រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់វគ្គសន្សំពិន្ទុឈានទៅដណ្ដើមជើងឯកខ្សែក្រវាត់គុនខ្មែររ៉េដអានក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាមនៅលើសង្វៀនស៊ីអិនស៊ីនាព្រឹកថ្ងៃអាទិត្យទី១៥ មីនាខាងមុខនេះឈានចូលដល់សប្ដាហ៍ទី៣ហើយប៉ុន្តែបេក្ខភាពគូប្រកួតដណ្ដើមខ្សែក្រវាត់ទើបតែចាប់ផ្ដើមសប្ដាហ៍ទី១ប៉ុណ្ណោះ។
សម្រាប់គូប្រកួតដណ្ដើមខ្សែក្រវាត់នៅក្នុង សប្ដាហ៍នេះមានកីឡាករ ឡុង សំណាង មកពីក្លិបសាលវ័ន្តកីឡា ត្រូវជួបជាមួយកីឡាករថៃ ស៊ិណាម៉ិ ខាក់រុដាំមួយថៃយីម និងកីឡាករ ឌុម កែវដា មកពីក្លិបមកុដរាជសីហ៍ ត្រូវជួបប្រកួតជាមួយកីឡាករថៃ ផេតឧដន វ៉.ស៊ុងនីន ។
សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុនេះទៀត ភាគីកីឡាករកម្ពុជាមាន៤រូបនិងភាគីកីឡាករថៃមាន៤រូបដោយក្នុងមួយសប្ដាហ៍ គណៈកម្មការរៀបចំការប្រកួតតម្រូវឱ្យប្រកួតចំនួន២គូ ។ សម្រាប់លក្ខន្តិកៈប្រកួត អ្នកឈ្នះទទួលបាន៣ពិន្ទុ អ្នកចាញ់ទទួលបាន១ពិន្ទុ អ្នកបោះការប្រកួតបាន០ពិន្ទុ ។ មានតែអ្នកដែលមានពិន្ទុច្រើនជាងគេប៉ុណ្ណោះទើបមានឱកាសឡើងទៅប្រកួតនៅវគ្គបន្តទៀតបាន ។ សម្រាប់ការប្រកួតបើកឆាកដំបូងនេះគេកំពុងតែរង់ចាំមើលថាតើកីឡាករកម្ពុជាទាំងពីររូបនេះអ្នកណាមានសំណាងដណ្ដើមបាន៣ពិន្ទុមុនគេក្នុង ពេលអ្នកទាំងពីរអះអាងថា ពួកគេបានត្រៀមខ្លួនរួចរាល់ក្នុងជំនួបជាមួយកីឡាករថៃលើកនេះ ។
ក្រៅពីគូប្រកួតដណ្ដើមខ្សែក្រវាត់ចំនួនពីរគូនេះ មានគូប្រកួតមិត្តភាពចំនួន៣គូទៀតដូចជាកីឡាករ សោម ពិសិដ្ឋ មកពីក្លិបអេភូថងគុនខ្មែរ ប្រកួតជាមួយកីឡាករ រ៉ែន រាជ មកពីក្លិបអង្គរមានជ័យខេត្តសៀមរាប។ កីឡាករ លីន សុផែន មកពីក្លិបបុរីរាជសីហ៍ ប្រកួតជាមួយកីឡាករ ឡុង សុវណ្ណ មកពីក្លិបសាលវ័ន្តកីឡា និងគូប្រកួតបើកឆាកកីឡាករ ហេង ក្លិបខ្មៅ មកពីក្លិបឃ្លាំងមឿងកីឡា ប្រកួតជាមួយកីឡាករ ខា សានុច មកពីក្លិបរ៉ាហាប់ស្វាយប៉ាក ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ