រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ប្រែជា​ស្ងប់​ស្ងាត់ ក្រោយ​ពី​ផ្ទុះ​​​កូ​វី​ដ​-19 (​វី​ដេ​អូ​)


ខេត្តកំពង់ចាម ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ជា​តំបន់​ទេសច​រណ៍​កែ​ច្នៃ​មួយ​ស្ថិត​នៅ​ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម ។ បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​ពី​ជំងឺ​រលាក​ផ្លូវដង្ហើម Covid-19 បាន​ធ្វើ​ឲ្យ​តំបន់​នេះ មាន​សភាព​ស្ងប់ស្ងាត់​ដោយសារ​តែ​ប្រជាពលរដ្ឋ​ខ្លាចរអា ហើយ​ក្នុង​មួយ​ថ្ងៃ​ជូន​មាន​ម៉ូតូ​មិន​ដល់​១០​គ្រឿង​ផង ត្រូវ​បាន​គេ​ដាក់​ផ្ញើ​នៅ​ត្រើយ​ខាង​លិច​ក្រុង​កំពង់ចាម នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​ក្រុម​សន្តិសុខ​ដែល​យាម​ចាំ​យក​លុយ​នៅ​ក្បាល​ប្រ​ឌិ​ស​ត្រើយ ក្រុង​កំពង់ចាម​។

បើ​តាម​ស្ត្រី​មេម៉ាយ​វ័យ​ចំណាស់​អាយុ​៥៨​ឆ្នាំ ឈ្មោះ​ស៊ី​ម ពេជ្រ នៅ​ភូមិ​កោះ​ប៉ែន ឃុំ​កោះមិត្ត បាន​ប្រាប់​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែមីនា​នេះ​ថា ចាប់តាំងពី​ពេល​ដែល​គេ​បើក​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​រយៈពេល​២​ឆ្នាំ គឺ​គាត់​តែងតែ​ដើរ​ប្រមូល​ទិញ​ក្រូច​ផ្លុ​ង​ពី​តំបន់​លើ​កោះ​ប៉ែន ហើយ​យក​មក​លក់​នៅ​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ក្នុង​ក្រូច​មួយ​ផ្លែ​លក់​បាន​៤​ទៅ​៥​ពាន់​រៀល សម្រាប់​យក​ថវិកា​មក​ដោះស្រាយ​ជីវភាព​គ្រួសារ​ចិញ្ចឹម​កូនប្រុស​មាន​ជំងឺសរសៃប្រសាទ​ម្នាក់ ដែល​រង​គ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​។

ស្ត្រី​ចំណាស់​ខាងលើ​បាន​រៀបរាប់​ទាំង​ទឹកមុខ​ស្រងូតស្រងាត់​ក្រោម​កំ​ដៅ​ថ្ងៃ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ចាប់តាំងពី​ពេល​ដែល​មានការ​ភ្ញាក់ផ្អើល​រឿង​នាវា​ដឹក​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​មក​ចូល​ចត​នៅ​ក្រុង​កំពង់ចាម ក្នុង​នោះ​ត្រូវ​បាន​កម្លាំង​ជំនាញ​សុខាភិបាល​រក​ឃើញ​មាន​ផ្ទុក​វីរុស Covid-19 បាន​ធ្វើ​ឲ្យ​ភ្ញៀវ​ដែល​មក​កម្សាន្ត​លេង​នៅ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន មាន​សភាព​ស្ងប់ស្ងាត់​ជាង​ពេល​ណា​ៗ​ទាំងអស់ ។ រយៈពេល​១​ស​ប្តា​ហ៍​ដែល​មិន​មាន​ភ្ញៀវ​មក​លេង​នេះ គឺ​រូប​គាត់​មិន​បាន​យក​ផ្លែក្រូច​មក​លក់​ទេ ទើបតែ​នៅ​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១៤ ខែមីនា​នេះ គាត់​បាន​យក​ក្រូចថ្លុង​មក​លក់ តាំងពី​ព្រឹក​រហូត​ដល់​ម៉ោងជាង​២​រសៀល​លក់​បាន​លុយ​ចំនួន​៨.០០០​រៀល​ប៉ុណ្ណោះ ក្នុង​នោះ​មាន​ភ្ញៀវ​បរទេស​២​នាក់​បាន​មក​ទិញ​ក្រូច​១​ផ្លែ​តម្លៃ ៤.០០០​រៀល​។

ស្ត្រី​ខាងលើ​បាន​និយាយ​បណ្ដើរ មានទឹក​មុខស្រងូត​ស្រងាត់​រកកលនឹង​បង្ហូរទឹកភ្នែក​ពី​ផលវិបាក​ក្នុង​ក្រុម​គ្រួសារ​របស​គាត់​។ ដោយ​រស់នៅ​ជា​ស្ត្រី​មេម៉ាយ ក្រោយ​ពី​បាន​លែងលះ​ប្ដី​ប្រមាណ​២០​ឆ្នាំ និង​បាន​បន្សល់​ទុក​កូនប្រុស​ម្នាក់​ឲ្យ​គាត់​ចិញ្ចឹម​រហូត​មក​ដល់​សព្វថ្ងៃ​។ ចៃដន្យ​មាន​ពេល​មួយ​នោះ​កូនប្រុស​របស់​គាត់​បាន​ជិះ​ម៉ូតូ​ជួបនឹង​គ្រោះថ្នាក់​ចរាចរណ៍ ដួល​បោក​ត្រូវ​ក្បាល​ផ្នែក​ខាង​ក្រោយ បណ្ដាល​ឱ្យទៅ​ជា​កើតរោគ​សរសៃប្រសាទ ហើយ​កូន​ចេះ​តែ​ទារ​លុយ​ចាយ​ពី​គាត់​រហូត​។

បើ​តាម​ម្ចាស់​អាហារ​ដ្ឋា​ន​នៅ​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​វិញ បាន​រៀបរាប់​ឲ្យ​ដឹង​ថា មុន​ហេតុ​ការណ៍​ភ្ញាក់ផ្អើល​ពី​ជំងឺ Covid-19 នៅ​កន្លែង​របស់​លោក​មានការ​លក់ដូរ​ដាច់​គ្រាន់បើ ដោយ​ក្នុង​១​ថ្ងៃជា​មធ្យម​បាន​១០​គ្រែ​ទៅ​២០​គ្រែ តែ​ចាប់តាំងពី​ពេល​ដែល​មានការ​ភ្ញាក់ផ្អើល​ផ្ទុះ​ជំងឺ​ខាងលើ ធ្វើ​ឲ្យ​ភ្ញៀវ​ដែល​មក​លេង​នៅ​កន្លែង​របស់​លោក មានការ​ថមថយ​ចុះ​ប្រមាណ​២០​ទៅ​៣០​ភាគរយ​។

ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​១៤ ខែមីនា​នេះ ចាប់តាំងពី​ព្រឹក​រហូត​មក​ដល់​រសៀល ភ្ញៀវ​មក​ចូល​លេង​ស្រស់ស្រូប​អាហារ​បាន​១០​គ្រែ ហើយ​បើ​រហូត​ដល់​ពេល​ល្ងាច​អាកាសធាតុ​ត្រជាក់​ភ្ញៀវ​កាន់តែ​មក​លេង​ច្រើន​បន្ថែម​ទៀត​។

បើ​តាម​លោក​ប៊ុ​ន ដា​រា ម្ចាស់​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមីនា​ថា មុន​ពេល​ដែល​មានការ​ភ្ញាក់ផ្អើល​ផ្ទុះ​ជំងឺ​ខាងលើ ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​មនុស្ស​មក​លេង​ជាង ១០០​នាក់ ហើយ​បើ​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍​សៅរ៍ និង​អាទិត្យ ក្នុង​មួយ​ថ្ងៃ​មាន​២០០​ទៅ​៣០០​នាក់​។ តែ​ក្រោយ​ពេល​ផ្ទុះ​ជំងឺ Covid-19 នៅ​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ភ្ញៀវ​ដែល​មក​លេង​មានការ​ធ្លាក់​ចុះ ដោយ​ក្នុង​មួយ​ថ្ងៃជា​មធ្យម​បាន​ប្រហែល​៨០​នាក់ ដោយ​មាន​ភាព​ស្ងប់​ស្ងាត់​រយៈពេល​ប្រហែល​មួ​យស​ប្តា​ហ៍​។ ហើយ​ណាមួយ​ក្នុង​ខែ​នេះ​អាកាសធាតុ​ក្តៅ​ក៏​ជា​បញ្ហា​ធ្វើ​ឲ្យ​មនុស្ស​មិនសូវ​មក​លេង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ