ បើ​ប្រៀបធៀប​ជាមួយ​គោលដៅ​ទេសចរណ៍​ក្នុង​តំបន់​ប្រទេស​ជិតខាង​កម្ពុជា​អត្រា​នៃ​ការ​ធ្លាក់​ចុះ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​កម្ពុជា​គឺ​មាន​កំរិត​ស្រាល​នៅឡើយ​។

​ក្នុង​កាលៈទេសៈ ដែល​កម្ពុជា​កំពុង​ទទួល​រង​នូវ​វិបត្តិ​ទេសចរណ៍​ដែល​កើតឡើង​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​នេះ​រដ្ឋាភិបាល​ក៏​បាន​ដាក់​ចេញ​នូវ​គោលការណ៍​មួយ​ចំនួន ដូច​ជា​មិន​យកពន្ធ​លើ​ផ្ទះសំណាក់​និង​សណ្ឋាគារ​នៅ​ក្នុង​ខេត្តសៀមរាប ដោយសារ​តែ​ខេត្ត​នេះ បាន​រង​ផល​ប៉ះពាល់​ច្រើន​ជាងគេ បើ​ធៀប​នឹង​តំបន់​ទេសចរណ៍​នានា​ក្នុង​ប្រទេស​កម្ពុជា​។

លោក​តុ​ប សុ​ភ័ក រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​មាន​ប្រសាសន៍​ថា ក្នុង​កាលៈទេសៈ​នេះ ក្រសួងទេសចរណ៍​មិន​ព្រងើយកន្តើយ​នោះ​ទេ គឺ​ក្រសួង​បាន​ត្រៀម​រៀបចំ​នូវ​សកម្មភាព​មួយ​ចំនួន​នៅ​ក្នុង​ខេត្តសៀមរាប ធ្វើ​យ៉ាងណា​អោយ​អាជីវកម្ម​ទាំងអស់​នៅ​ក្នុង​ខេត្តសៀមរាប​ធានា​បាន​នូវ​ចំនូល​បាន​ខ្លះ​សម្រាប់​ផ្គត់ផ្គង់​ថ្លៃ បុគ្គលិក​មួយ​ផ្នែក និង​ថ្លៃ​ទឹក ភ្លើង​មួយ​ផ្នែក​ខ្លះ ដើម្បី​កុំអោយ​បាត់​ដំណើរការ​ទេសចរណ៍ ។ ក្រៅពី​នោះ​ក្រសួងទេសចរណ៍​ក៏​បាន​រៀបចំ​នូវ​កម្មវិធី​សិក្ខាសាលា​និង​ព្រឹត្តិការណ៍​នានា ដោយ​បាន​ដាក់​ផែនការ​រួចរាល់​ហើយ ដើម្បី​រៀបចំ​នៅ​ក្នុង​ទឹកដី​ខេត្តសៀមរាប ប៉ុន្តែ​ជា​ចៃដន្យ​កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ​១៩​លើ​បុរស​ជនជាតិ​ខ្មែរ​មួយ​រូប​នៅ​ក្នុង​ខេត្តសៀមរាប ហើយ​រដ្ឋាភិបាល​ក៏​បាន​ប្រកាស​បិទ​សាលារៀន​នៅ​ក្រុង​សៀមរាប ដូច្នេះ​ហើយ​កម្មវិធី​មួយ​ចំនួន ដែល​ត្រូវធ្វើ​នៅ​អំឡុង​ខែមីនា ក្នុង​ខេត្តសៀមរាប ក៏​ត្រូវ​ផ្អាក​ដំណើរការ​សិន​និង​រង់ចាំ​មើល​ស្ថានភាព​និង​រង់ចាំ​គោលការណ៍​ណែនាំ​ពី​រាជរដ្ឋាភិបាល​ជា​ថ្មី ។ ក្រៅពី​នោះ ព្រឹត្តិការណ៍​សំខាន់​ៗ​ដូច​ជា​អង្គ​រស​ង្ក្រា​ន នៅ​ខេត្តសៀមរាប​ក៏​ត្រូវ​បាន​រាជរដ្ឋាភិបាល​ប្រកាស​បិទ​ដែរ ។

​លោក​បាន​បន្ត​ថា ចាប់ពី​ខែមីនា ដល់​ដំណាច់ឆ្នាំ ២០២០ ក្រសួងទេសចរណ៍​បាន​រៀបចំ ផែនការ​រួច​ហើយ​សម្រាប់​ព្រឹត្តិការណ៍​នានា នៅ​ក្នុង​ខេត្តសៀមរាប បូក​ទាំង​សិក្ខាសាលា​នានា​ផង​ដែរ ហើយ​ក្រសួង​នៅ​តែ ត្រៀមខ្លួន​ជា​និច្ច ដោយ​រង់ចាំ​មើល​ស្ថានភាព​ធូរស្រាល​ពេល​ណា នឹង​ចាប់ផ្ដើម​ដំណើរការ​ពេល​នោះ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ មក​កាន់​សៀមរាប​ឡើង​វិញ ក៏​ប៉ុន្តែ​ក្នុង​ស្ថានភាព​បែប​នេះ​ក្រសួង​ក៏​មិន​អាច​រៀបចំ​បាន​ឡើយ ។

យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​បាន​បង្ហាញ​ថា ក្នុង​ឆ្នាំ ២០១៩ កន្លង​ទៅ​នេះ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ចំនួន ៦,៦១​លាន​នាក់​កើនឡើង ៦,៦​ភាគរយ ធៀប​នឹង​ឆ្នាំ ២០១៨ ដែល​រក​ចំនូល​ជាតិ​ចូល​បាន​ប្រមាណ ៤.៩១៩​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​១២,៤​ភាគរយ ធៀប​នឹង​ឆ្នាំ ២០១៨ ផ្ដល់​ការងារ​ប្រមាណ​៦៣​ម៉ឺន​នាក់ ដោយ​បាន​រួមចំណែក​ក្នុង​ផលិត​ក្នុងស្រុក​សរុប​ប្រមាណ ១២,១​ភាគរយ ៕

ទេសចរណ៍

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ