ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះរាជអាជ្ញា​ពុំ​បាន​ចោទប្រកាន់​លើ​សហ​រដ្ឋ​អាមេរិក​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សវនាការ​លើ​សំណុំរឿងលោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ សម្រាប់​ស​ប្តា​ហ៍​ទី​៨​នេះ អ្វី​ដែល​ជា​ការ​កត់សម្គាល់​គឺ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែមីនា…

រាជធានី​ភ្នំពេញ ៖ សវនាការ​លើ​សំណុំរឿងលោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ សម្រាប់​ស​ប្តា​ហ៍​ទី​៨​នេះ អ្វី​ដែល​ជា​ការ​កត់សម្គាល់​គឺ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែមីនា លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ អាមេ​រិក W. Patrick Murphy បាន​ចូលរួម​សង្កេតការណ៍​ដោយ​ផ្ទាល់​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ។ បើ​យោង​តាម​វិទ្យុ​បារាំង​អន្តរជាតិ​បាន​ផ្សាយថា លោក W. Patrick Murphy បាន​អះអាង​ថា សហ​រដ្ឋអាមេរិក​ចង់​ឃើញ​លោក កឹ​ម សុខាមាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ តែ​ក៏​បាន​សម្តែងការ​មិន​ពេញចិត្ត​ចំពោះ​តុលាការ​កម្ពុជា​ដែល​ព្យាយាម​ទាញ​អា​មេ​រិ​ក​ទៅ​ភ្ជាប់​នឹង​សំណុំរឿង​លោក កឹ​ម សុខា ។

ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែមីនា លោក W. Patrick Mur​phy បាន​លើក​ឡើងថា សហរដ្ឋអាមេរិក​មានការ​រំខាន​ចិត្ត​ដោយ​ខាង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជ​ធានី​​ភ្នំពេញបាន​លើក​ឡើង​នូវ​រឿង​មិន​ពិត ដែល​ត្រូវ​បាន​ប្រឌិ​ត​ឡើង​ទាក់ទង​នឹង​សហ​រដ្ឋ​អា​មេរិក ។ សហរដ្ឋ​អា​មេ​រិ​ក ត្រូវ​បាន​តំណាង​អយ្យការ​ទាញ​ភ្ជាប់ទៅ​នឹង​លោក កឹ​ម សុខា នៅ​ក្នុង​សវនាការ​សំណុំរឿង​ក្បត់ជាតិ​ដែល​មាន​បរទេស​នៅ​ពីក្រោយ ។ នៅ​ក្នុង​សវនាការ​កន្លង​មក លោក កឹ​ម សុខា ត្រូវ​បាន​តំណាង​អយ្យការ​និង​មេធាវី​តំណា​ង​រាជរដ្ឋាភិបាល​ជជីក​សួរ​ពី​ការ​ជាប់​ពាក់ព័ន្ធ​របស់​បរទេស និង​ភ្នាក់ងារ​បរទេស​ក្នុង​ការ​រៀបចំ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា ។

លោក W. Patrick Murphy ត្រូវ​បាន​ដកស្រង់​សម្តី​ដោយ​បាន​បញ្ជាក់​ជំហរ​របស់​សហរដ្ឋអាមេរិក​ថា អា​មេ​រិ​ក​មិន​ដែល​ចង់​ជ្រៀតជ្រែក​ក្នុង​អភិបាលកិច្ច​របស់​ប្រទេស​កម្ពុជា​ទេ ពោល​គឺ​សហរដ្ឋអាមេរិក​គោរព​ពេញលេញ​ចំពោះ​ឯករាជ្យ​ភាព និង​អធិបតេយ្យភាព​របស់​ប្រទេស​កម្ពុជា ។ ប៉ុន្តែ​លោក​ឯកអគ្គរដ្ឋទូត​ក៏​បាន​អះអាង​ថា សហរដ្ឋអាមេរិក​នឹង​តាមដាន​សវនាការ​កាត់ក្តី​លោក កឹ​ម សុខា យ៉ាង​ដិត​ដល់ ហើយ​ថា ដំណើរ
ការ​សវនាការ​នេះ​អាច​មាន​បច្ច័យ​ទៅ​លើ​នីតិរដ្ឋនិង​ដំណើរការ​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់​នៅ​កម្ពុជា និង​សម្រាប់​ទំនាក់ទំនង​អន្តរជាតិ​របស់​ប្រទេស​កម្ពុជា ។ លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិកក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា អា​មេ​រិ​ក​រីករាយ​នឹង​ឃើញ​ថា សិទ្ធិ​នយោបាយ​របស់​លោក កឹ​ម សុខា ត្រូវ​បាន​ប្រគល់​ឲ្យ​លោក​វិញ ហើយ​សង្ឃឹមថា ប្រជាជន​កម្ពុជា​ទាំងអស់​អាច​ចូលរួម​ក្នុង​ដំណើ​រការ​នយោបាយ ។

ភ្លាម​ៗ បន្ទាប់​ពី​មានការ​ថ្លែង​របស់​លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​នោះ អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី បាន​ចេញសេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចុះ​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២០ ដោយ​ធ្វើការ​បញ្ជាក់​តប​ទៅ​នឹង​សេចក្តី​ថ្លែងការណ៍​របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អា​មេរិ​ក​លោក W. Patrick Murphy កាលពី​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២០ ដែល​លោក​បាន​លើកឡើង​ថា «​យើង​មានការ​រំខាន​ចិត្ត ដោយ​ខាងព្រះរាជអាជ្ញា​បាន​លើក​ឡើង​នូវ​រឿង​មិន​ពិត​ដែលត្រូវ​បាន​ប្រឌិត​ឡើង​ទាក់ទង​នឹង​សហរដ្ឋ​អា​មេ
រិ​ក​» ។

អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជ ធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ក្នុង​ដំណើរការ​នៃ​ការជំនុំ​ជម្រះក្តី​លើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ជន​ជាប់ចោទ​ឈ្មោះ កឹ​ម សុខា ពី​បទ​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស តាម​បញ្ញត្តិ​មាត្រា​៤៤៣ ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ព្រះរាជអាជ្ញា​ពុំ​បាន​ចោទប្រកាន់​ប៉ះពាល់​ទៅ​លើ​សហរដ្ឋអាមេរិក រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស​ណាមួយ​នោះ​ឡើយ ព្រះរាជអាជ្ញា​បាន​ចោទប្រកាន់​តែ​ទៅ​លើជនជាប់ចោទ​ឈ្មោះ កឹ​ម សុខា ដែល​មាន​អង្គហេតុ អង្គច្បាប់ ព្រមទាំង​មាន​ធាតុ​ផ្សំ​បទល្មើស​គ្រប់គ្រាន់​ទៅ​តាម​ច្បាប់​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​តែ​ប៉ុណ្ណោះ ។

អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជាក់​ទៀត​ថា នៅ​ក្នុង​ដំណើរការ​ជំនុំជម្រះ​លើ​សំណុំរឿង​ក្តី​នេះ គឺ​មាន​សាធារណ​ជនជាតិ​និង​អន្តរជាតិ​ជា​ច្រើន ចូលរួម​ស្តាប់​និង​សង្កេតការណ៍​គ្រប់ពេល​សវនាការ ។សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហុ​៊​ន សែន កាលពី​ថ្ងៃ​ចន្ទ​ទី​៩ ខែមីនា បាន​ថ្លែង​ដោយ​មិន​ចំ​ឈ្មោះ តែ​ទំនង​សំដៅលើ​លោក កឹ​ម សុខា ថា កម្ពុជា​មិន​ថយក្រោយ​ក្នុង​ការ​កាត់ក្ដី​លើ​ជន​ក្បត់ជាតិ ហើយ​សម្តេច​ក៏​បាន​ព្រមាន​បិទ​ការ​ចរចា​ជាមួយ​គ្រប់​ភាគី​ណា​ដែល​ចង់​ឲ្យ​សម្តេច​ជួយ​អ្នក​ដែល​តុលាការ​កំពុង​កាត់ក្ដី​ផង​ដែរ។

ថ្លែង​នៅ​វិមាន​សន្តិភាព សម្តេច​តេ​ជោ បញ្ជាក់ថា​៖ «​ថ្ងៃនេះ សូម​ជូន​សារ​ជាក់លាក់​ច្បាស់លាស់ ថា កម្ពុជា​មិន​ថយក្រោយ​លើ​ការ​កាត់ក្ដី​ចំពោះ​ជន​ក្បត់ជាតិ ឬ​អ្នក​ដែល​ទទួល​នូវ​ទណ្ឌកម្ម​ទេ​។អ្នកឯង​ត្រូវ​តែ​ច្បាស់ អ្វី​ដែល​អ្នកឯង​បាន​ធ្វើ អ្នកឯង​ត្រូវ​ចាំ អ្នកឯង​យក​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ២០១៣ គឺជា​ថ្ងៃ​ផ្ដាច់ព្រ័ត្រ ក្នុង​ការ​ផ្ដួល​រំលំ​»​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា នេះជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​សម្រេច​របស់​សហភាព​​អឺរ៉ុប ក្នុង​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នៅ​កម្ពុជា ហៅ​ថា​EBA ដែល​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ខាតបង់​ប្រាក់​ជាង​១០០​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ពេល​ខាង​មុខ ដោយសារ​ប៉ះពាល់​ការ​នាំ​ចេញ​ផលិតផល​ទៅ​អឺរ៉ុប​ប្រមាណ​២០​ភាគរយ ។ កន្លង​ទៅ សហភាព​អឺរ៉ុប​បាន​ជំរុញ​ឲ្យ​ទម្លាក់​ការ​ចោទ ប្រកាន់​លោក កឹ​ម សុខា ។

ទោះបីជា​បែប​ណា លោក កឹ​ម សុខា កាលពីថ្ងៃ​អង្គារ​ទី​១០ ខែមីនា បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិ​ប្បាយ​ជុំវិញ​ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នោះ​ទេ ។ លោក កឹ​ម សុខា ត្រូវ​បាន​ចាប់ខ្លួន​កាលពីដើម​ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​សមត្ថកិច្ច​បានប្រើប្រាស់​វី​ដេ​អូ​មាន​រយៈពេល​ជាង​២​នាទី ដែល​ស្រង់​ចេញពី​វី​ដេ​អូ​ជាង​មួយ​ម៉ោង មក​ធ្វើ​ជា​ភ័ស្តុតាង​ក្នុង​ការ​ចាប់ខ្លួន​និង​ចោទប្រកាន់ ហើយ​ឃុំខ្លួន​លោក​ក្នុង​ពន្ធនាគារ ។ ក្រោយមក លោក​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​មក​ឲ្យ​នៅ​ក្នុងផ្ទះ​។លោក​មិន​មាន​សេរីភាព​ធ្វើ​នយោបាយ និង​ចាកចេញ​ទៅ​ក្រៅប្រទេស​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ