ខេត្តព្រះសីងហនុ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មន្ត្រីមូលដ្ឋានឃុំវាលរេញស្រុកព្រៃនប់ខេត្តព្រះសីហនុ បានគោរពស្នើសុំអោយថ្នាក់ដឹកនាំស្រុក ខេត្ត និងក្រសួងពាក់ពន្ធ័ជួយដោះស្រាយបញ្ហាខ្វះទឹកប្រើប្រាស់នៅទីប្រជុំជនវាលរេញ និងភូមិដ្ឋានប្រជាពលរដ្ឋ ក្រោយពីការផ្គត់ផ្គង់ទឹកស្អាតពីវិសយ័ឯកជនបានដាច់ទាំងស្រុង ហើយគិតមកត្រឹមថ្ងៃ១៤ មីនានេះ ។
បើតាមមន្ត្រីឃុំដដែលប្រាប់បណ្តាញផ្សព្វផ្សាយថា បច្ចុប្បន្នពលរដ្ឋបានទិញទឹកដែលដឹកលក់តាមរថយន្ត ឬរ៉ឺម៉កផ្គត់ផ្គង់តាមផ្ទះជាបណ្តោះអាសន្ន និងថា ការទិញទឹកដែលគេដឹកលក់តាមផ្ទះនេះក៏កំពុងចោទជាបញ្ហាដែរ ដោយសារតម្រូវការរបស់ពលរដ្ឋមានច្រើន ចំណែករថយន្ត ឬរ៉ឺម៉កដឹកទឹកលក់មិនមានច្រើនប៉ុន្មានទេ ។
ជុំវិញបញ្ហាកង្វះទឹកនារដូវប្រាំងក្នុងទីប្រជុំជនវាលរេញនេះ កន្លងមកលោកសរ កក្កដា អភិបាលស្រុកព្រៃនប់ ធ្លាប់បានរកអន្តរាគមន៍ពីមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តព្រះសីហនុចុះពិនិត្យកន្លែងផលិតទឹករបស់វិសយ័ឯកជនដែលទទួលផ្គត់ផ្គង់ទឹកក្នុងទីប្រជុំជនវាលរេញ និងតំបន់ក្បែរគ្នា ក្រោយពីការផ្គត់ផ្គង់ទឹកមានការរអាក់រអួលមិនគ្រប់គ្រាន់ កាលពីដើមសប្តាហ៍កន្លងទៅ ដើម្បីរួមគ្នាដោះស្រាយ ។
បញ្ហាប្រឈមមួយនេះ ពលរដ្ឋនៅតំបន់នោះលើកឡើងថា ប្រសិនមិនមានភ្លៀងកក់ខែខ្លះទេបញ្ហាកង្វះទឹកប្រើប្រាស់អាចកាន់តែលំបាក ស្របពេលដែលអាកាសធាតុកំពុងឡើងកម្តៅផង ៕
ចែករំលែកព័តមាននេះ