ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ដែល​រិះគន់​គ្រូពេទ្យ​រឿង​នាំ​ប្តី​អូស្ដ្រាលី​ទៅ​ពិនិត្យ​រក COVID-19 លទ្ធផល​គឺ​អវិជ្ជមាន(វីដេអូ)

4 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ក្រោយ​ពេល​ស្ត្រី​ម្នាក់ ចេញ​វី​ដេ​អូ​រិះគន់ យ៉ាងចាស់ដៃ លើក្រុម​គ្រូពេទ្យ​នៅ​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង រឿង​ធ្វើការ​ពិនិត្យ មិន​គ្រប់​លក្ខខណ្ឌ លើប្តី​របស់​គាត់​​ជា​ជនជាតិ​អូស្ត្រាលី សង្ស័យ​ឆ្លង​វីរុស​កូ​វី​ដ​-១៩…

ខេត្តបាត់ដំបង ៖ ក្រោយ​ពេល​ស្ត្រី​ម្នាក់ ចេញ​វី​ដេ​អូ​រិះគន់ យ៉ាងចាស់ដៃ លើក្រុម​គ្រូពេទ្យ​នៅ​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង រឿង​ធ្វើការ​ពិនិត្យ មិន​គ្រប់​លក្ខខណ្ឌ លើប្តី​របស់​គាត់​​ជា​ជនជាតិ​អូស្ត្រាលី សង្ស័យ​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ​នោះ ខាង​ប្រធាន​មន្ទីរ​បង្អែក ក៏បាន​ចាត់​ឲ្យ​មន្ត្រី​ចុះ​ទៅ​ដល់​ផ្ទះ​ស្ត្រី​នោះ ដើម្បី​យក​សំណាក​ស្វាមី​ស្ត្រី​នោះ​ទៅ​ពិនិត្យ នៅ​ប៉ាស្ទ័រកម្ពុជា ជា​លទ្ធផល​នៅរសៀល​ថ្ងៃនេះ បង្ហាញ​ថា អវិជ្ជមាន ចំពោះ​វីរុស កូ​វី​ដ​-១៩ ។

យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង បាន​បង្ហោះ​សារ​ថា សូម​ជម្រាប​ជូន​សាធារណៈ ជន​មេត្តា​ជ្រាប​ថា ករណី​ស្ត្រី​មាន គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Alena Alena ដែល​បាន​សុំ​ធ្វើតេស្ត COVID-19 ជូន​ប្តី​របស់​គាត់ ជា​ជនជាតិ​អូស្ត្រាលី ហើយ​គ្រូពេទ្យ​មិន​បាន​ធ្វើ​ដោយ​មិន​គ្រប់​លក្ខខណ្ឌ ក្នុង​ការ​យក​សំណាក​នោះ បន្ទាប់​មក​នៅ​ម៉ោង​ជិត​៧​យប់​ថ្ងៃ​ទី​១១ មីនា ២០២០ ថ្នាក់ដឹកនាំ​មន្ទីរ និង​ក្រុម​ឆ្លើយ​តប​បន្ទាន់​នៃ​មន្ទីរ បាន​ចុះ​ទៅ​ដល់​ផ្ទះ និង​បាន​អនុញ្ញាត​ឲ្យ​យក​សំណាក តាម​ការ​ស្នើ​សុំ​ម្តងទៀត ហើយ​ពេល​នេះ យើង​ទទួល​បាន​ចម្លើយ​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺ​លទ្ធផល អវិជ្ជមាន គឺ​គ្មាន​មេរោគ COVID-19 នោះ​ទេ ។ គួរ​ស្តាប់​ការ​ពន្យល់​ណែនាំ​របស់​គ្រូពេទ្យ​ឱ្យ​បាន​ច្រើន ។

មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង បន្ត​អោយ​ដឹង​ថា តាង​នាម​ថ្នាក់ដឹកនាំ​មន្ទីរ​សុខាភិបាល​ខេត្ត និង​មន្ត្រី​សុខាភិបាល​ទាំងអស់ សូម​ចូលរួម​អបអរ នូវ​លទ្ធផល​ដ៍​គាប់ប្រសើរ​នេះ និង​សូម​អំពាវនាវ​ដល់​សាធារណជន ទាំងអស់​មេត្តា​បន្ត​អនុវត្ត​វិធានការ​ការពារ​ជំងឺ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​បញ្ជៀ​សបាន​នូវ​ជំងឺឆ្លង​នានា ។ សូម​សុខ​ចម្រើន និង​ពរ​សព្វ​សាធុការ ជូន​ដល់​ជនរួមជាតិ ប្រកប​បាន​នូវ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ​កុំបី​ឃ្លៀងឃ្លាត​ឡើយ ។

សូម​ជម្រាប​ថា ការ​ប្រកាស​របស់មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង​បែប​នេះ បន្ទាប់​ពី​ស្ត្រី​ម្នាក់​បាន​ឡាយ​តាម​គណនី​ហ្វេ​ស​បុក​ឈ្មោះ Alena Alena កាលពី​ល្ងាច​ថ្ងៃ​ទី​១០ ខែមីនា ដោយ​ចោទ​ថា ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តបាត់ដំបង មានការ​ភ័យ​ខ្លាច និង​រើសអើង មិន​ទទួល​ពិនិត្យ​លើ​អ្នកជំងឺ ដែល​មាន​អាការ​សង្ស័យ​ថា មាន​ផ្ទុក​កូ​វី​ដ​-១៩ ។

នៅ​ក្នុង​វី​ដេ​អូ​ឡាយ​ជាង​១​ម៉ោង ស្ត្រី​រូប​នោះ​បាន​រៀបរាប់​ថា ក្រោយ​ត្រឡប់​ពី​ដើរ​លេង​នៅ​ប្រទេស​ថៃ ស្វាមី​របស់​គាត់​ជា​ជនជាតិ​អូ​ស្រា្ត​លី បាន​គ្រុនផ្តាសាយ​ធ្ងន់ធ្ងរ ដោយ​មាន​អាការ​ក្តៅ​ខ្លាំង ក្អក ហៀរ​សំបោរ និង​ហត់​ពិបាក​ដកដង្ហើម​រយៈពេល​១​ស​ប្តា​ហ៍​ហើយ​។

ស្ត្រី​រូប​នេះ​បន្ត​ថា ដោយ​សង្ស័យ​ខ្លាច​ស្វាមី​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​នោះ នៅ​ថ្ងៃ​ទី​៩ ខែមីនា អ្នកស្រី​ក៏​បាន​នាំ​ស្វាមី​ទៅ​ពិនិត្យ​សុខភាព​នៅ​ពេទ្យ​ឯកជន ប៉ុន្តែ ខាង​ពេទ្យ​ឯកជន​ប្រាប់​ថា ពុំ​មាន​ឧបករណ៍​គ្រប់គ្រាន់ ហើយ​ប្រាប់​ឱ្យ​អ្នកស្រី​នាំ​ស្វាមី​ទៅ​ពិនិត្យ​ពេទ្យ​រដ្ឋ​វិញ គឺ​មន្ទីរពេទ្យ​បង្អែក​ខេត្តបាត់ដំបង​។

អ្នកស្រី​បន្ថែម​ថា ពេល​ដែល​អ្នកស្រី​នាំ​ស្វាមី​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តបាត់ដំបង ហើយ​បាន​រៀបរាប់​ពី​ដំណើររឿង និង​អាការ​នៃ​ជំងឺ​ស្វាមី​អ្នកស្រី រួម​ទាំង​ស្នើ​សុំ​ឱ្យ​ពិនិត្យ​រក​មេរោគ​នោះ គឺ​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​មួយ​នេះ មិន​ហ៊ាន​ចូល​ជិត និង​មិន​ទទួល​ពិនិត្យ​ជំងឺ​ឱ្យ​ស្វាមី​អ្នកស្រី​ឡើយ​។

អ្នកស្រី​បន្ថែម​ថា​៖ «​ហើយ​គាត់ គ្រូពេទ្យ មិន​ទាន់​ដឹង​ថា ស្វាមី​ខ្ញុំ​កើត​ជំងឺ​ហ្នឹង​មែន​អត់​ផង ហើយ​គាត់​ភ័យ​ទុក​មុន​។ គាត់​អត់​មក​ជិត​។ គាត់​អត់​ហ៊ាន​ពិនិត្យ​ឱ្យ​។ ហើយ​គាត់​ដេញ​ឱ្យ​យើង​ទៅ​ដេក​ព្យាបាល​នៅផ្ទះ​។ ខ្ញុំ​ថា គាត់​ឈឺ​១​អាទិត្យ​ហើយ​។ គាត់​ថាឱ្យ​យើង​ដេក​មើល​នៅផ្ទះ​១​អាទិត្យ​ទៀត​ទៅ តាមដាន​ជំងឺ​ដោយ​ខ្លួនឯង​មួយ​អាទិត្យ​ទៀត​ទៅ​។ គាត់​មិន​ព្រម​ធ្វើតេស្ត​ឈាម​ឱ្យ​។ គាត់​មិន​វាស់​សុខភាព​។ គាត់​មិន​ហ៊ាន​ចូល​មក​វាស់​កម្តៅ​ឱ្យ​យើង​ទៀត​» ៕

សូម​ប្រិ​យ​មិត្ត​អញ្ជើញ​ទស្សនា​វី​ដេ​អូ​របស់​បងស្រី​រៀបរាប់ ដូច​ខាងក្រោម​៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ