ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របរ​បើក​គោ​យន្ត​​លក់​ផ្សងព្រេង​ពិត​ជា​​លំបាក ជួនកាល​មិន​ដាច់​សូ​ម្បី​តែ​១​គ្រឿង​​​(​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ក្រោយ​សម្រាក​ពី​ការងារ​ស្រែ​ចម្ការ​នៅ​ឯ​ស្រុក​កំណើត មាន​កសិករ​៣​គ្រួសារ បាន​នាំ​គ្នា​បើកបរ​គោ​យន្ត​កន្ត្រៃ​ចេញពី​ខេត្តកំពង់ធំ ដោយ​មាន​ដឹក​គ្រែ និង​ទូ ដើរ​លក់​តាម​ភូមិ​ក្នុង​ខេត្ត​នានា​ទូ​ទាំង​ប្រទេស​កម្ពុជា ហើយ​យប់​កន្លែង​ណា​នាំ​គ្នា​ឈប់​សម្រាក និង​ដាំបាយ​ធ្វើ​ម្ហូប​ទទួល​ទាន…

ខេត្ត​ប៉ៃលិន ៖ ក្រោយ​សម្រាក​ពី​ការងារ​ស្រែ​ចម្ការ​នៅ​ឯ​ស្រុក​កំណើត មាន​កសិករ​៣​គ្រួសារ បាន​នាំ​គ្នា​បើកបរ​គោ​យន្ត​កន្ត្រៃ​ចេញពី​ខេត្តកំពង់ធំ ដោយ​មាន​ដឹក​គ្រែ និង​ទូ ដើរ​លក់​តាម​ភូមិ​ក្នុង​ខេត្ត​នានា​ទូ​ទាំង​ប្រទេស​កម្ពុជា ហើយ​យប់​កន្លែង​ណា​នាំ​គ្នា​ឈប់​សម្រាក និង​ដាំបាយ​ធ្វើ​ម្ហូប​ទទួល​ទាន រួច​ដេក​ត្រង់​កន្លែង​នោះ​តែ​ម្តង ។ ប៉ុន្តែ​មុខរបរ​ដើរ​លក់​សម្ភារ​:​ប្រើប្រាស់​បែប​ផ្សងព្រេង​នេះ មិន​កាក់កប​ប៉ុន្មាន​នោះ​ទេ ដោយ​ជួនកាល​បើក​គោ​យន្ត​គ្រប់​ច្រកល្ហក​អស់ហើយ អស់​រយ​:​ពេល​១​ខែ នៅ​តែ​លក់​មិន​ដាច់ សូ​ម្បី​តែ​១​គ្រឿង​នោះ​ឡើយ ។

ហើយ​ហេតុការណ៍​ប្រទះ​ឃើញ​ប្រជាពលរដ្ឋ​បើក​គោ​យន្ត​កន្ត្រៃ​ដើរ​លក់​គ្រែ និង​ទូ​ខាងលើ​នេះ បាន​កើតឡើង​កាលពី​ម៉ោង​៧​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុង​បរិ​វេណ​វត្ត ពោធិ​មា​រ៉ា​ម ហៅ​វត្ត​ប៉ា​ហ៊ី ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។

បើ​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ម្ចាស់​គោ​យន្ត​កន្ត្រៃ​ខាងលើ​ទី​១- ឈ្មោះ គុំ រិ​ទ្ធ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ​ណែម សុខា អាយុ​២៤​ឆ្នាំ ទី​២- ឈ្មោះ យឹ​ម សឺ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទី​៣- ឈ្មោះ គុំ សុខ​នី ភេទ​ស្រី អាយុ​៤៨​ឆ្នាំ រស់នៅ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

បើ​តាម​ការ​រៀបរាប់​បុរស​ឈ្មោះ គុំ រិ​ទ្ធ បានឱ្យ​ដឹង​ថា គោ​យន្ត​កន្ត្រៃ​របស់​គាត់ មាន​ដឹក​គ្រែ​ប្រអប់ គ្រែ​យក្ស គ្រែ​គ្រុឌ និង​សា​ឡុ​ង​ជាដើម សរុប​ជាង​២០​គ្រឿង ដោយ​ធ្វើ​អំពី​ឈើ​ដូច​ជា កកោះ សុ​ក្រំ ធ្នង់ ជាដើម ។

គាត់​បន្ត​ទៀត​ថា ការ​ដើរ​លក់​គ្រែ​នេះ គឺ​លើក​ពី (​ជំពាក់​) ម្ចាស់​សិប្បកម្ម​ក្នុង​ខេត្ត​សិន លុះ​លក់​ដាច់​អស់ ទើប​យក​ប្រាក់​ទៅ​សង​ថ្លៃដើម​គេ​វិញ រីឯ​ប្រាក់​ចំណេញ​ទុក​គ្រាន់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។ ការ​លក់ដូរ​គ្រែ​នេះ ក្នុង​គ្រែ​១​គ្រឿង​លក់​តម្លៃ​ចាប់ពី​២០០​ដុល្លារ​, ៤៥០​ដុល្លារ រហូត​ដល់​៩៥០០​ដុល្លារ តាម​ប្រភេទ​ឈើ​ផង​ដែរ ។

លោក​បញ្ជាក់​ថា លោក​បាន​រៀបចំ​ធ្វើ​បន្ទប់​នៅ​ផ្នែក​ខាង​មុខ​គោ​យន្ត​របស់​ខ្លួន ដើម្បី​ដេក​សម្រាក​ជាមួយ​ប្រពន្ធ និង​កូន​តូច និង​ការពារ​ពេល​មាន​ភ្លៀង​ធ្លាក់​ជាដើម ហើយ​ការ​បើកបរ លក់​តាម​ភូមិ​ក្នុង​ខេត្ត​មួយ​ៗ​រយ​:​ពេល​២​ទៅ​៣​ថ្ងៃ ទើប​ប្តូរ​ទៅ​លក់​នៅ​ខេត្ត​ផ្សេង​ទៀត ដោយ​ចាប់តាំងពី​លក់ រហូត​មក​ដល់​ពេល​នេះ គឺ​ដាច់​អស់​ជាង​១០​គ្រឿង​ហើយ នៅ​សល់​ជាង​១០​គ្រឿង​ទៀត និង​រៀបចំ​បន្ត​លក់​តាម​ភូមិ​តាម​ផ្សារ​ជាដើម ។

បើ​តាម​សម្តី​ពី​ឈ្មោះ យឹ​ម សឺ​ន បានឱ្យ​ដឹង​ថា ការ​លក់ដូរ​របស់​ខ្លួន មិនសូវ​ដាច់​ប៉ុន្មាន​នោះ​ទេ ដោយ​បើកបរ​គោ​យន្ត​កន្ត្រៃ ឆ្វែល​លក់​តាម​ភូមិ​នានា ក្នុង​១​ថ្ងៃ ចាប់តាំងពី​ព្រឹក​រហូត​ដល់​ល្ងាច ជួនកាល​លក់​អត់​ដាច់​សូ​ម្បី​តែ​គ្រែ ឬ​ទូ​១​គ្រឿង នោះ​ឡើយ ។ ប៉ុន្តែ​ដោយសារ​ទំនេរ​ពី​រដូវ​ធ្វើស្រែ​ចម្ការ ក៏​ចេះ​តែ​រក​មុខរបរ​បន្ទាប់បន្សំ​ថែម​ទៀត ដើម្បី​បាន​ថវិកា​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។ លុះ​ចូល​ដល់​រដូវភ្លៀង​ធ្លាក់​ជោកជាំ ក៏​ត្រឡប់​ទៅ​ភ្ជួរ​រាស់ រួច​ក៏​ចាប់ផ្តើម​បន្ត​លក់​ទៀត ដោយ​ប្រកប​របរ​នេះ ជា​ច្រើន​ឆ្នាំ​មក​ហើយ ។

ចំណែក​ស្ត្រី​ម្នាក់ ឈ្មោះ គុំ សុខ​នី បានឱ្យ​ដឹង​ដែរ​ថា ការ​បើកបរ​គោ​យន្ត​កន្ត្រៃ​ដើរ​លក់​គ្រែ​នេះ គឺ​ពួក​គាត់​ធ្វើ​ឡើងជា​ក្រុម ចាប់ពី​៣​ទៅ​១០​គ្រឿង ព្រោះ​ជា​រៀង​រាល់​យប់ ពួក​គាត់​តែងតែ​ឈប់​គោ​យន្ត​សម្រាក​នៅ​ក្បែរ​ៗ​គ្នា ដើម្បី​ការពារ​គ្នា ដោយ​អ្នកខ្លះ​ចង​អង្រឹង​ដេក​នៅ​លើ​គោ​យន្ត ខ្លះ​ក្រាល​កន្ទេល​ដេក​ក្រោម​គោ​យន្ត​កន្ត្រៃ ក៏​មានការ​ត្រជាក់​រងារ តែ​ទ្រាំ​ដើម្បី​ជីវភាព​ប្រចាំ​ថ្ងៃ ។

គាត់​បន្ត​ទៀត​ថា ការ​លក់ដូរ​នេះ ចាប់ពី​ខេត្តកំពង់ធំ ចូល​ទៅ​ខេត្តសៀមរាប បន្ទាយ​មាន​ជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ព្រៃវែង ស្វាយ​រៀង កំពត កែប កំពង់សោម វិល​ចុះ​វិល​ឡើង ក៏​ត្រឡប់​ទៅ​ដល់​ខេត្ត​ប៉ៃលិន បាន​រយ​:​ពេល​២​យប់​ហើយ និង​បន្ត​១​យប់ ២​យប់​ទៀត ទើប​ប្តូរ​ទៅ​ខេត្ត​ផ្សេង ។ ប៉ុន្តែ​ចំពោះ​គោ​យន្ត​របស់​គាត់ រយ​:​ពេល​១​ខែ​ពេញ​នេះ គឺ​លក់​អត់​ដាច់ សូ​ម្បី​តែ​១​គ្រឿង​នោះ​ឡើយ ហើយ​ពិតជា​មានការ​លំបាក ដោយ​ជួនកាល​ខូច​គោ​យន្ត​តាម​ផ្លូវ ពេល​យប់​ជាដើម តែ​មិន​ធ្លាប់​មាន​ហេតុការណ៍​អ្វី​ផ្សេង​នោះ​ឡើយ គឺ​សុខ​សប្បាយ​តាម​ផ្លូវ​ជា​រៀង​រហូត​មក​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ