ក្រោយ​ពលរដ្ឋ​ដាក់​ពាក្យបណ្តឹង ចាប់​បាន​​ក្រុម​ចោរ​មួយ​សម្បុក​ធំ


ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កម្លាំង​នគរបាល​ស្រុក​សំរោង​ទង បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​ពី​ពលរដ្ឋ​រង​គ្រោះ​ដោយ​អំពើ​ស្ទាក់​កាប់​ប្លន់​ពី​ជនសង្ស័យ​មួយ​ក្រុម​។ ដោយ​បានការ​ណែនាំ​ចង្អុលបង្ហាញ​ពី​លោកស្នងការ​នគរបាល​ខេត្ត កម្លាំង​ជំនាញ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​១​ក្រុម​មាន​គ្នា​៩​នាក់ យក​មក​សាក​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី​។ ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​ម៉ោង​៣​និង​៣០​នាទី នា​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​បេង និង​ភូមិ​អង្គរ​ជា ឃុំ​ព្នាយ ស្រុក​សំរោង​ទង​។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ ១-​ឈ្មោះ ខុន រស្មី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ២-​ឈ្មោះ ម៉ក់ ណា​ឃី​ម ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ៣-​ឈ្មោះ ខុ​ម សុ​ផុ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ៤-​ឈ្មោះ ខា ម៉ា​នុ​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ ៥-​ឈ្មោះ ចក់ គឹ​ម​ហួរ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ៦-​ឈ្មោះ នឿ​ម រតនា ហៅ​ទិ អាយុ​១៩​ឆ្នាំ ៧-​ឈ្មោះ ផល តារា ហៅ​ឃ្លោក ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ៨-​ឈ្មោះ ឡុ​ង ពិសិដ្ឋ ហៅ​ករុណា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង​៩-​ឈ្មោះ​កែវ រិ​ទ្ធី​សាក់ ហៅ​សាក់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ក្រុម​ជនសង្ស័យ​នេះ​មាន​ទីលំនៅ​ភូមិ​បេង និង​ភូមិ​អង្គរ​ជា ឃុំ​ព្នាយ ស្រុក​សំរោង​ទង មុខរប មិន​ពិតប្រាកដ​។

ប្រភព​ដដែល​បានឱ្យ​ដឹង​ថា ប្រតិបត្តិការ​ខាងលើ​នេះ​ធ្វើ​ឡើង​ដោយ​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ឃុ​ត សុផល អធិការ​នគរបាល​ស្រុក កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ព្នាយ​។

ក្រោយ​ការ​ឃាត់ខ្លួន​បាន ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​៩​នាក់ បាន​ឆ្លើយ​ថា កាលពី​ថ្ងៃ​ទី​១១ ខែមីនា ក្រុម​ខ្លួន​បាន​រៀបចំ​ផែនការ​ដោយ​ឱ្យ​បក្សពួក​ខ្លួន​ជិះ​ម៉ូតូ​តាម​ពីក្រោយ​ជន​រង​គ្រោះ និង​មាន​កាន់​ដាវ កាំបិត​ផ្គាក់ ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ឃើញ​មានការ​ភ័យ​ខ្លាច រួច​ទាញ​ដាវ​ដេញ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​តែ​ម្ដង ។ ជាក់ស្ដែង​ក្រុម​គេ​បាន​ដេញ​កាប់​ឈ្មោះ សេង រ​ដ្ឋា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង​ឈ្មោះ សេង ង៉ែត ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ជាមួយ​គ្នា ខណៈ​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង ពណ៌​សលាយ​ខៀវ ពាក់​ផ្លា​ក​លេខ​កំពង់ស្ពឺ 1Q.7064 ។

បើ​តាម​ជន​រង​គ្រោះ​ដែល​រង​នូវ​ការ​ស្ទាក់​កាប់​ប្លន់​នេះ បាន​រៀបរាប់​ថា កាលពី​ថ្ងៃ​កើតហេតុ​ខាងលើ អំឡុង​ពេល​គេ​ចេញពី​ធ្វើ​ម្ហូប​ការ​នៅ​ហាង ម្ដុំ​ផ្សារ​កំពង់ស្ពឺ ខណៈ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​មុខ​ផ្ទះ​របស់​ឈ្មោះ ហឿ​ន រី ផ្លូវ​លេខ​១៤៤០ ភូមិ​បេង ឃុំ​ព្នាយ ស្រុក​សំរោង​ទង ក៏​ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ​តាម​ពីក្រោយ​ទាញ​ដាវ​កាប់​មក​លើ​ខ្លួន និង​ធាក់​ម៉ូតូ​ផ្ដួល ហើយ​ដណ្តើម​យក​ម៉ូតូ​តែ​ម្ដង​។

បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា ក្នុង​កិច្ច​ប្រតិបត្ដិការ​ខាងលើ​នេះ សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​ម៉ូតូ​ចំនួន​៤​គ្រឿង​, ដាវ​ចំនួន​២​ដើម និង​កាំបិត​ផ្គាក់​ចំនួន ៣ ។

ក្រោយ​ការ​សាកសួរ​ជនសង្ស័យ និង​បក្សពួក​បាន​ឆ្លើយ​សារភាព​ថា ក្រុម​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ និង​ដេញ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន លើស​ពី​នោះ​គឺ​បាន​ធ្វើការ​ពិនិត្យ​ស្វែងរក​សារធាតុ​ញៀន ហើយ​ក្នុង​ចំណោម​បក្សពួក​៩​នាក់​នោះ មាន​លទ្ធផល​វិជ្ជមាន គឺ​មាន​៥​នាក់ ដែល​បាន​ធ្វើ​តេស​រក​ឃើញ​មាន​សារធាតុ​ញៀន ។

បច្ចុប្បន្ន​ក្រោយ​ការ​សាកសួរ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ក្រុម​ជនសង្ស័យ​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ដកំពង់ស្ពឺ ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ដ​នៅ​សៀ​ល​ថ្ងៃ​ទី​១៥ ខែមីនា​នេះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ