ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកាស​ពន្ធ​តាម​អន​ឡាញ​នឹង​ត្រូវ​ចាប់ផ្ដើម​ពី​ខែមិថុនា​ឆ្នាំ​នេះ​តទៅ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ដើម្បី​អនុវត្ត​តាម​យុទ្ធសាស្ត្រ​កៀងគរ​ចំណូល​ឆ្នាំ ២០១៩-២០២៣ ជា​ពិ សេស​ការ​ធ្វើ​ទំនើប​កម្ម​រដ្ឋបាល​សារពើពន្ធ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​រៀបចំ​នូវ ប្រព័ន្ធ​គ្រប់គ្រង​ការ​ដាក់​លិខិត​ប្រកាស​ពន្ធ​តាម​អន​ឡាញ ឬ​ហៅ​ថា E-Filling…

រាជធានី​ភ្នំពេញ​៖ ដើម្បី​អនុវត្ត​តាម​យុទ្ធសាស្ត្រ​កៀងគរ​ចំណូល​ឆ្នាំ ២០១៩-២០២៣ ជា​ពិ សេស​ការ​ធ្វើ​ទំនើប​កម្ម​រដ្ឋបាល​សារពើពន្ធ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​រៀបចំ​នូវ ប្រព័ន្ធ​គ្រប់គ្រង​ការ​ដាក់​លិខិត​ប្រកាស​ពន្ធ​តាម​អន​ឡាញ ឬ​ហៅ​ថា E-Filling និង​ទម្រង់ លិខិត ប្រកាស​ពន្ធ​ប្រចាំខែ​ថ្មី ដើម្បី​សម្រួល​ដល់​ការ​ដាក់​លិខិត​ប្រកាស និង​បង់ប្រាក់​ពន្ធ មាន​ប្រសិទ្ធភាព ។

យោង​តាម​ប្រសាសន៍​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ អគ្គនាយកដ្ឋាន​ពន្ធដារ​បានឱ្យ​ដឹង​ថា ការ​ដាក់ និង​ទទួល​លិខិត​ប្រកាស​ពន្ធ​តាម​ឡាញ នឹង ត្រូវ​អនុវត្ត​ចាប់ពី​ខែមិថុនា ឆ្នាំ ២០២០​នេះ​តទៅ ដោយ​ក្នុង​នោះ​សម្រាប់​អ្នក​ជាប់ពន្ធ​មធ្យម និង​ធំ ត្រូវ​ដាក់​លិខិត​ប្រកាស​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ការ​ដាក់​លិខិត​ប្រកាស​តាម អន​ឡាញ​យ៉ាង​យឺត​បំផុត​ត្រឹម​ថ្ងៃ​ទី ២៥ នៃ​ខែ​បន្ទាប់​ពី​ខែ​ដែល​ប្រតិបត្តិការ​ទាក់ទិន​នឹង ពន្ធ​អាករ​ទាំងនោះ​បាន​កើតឡើង ដោយ​រួច​ផុត​ពី​ពន្ធ​បន្ថែម ១០​ភាគរយ ។លោក​បន្ត​ថា​៖ «​សម្រាប់​អ្នក​ជាប់ពន្ធ​ធំ គឺ​ត្រូវ​តែ​អនុវត្តន៍​តាម​ប្រកាស​អន​ឡាញ តែបើ​សិន ជា​ពួក​គាត់​មិន​ទាន់​រួចរាល់​ក្នុង​ការ​ធ្វើ​វា​នោះ​ទេ ពួក​គាត់​អាច​ដាក់​សំណើរ​មក​កាន់​អគ្គ​នា យក​ដ្ឋា​ន​ពន្ធដារ​រយៈពេល​ណា​សម​ស្រប​ណាមួយ​ដើម្បី​អនុវត្តន៍​បន្ត​ទៀត​» ។

លោក​បន្ថែម​ថា សម្រាប់​អ្នក​ជាប់ពន្ធ​មធ្យម​អាច​មាន​ជម្រើស​ពីរ គឺ​ដាក់​ប្រកាស​តាម​អនឡាញ​ក៏​បាន ឬ​ក៏​ដាក់​ប្រកាស​មក​កាន់​បញ្ជរ​អគ្គនាយកដ្ឋាន​ពន្ធដារ​ក៏​បាន ។ ដោយឡែក អ្នក​ជាប់ពន្ធ​តូច​វិញ មិន​តម្រូវ​ឱ្យ​ដាក់​ប្រកាស​តាម​អន​ឡាញ ឬ​តាម Apps នោះ​ទេ ប៉ុន្តែ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​បង្កើត Apps នេះ​ឡើង​ក៏​សម្រួល​ដល់​អ្នក​ជាប់ពន្ធ​តូច​ដែរ ដូច្នេះ អ្នក​ជាប់ពន្ធ​តូច​មាន​ជម្រើស​ច្រើន​ជាង​អ្នក​ជាប់ពន្ធ​មធ្យម និង​អ្នក​ជាប់ពន្ធ​ធំ ។

លោក​បាន​បន្ត​ទៀត​ថា កន្លង​ទៅ​ការ​ដាក់​លិខិត​ប្រកាស​តាម​អន​ឡាញ ( E-VAT ) មាន ៨០ ភាគរយ​នៃ​អ្នក​ជាប់ពន្ធ​រួច​ទៅ​ហើយ ដូច្នេះ​ទៅ​ថ្ងៃ​អនាគត វា​អត់​មាន​ជម្រើស​អ្វី​ទៅ​រក​ប្រព័ន្ធ អន​ឡាញ​នោះ​ទេ ពីព្រោះ​ថា​ពួក​គេ​បាន​អនុវត្តន៍​តាម​អន​ឡាញ រួច​ទៅ​ហើយ នៅ​តែ​ប្រភេទ ពន្ធ​មួយ​ចំនួន​ប៉ុណ្ណោះ ដែល​ត្រូវការ​ដាក់​ប្រកាស​តាម​អន​ឡាញ​ដូច​ជា​ពន្ធលើប្រាក់បៀវត្ស​រ៍ ពន្ធ​កាត់​ទុក​មួយ​ចំនួន​ប៉ុណ្ណោះ ។ លោក​បញ្ជាក់​ទៀត​ថា​៖ «​យើង​ជឿជាក់​ថា មិនមែន​មាន តែ​អ្នក​ជាប់ពន្ធ​ធំ​ទេ ដែល​ចង់ឱ្យ​មានការ​ដាក់​ប្រកាស​តាម​អន​ឡាញ សូ​ម្បី​តែ​អ្នក​ជាប់ពន្ធ តូច​ៗ​ក៏​មាន​បំណង​ធ្វើ​ដូច្នេះ​ដែរ​» ។

យោង​តាម​សេចក្តីណែនាំ​ស្ដី​ពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ការ​ដាក់​លិខិត​ប្រកាស​ពន្ធ​តាម​អន​ឡាញ និង​ទម្រង់​លិខិត​ប្រកាស​ពន្ធ​ប្រចាំខែ​ថ្មី​សម្រាប់​អ្នក​ជាប់ពន្ធ​បានឱ្យ​ដឹង ថា​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ការ​ដាក់​លិខិត​ប្រកាស​ពន្ធ​តាម​អន​ឡាញ អ្នក​ជាប់ពន្ធ មធ្យម និង​ធំ ត្រូវ​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ហើយ​សម្រាប់​អ្នក មិន​ទាន់​បាន​ចុះ​ឈ្មោះ ត្រូវ​ចូល​ទៅ​កាន់​គេហទំព័រ​របស់​អគ្គនាយកដ្ឋាន ដើម្បី​ចុះ​ឈ្មោះ និង​ចាប់ផ្ដើម​ប្រើប្រាស់​ទៅ​តាម​ការ​ណែនាំ​របស់​អគ្គនាយកដ្ឋាន​ក្នុង​គេហទំព័រ​នោះ ។

សេចក្ដីណែនាំ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ក៏​បាន​បង្ហាញ​ថា សម្រាប់​អ្នក​ជាប់ពន្ធ​តូច​ក៏​អាច ដាក់​លិខិត ប្រកាស​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ការ​ដាក់​លិខិត​ស្នាម​តាម​អន​ឡាញ យ៉ាង​យឺត​បំផុត​ត្រឹម​ថ្ងៃ​ទី ២៥ នៃ​ខែ​បន្ទាប់​ដែល​ប្រតិបត្តិការ​ទាក់ទិន​នឹង​ពន្ធ​អាករ​ទាំងនោះ បាន​កើតឡើង ដោយ​រួច​ផុត​ពី​ពន្ធ​បន្ថែម ១០​ភាគរយ​ពី​ការ​យឺតយ៉ាវ​ក្នុង​ការ​ដាក់​លិខិត ប្រកាស ។ ចំពោះ​ការ​បំពេញ​លិខិត​ប្រកាស​ដោយ​ដៃ អ្នក​ជាប់ពន្ធ​តូច​ត្រូវ​ដាក់​លិខិត ប្រកាស​នៅ​រដ្ឋបាល​សារ​ពើត​ពន្ធ យ៉ាង​យឺត​បំផុត​ត្រឹម​ថ្ងៃ​ទី ២០​នៃ​ខែ​បន្ទាប់​ពី​ខែ​ដែល ប្រតិបត្តិការ​ទាក់ទិន​នឹង​ពន្ធ​អាករ​ទាំងនោះ​បាន​កើតឡើង ។

គួរ​បញ្ជាក់​ថា តាម​ច្បាប់​ថវិកា​ឆ្នាំ ២០២០​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​កំណត់​ប្រមូល ថវិកា​ឱ្យ​បាន ២.៨៨៥​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​ចំណូល​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ក្នុង​ខែមករា បើ​តាម​របាយការណ៍​ពន្ធដារ​បានឱ្យ​ដឹង​ថា​ប្រមូល​បាន​ប្រមាណ ២៣៩​លាន ដុល្លារ​អា​មេ​រិ​ក ។ តែ​យ៉ាងណា​ក៏​ដោយ​គេ​មិន​ទាន់​ដឹង​ច្បាប់​ថវិកា​នេះ​អាច​នឹង​សម្រេច​បាន តាម​ផែនការ ឬ​យ៉ាងណា​នោះ​ទេ ខណៈ​រដ្ឋាភិបាល បាន​ប្រកាស​លើកលែង​ពន្ធ​ទៅ​លើ សណ្ឋាគារ និង​ផ្ទះសំណាក់ ក្នុង​ខេត្តសៀមរាប ប្រកាស​លើកលែង​ពន្ធ​ប្រថាប់ត្រា​ចំពោះការ​ទិញ​ផ្ទះ​ក្រោម​តម្លៃ ៧​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ