បាត់បង់​មុខរបរ​វ៉ៃ​ថ្ម​ នាំ​គ្នា​ចំណាកស្រុក​ស្ងាត់​ភូមិ


ខេត្តព្រៃវែង ៖ ភូមិ​ស្វាយ​សាមសិប គឺជា​ភូមិ​១​ក្នុង​ចំណោម​ភូមិ​ទាំង​៥​នៃ​ឃុំ​ជើងភ្នំ និង​មាន​ទីតាំង​ស្ថិត​នៅ​ជាប់ជើង​ភ្នំ​ឈើ​កាច់​តែ​ម្តង ។ ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​នេះ ប្រមាណ​ជា​៦០% ក្រៅ​ពីមុខ​, របរ ធ្វើ ស្រែ ពួក​គាត់​ប្រកប​មុខរបរ​វាយ​ថ្មភ្នំ នៅ​ចំណុច​ភ្នំ​ថ្ម​បាញ់ ហើយ​មុខរបរ​នេះ បាន​នាំ​គ្នា​ធ្វើ​ត​ៗ​គ្នា​ប្រចាំ​ត្រកូល​តាំងពី​ជំនាន់​ដូនតា​មក​ម្ល៉េះ ។ ប៉ុន្តែ​សព្វ​ថ្ងៃនេះ នៅ​ចំណុច​ភ្នំ​ថ្ម​បាញ់​លែង​មាន​អ្នក​វាយ​ថ្មភ្នំ​ទៀត​ហើយ ដោយ​កម្មករ​វាយ​ថ្មភ្នំ​ទាំងនោះ បាន​នាំ​គ្នា​ធ្វើ​ចំណាកស្រុក​អស់ហើយ ដោយ​នាំ​គ្នា​ទៅ​ស៊ីឈ្នួល​វាយ​ថ្មភ្នំ​នៅ​ខេត្ត​ផ្សេង​ៗ និង​អ្នក​ខ្លះទៅ​ធ្វើ​កម្មករ​សំណង់​នៅ​ភ្នំពេញ​ជាដើម ។ មូលហេតុ​ដោយសារ​តែ​នៅ​ចំណុច​ភ្នំ​ថ្ម​បាញ់ គ្មាន​ថ្ម​ឱ្យ​ពួក​គាត់​វាយ​ដូច​ពី​មុន​ទៀត​ទេ ។

បុរស​ម្នាក់​ឈ្មោះ សុខ ជា អាយុ​៣៧​ឆ្នាំ គឺជា​កម្មករ​វាយ​ថ្មភ្នំ ដែល​មិន​ទាន់​ធ្វើ​ចំណាកស្រុក​ដូច​កម្មករ​ផ្សេង​ៗ​ទៀត បានឱ្យ​ដឹង​ថា គាត់​មិន​អាច​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ស្រុក​ឆ្ងាយ​បាន ព្រោះ​មាន​ម្តាយ​ចាស់ជរា​នៅផ្ទះ​ដែល​ត្រូវ​មើលថែ ម្យ៉ាង​ស្តាយ​ដីស្រែ​កេ​រ្ត​៌​ដូនតា​ដែល​ធ្លាប់​ធ្វើ​រាល់​ៗ​ឆ្នាំ ដូច្នេះ​ហើយ​ទើប​ចេះ​តែ​ទ្រាំ​នៅ​ឡើង​ភ្នំ​គាស់​ថ្ម វាយ​បាន​បន្តិចបន្តួច​រហូត​ដល់​សព្វ​ថ្ងៃនេះ​ទៅ ។

សុខ ជា បាន​បន្ត​ទៀត​ថា ពី​មុន​កម្មករ​វាយ​ថ្មភ្នំ​នៅ​ចំណុច​ភ្នំ​ថ្ម​បាញ់​នេះ មាន​ចំនួន​ជាង​៣០​គ្រួសារ​ឯណោះ ហើយ​ក្នុង​១​ថ្ងៃ​ពួក​គាត់​វាយ​ថ្មភ្នំ​លក់ បាន​ប្រមាណ​ពី​៤​ទៅ​៥​ឡាន ដែល​អាច​រក​ចំណូល​បាន​៤​ទៅ​៥​ម៉ឺន​រៀល​ដែរ​ក្នុង​១​គ្រួសារ ហើយ​ជីវភាព​នេះ គឺ​ល្អ​ប្រសើរ​ណាស់​សម្រាប់​ពួក​គាត់ ទោះជា​មិន​បាន​ប្រាក់​ច្រើន តែ​បាន​នៅ​ជិត​ផ្ទះ​ជុំ​ប្រពន្ធ​កូន​បងប្អូន ។

គាត់​អះអាង​ថា ប៉ុន្តែ​នៅ​ចុងឆ្នាំ​២០១៩ ស្រាប់តែ​លេច​វត្តមាន​លោកស្រី គ្រុឌ កូ​ឡា ជា​ឈ្មួញ​រកស៊ី​ម៉ៅ​ការ​ធ្វើ​ផ្លូវ​ជូន​រដ្ឋ ដោយ​ប្រើ​ឈ្មោះ​ក្រុម​កង​វិស្វកម្ម​ជា​ខែល ចូល​មក​ពាក់ព័ន្ធ​អ្វី​ៗ​ក៏​ប្រែប្រួល​រហូត​ដល់​ពួក​គាត់​ត្រូវ​អត់​ការងារ​ធ្វើ​ដូច​សព្វ​ថ្ងៃនេះ​តែ​ម្តង ។ ស្ត្រី​ម្នាក់​ឈ្មោះ ចែ ពៅ ជា​ឈ្មួញ​ម្នាក់​ដែល​ធ្លាប់​ទទួល​ទិញ​ថ្ម​ពី​អ្នកស្រុក នៅ​ចំណុច​ភ្នំ​ថ្ម​បាញ់​នេះ​បានឱ្យ​ដឹង​ថា រឿង​បងប្អូន​អ្នកស្រុក​អត់​ការងារ​ធ្វើ​នេះ មិនមែន​មក​ពី​អត់​ថ្មភ្នំ​ឱ្យ​វាយ​នោះ​ទេ ថ្មភ្នំ​មាននៅ​ច្រើន​ណាស់ ពួក​គាត់​វាយ​រាប់​សិប​ឆ្នាំ​ទៀត​ក៏​មិន​អស់​ដែរ ប៉ុន្តែ​គឺ​មក​ពី​គ្មាន​គីប​រំសេវ​សម្រាប់​បំផ្ទុះ​ថ្មភ្នំ ដើម្បី​បាន​បំណែក​ថ្មយក​មក​វាយ​បាន ។

ចែ ពៅ បញ្ជាក់​ថា ពី​មុន​អ្នកស្រុក​ទិញ​គីប​រំសេវ​ពី​ក្រុមហ៊ុន​ធំ​ៗ​នៅ​លើ​ភ្នំ​ឈើ​កាច់ យក​មក​ដាក់​បំផ្ទុះ​ភ្នំ​ឱ្យ​បែក​ជា​ផ្ទាំង​ថ្ម​ធ្លាក់​ចុះ​មក​ក្រោម ទើប​នាំ​គ្នា​វាយ​បំបែក​ដោយ​ដៃ យក​ថ្ម​លក់​ឱ្យ​ឈ្មួញ ប៉ុន្តែ​កាលពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៩ មន្ទីរ​ជំនាញ​រ៉ែ និង​ថាមពល បាន​ធ្វើការ​រឹត​បន្តឹង​រឿង​គ្រប់គ្រង​និង​ប្រើប្រាស់​គីប​រំសេវ ទើប​ធ្វើ​ឱ្យ​ពលរដ្ឋ​ដែល​រកស៊ី​តូចតាច​ជា​លក្ខណៈ​គ្រួសារ មិន​អាច​ទិញ​គីប​រំសេវ​ពី​រដ្ឋ​បាន​ដោយ​ខ្លួនឯង ព្រោះ​គ្មាន​អាជ្ញាប័ណ្ណ ។

ដោយ​មើលឃើញ​ស្ថានភាព​បែប​នេះ លោកស្រី គ្រុឌ កូ​ឡា ជា​ឈ្មួញ​ម្នាក់​ដែល​ឩ​ស្សា​ហ៌​ឡើង​មក​ទិញ​ថ្ម​ពី​ក្រុមហ៊ុន​ធំ​ៗ​នៅ​លើ​ភ្នំ​ឈើ​កាច់ បាន​ឈ្លៀត​ឳ​កាសចូល​មក​លួងលោម​ប្រជាពលរដ្ឋ ឱ្យ​នាំ​គ្នា​ផ្តិត​មេដៃ​ឱ្យ ដើម្បី​ឱ្យ​លោកស្រី អាច​ទិញ​គីប​រំសេវ​ពី​រដ្ឋ​បាន ដោយ​សន្យា​ជាមួយ​អ្នកស្រុក​ថា ពេល​ទិញ​គីប​រំសេវ​ពី​រដ្ឋ​បាន​ហើយ លោកស្រី​និង​លក់​បន្ត​មក​ឱ្យ​ពលរដ្ឋ ដែល​ជា​ឈ្មួញ​តូចតាច អាច​ដាក់​បំផ្ទុះ​ភ្នំ​យក​ថ្ម និង​អាច​ឱ្យ​ក្រុម​កម្មករ​មាន​ថ្ម​សម្រាប់​វាយ​ដែរ គឺ​រស់​ទាំងអស់​គ្នា ។

ប៉ុន្តែ​មិន​ដូច​អ្វី​ដែល​ពលរដ្ឋ​សង្ឃឹមទុក​ឯណា នៅ​ពេល​មាន​លទ្ធភាព​ទិញ​បាន​គីប​រំសេវ​ហើយ លោកស្រី គ្រុឌ កូ​ឡា បាន​យក​គ្រឿងចក្រ​ចូល​មក​កាយ​ថ្មភ្នំ​ដោយ​ខ្លួនឯង នៅ​ចំណុច​ភ្នំ​ថ្ម​បាញ់​ដែល​ជា​កន្លែង​របស់​ពលរដ្ឋ ទើប​ធ្វើ​ឱ្យ​មាន​ទំនាស់​កើតឡើង រហូត​ចុង​ក្រោយ​លោកស្រី គ្រុឌ កូ​ឡា បាន​បិទ​លែង​លក់​គីប​រំសេវ​ឱ្យ​ពលរដ្ឋ ក្នុង​ចេតនា​ដើម្បី​គាប​បង្ខំ​ឱ្យ​ពលរដ្ឋ លក់​ទីតាំង​ថ្ម​របស់​ខ្លូ​ន​ទៅ​ឱ្យ​លោកស្រី ហើយ​ផែនការ​នេះ​គឺ​ពិតជា​បាន​ផល​ធំ​មែន ។ ពេល​គ្មាន​គីប​រំសេវ ពលរដ្ឋ​គ្មាន​ថ្ម​សម្រាប់​វាយ អ្វី​ៗ​ត្រូវ​ជាប់​គាំង​ទាំងអស់ ដោយ​មិន​អាច​ទ្រាំ​និង​បញ្ហា​នេះ​បាន ម្ចាស់​ទីតាំង​ថ្ម​ជា​ច្រើន បាន​នាំ​គ្នា​បង្ខំចិត្ត​លក់​ទីតាំង​របស់​ខ្លួន​ទៅ​ឱ្យ​លោកស្រី គ្រុឌ កូ​ឡា​អត់​ទៅ ។ ចំណែក​កម្មករ​វាយ​ថ្មភ្នំ​ទាំងអស់ អត់​ការងារ​ធ្វើ​ក៏​ត្រូវ​បង្ខំចិត្ត​ធ្វើ​ចំណាក​ស្រុក ទៅ​រក​ការងារ​ធ្វើ​នៅ​ខេត្ត​ផ្សេង​ៗ​រហូត​ដល់​សព្វ​ថ្ងៃនេះ ។

ដោយឡែក​ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​ឃុំ​ជើងភ្នំ បានឱ្យ​ដឹង​ថា បើ​ទោះបីជា​លោកស្រី គ្រុឌ កូ​ឡា ប្រមូល​ទិញ​ទីតាំង​ថ្ម​ពី​ប្រជាពលរដ្ឋ​បាន​ហើយ​ក្តី ក៏​ខាង​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​មិន​ទទួលស្គាល់​ដែរ ហើយ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ លោកស្រី គ្រុឌ កូ​ឡា នៅ​តែ​មិន​អាច​យក​គ្រឿងចក្រ ចូល​ទៅ​កាយ​យក​ថ្មភ្នំ​នៅ​ចំណុច​ភ្នំ​ថ្ម​បាញ់​នោះ​បាន​ទេ ព្រោះ​គ្មាន​អាជ្ញា​ប​ណ្ណ័​អាជីវកម្ម​ពី​ក្រសួង​រ៉ែ​និង​ថាមពល ។ ចំណែក​ប្រភព​ព​ត៌​មាន​ពី​មន្ត្រី​ជំនាញ​រ៉ែ​និង​ថាមពល​ខេត្ត បាន​បង្ហើប​ប្រាប់​ថា ពេល​នេះ​លោកស្រី គ្រុឌ កូ​ឡា កំពុង​តែ​រត់ការ​សុំ​ច្បាប់​ពី​អាជ្ញាធរ និង​សុំ​អាជ្ញាប័ណ្ណ​ពី​ក្រសួង​រ៉ែ និង​ថាមពល​ហើយ តែ​មិន​ទាន់​បាន​សម្រេច ។

បើ​យោង​តាម​ការ​អះអាង​របស់​អ្នក​ភូមិ​ម្នាក់​ឈ្មោះ សុខ ជា និង​អ្នក​ភូមិ​ដទៃ​ទៀត​នៅ​ភូមិ​ស្វាយ​សាប​សិប​នោះ បានឱ្យ​ដឹង​ថា បើ​ទោះបីជា​សព្វថ្ងៃ​នេះ​បងប្អូន​កម្មករ​វាយ​ថ្មភ្នំ នៅ​ចំណុច​ភ្នំ​ថ្ម​បាញ់ ជើងភ្នំ​ឈើ​កាច់ បាន​នាំ​គ្នា​ធ្វើ​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ នៅ​ខេត្ត​ផ្សេង​ៗ​អស់ហើយ​ក្តី ប៉ុន្តែ​បើ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ ជួយ​ដោះស្រាយ​រឿង​គីប​រំសេវ​ឱ្យ​ប្រជាពលរដ្ឋ​បាន ពួក​គាត់​ទាំងអស់​គ្នា និង​វិល​ត្រឡប់​មក​ផ្ទះសម្បែង​វិញ ហើយ​នាំ​គ្នា​ប្រកប​មុខរបរ​វាយ​ថ្មភ្នំ​នេះ​ឡើង​វិញ​គ្រប់​ៗ​គ្នា ព្រោះ​នៅ​ទី​នេះ គាត់​អាច​ធ្វើស្រែ​ផង វាយ​ថ្មភ្នំ​ផង ជីវភាព​របស់​ពួក​គាត់​ល្អ​ប្រសើរ​ជាង ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ខេត្ត​ផ្សេង ឆ្ងាយ​ពី​ផ្ទះសម្បែង ៕

Facebook Google Twitter Email

Live

Sponsored News

០២:៤៤ | ក្នុងស្រុក

សារលិខិត​អបអរសាទរ ជូន​ចំពោះ​លោក​​ជំទាវ​-​លោក​ជំទាវ​ឧកញ៉ា​ទាំង​២១ រូប ដែល​ត្រូវ​បាន​តែងតាំង​ជា​ឧត្តម​ទីប្រឹក្សា​និង​ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេច​ព្រះ​មហាសង្ឃរាជ បួរ គ្រី

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ