រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ស្ត្រីម្នាក់ជាអ្នកលក់ដូរតាមប្រព័ន្ធ Facebook បានជឿទុកចិត្តស្ត្រីម្នាក់ទៀតជាអ្នកលក់ម៉ាស ដោយធានាអះអាងថា ៣ថ្ងៃនឹងប្រគល់ម៉ាសឱ្យ តែបែរជាក្បត់ពាក្យសន្យាធ្វើឱ្យជនរងគ្រោះខាតអស់ 14000$ ក្រោយមកជនសង្ស័យក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង7យប់ ថ្ងៃទី15 ខែមីនា ឆ្នាំ2020 តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ នៅចំណុចព្រះគន្លង សង្កាត់ផ្សារកណ្តាល1 ខណ្ឌដូនពេញ ។
តាមប្រភពពីជនរងគ្រោះមានឈ្មោះចាន់ ហេង ភេទស្រី អាយុ31ឆ្នាំ មុខរបរលក់តាមអនឡាយ បានឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់ (ជនរងគ្រោះ) បានជឿ និងទុកចិត្តទៅលើស្ត្រីឆបោកម្នាក់មានឈ្មោះថាច ធីហាំង ភេទស្រី អាយុ23ឆ្នាំ ស្នាក់នៅភូមិវត្តលៀប ឃុំចំការសំរោង ខេត្តបាត់ដំបង ជាអ្នករកស៊ីលក់ម៉ាសតាម Facebook ។
ជនរងគ្រោះបន្តថា ពេលនោះរូបគាត់ឃើញថា ម៉ាសមួយប្រអប់តម្លៃ 4$ ទើបរូបគាត់ហ៊ានកំម៉ុងទិញពីស្ត្រីឆបោកនោះរហូតទៅដល់800ប្រអប់ រួចហើយកក់លុយក្នុងតម្លៃ 1600$ ហើយស្ត្រីឆបោកនោះបានសន្យាថា រយៈពេល3ថ្ងៃនឹងដឹកយកម៉ាសឱ្យ ។ ដោយការសន្យារបស់ស្ត្រីឆបោកថា៣ថ្ងៃនឹងដឹកម៉ាសយកមកឱ្យដូច្នេះ ស្ត្រីរងគ្រោះក៏បានលក់ម៉ាសទាំង៨០០ប្រអប់ដែលខ្លួនកំម៉ុងពីស្ត្រីឆបោកនោះទៅឱ្យអតិថិជនរបស់ខ្លួនបន្តទៀត។
ជនរងគ្រោះបន្តថា ប៉ុន្តែរហូតដល់ថ្ងៃកំណត់ស្ត្រីឆបោកខាងលើនេះ កុហក់ថាខ្លួននឹងដឹកយកម៉ាសឱ្យ ប៉ុន្តែជនរងគ្រោះរង់ចាំរហូតអស់រយៈពេលជិត១ខែហើយ នៅតែមិនឃើញម៉ាសយកមកទៀត ទើបស្ត្រីរងគ្រោះកំម៉ុងពីម៉ាសពីអ្នកផ្សេងម្នាក់ទៀតក្នុងតម្លៃ 18$ ក្នុងមួយប្រអប់ ដើម្បីយកម៉ាសនោះទៅឱ្យអតិថិជនរបស់ខ្លួនដែលកំម៉ុងពីស្ត្រីរងគ្រោះ កុំឱ្យអតិថិជនខកចិត្ត។
ជនរងគ្រោះបន្តទៀតថា លុះលើកទី២ ស្ត្រីឆបោកនោះក៏កុហកទៀតថា ម៉ាសនោះមិនទាន់បានយកមកដល់ឱ្យជនរងគ្រោះទេ រង់ចាំបន្តិច ។ ប៉ុន្តែភ្លាមៗនោះដែរ នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះក៏ប្រទះឃើញជនសង្ស័យនៅតាមផ្លូវ ដោយជនសង្ស័យបានបោកលុយជនរងគ្រោះតាមរយៈការលក់ម៉ាស ពេលនោះជនរងគ្រោះក៏ធ្វើការឃាត់ជនសង្ស័យយកទៅឱ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកល្អក់៣ ដើម្បីសួរនាំ ប៉ុន្តែត្រូវមេធាវីស្រីរបស់ជនសង្ស័យ មកដល់ឡូឡា និងឈ្លោះប្រកែកជាមួយនឹងសមត្ថកិច្ច ដោយហាមឃាត់សមត្ថកិច្ចមិនឱ្យឃាត់កូនក្តីរបស់គាត់ថែមទៀត ។
ចំណែកស្ត្រីរងគ្រោះបើសរុបទៅ ទាំងការកំម៉ុងកក់លុយឱ្យស្ត្រីឆបោក រួចលក់ឱ្យអតិថិជនរបស់ខ្លួន ហើយស្ត្រីនោះមិនបានយកម៉ាសឱ្យជនរងគ្រោះ ធ្វើឱ្យជនរងគ្រោះត្រូវកំម៉ុងម៉ាសពីអ្នកផ្សេងទៀតដើម្បីយកឱ្យអតិថិជនរបស់ខ្លួននោះ ព្រមទាំងការដឹកជញ្ជូនទៀត គឺស្ត្រីរងគ្រោះខាតបង់លុយសរុបទាំងអស់14000$ ។
ក្រោយពេលកើតហេតុខាងលើនេះ ជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការ និងដោះស្រាយគ្នាជាបន្តទៅទៀត ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ