ប្រុស​ស្រី​១​គូ​បើក​បុក​ម៉ូតូ​រ៉ឺ​ម៉ក​រុញ​ផ្ទុប​នឹង​ដើម​ក្ងោក មិន​អស់ចិត្ត​បុក​ទាំង​ផ្ទះ​ទៀត


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់ រួម​នឹង​នារី​ម្នាក់ ចេញ​ពី​កម្មវិធី​ជប់លៀង បាន​បើករថយន្ត​កាម​រី​បា​ឡែ​ន​វ៉ា​ជែង​មិន​ផុត ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ដឹក​កៅអី​ការ​ពីក្រោយ រុញ​ផ្ទុប​នឹង​ដើម​ក្ងោក ហើយ​រថយន្ត​ក៏​បន្ត​ទៅ​បុក​ទ្វារផ្ទះ​លក់​គ្រឿងសំណង់​ទៀត បណ្ដាល​ឲ្យ​រង​ការ​ខូចខាត ព្រមទាំង​ធ្វើ​ឲ្យ​មាន​អ្នក​រង​របួសធ្ងន់​ចំនួន​២​នាក់​ផង​ដែរ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២០ ទល់មុខ​ផ្ទះ​លេខ​៣៤៥ យីហោ ហេង ទី​ឡុ​ង លក់​គ្រឿងសំណង់ ផ្លូវ​២១ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការ​មន។

សេចក្តីរាយការណ៍​បន្ត​ថា រថយន្ត​បង្ក​ខាងលើ ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q 8765 បើកបរ​ដោយ​បុរស​ឈ្មោះ មិន សុខ​ខុ​ម អាយុ​២២​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន ស្នាក់​នៅផ្ទះ​លេខ​៧៩៦ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ចំណែក​អ្នក​រួម​ដំណើរ​ជាមួយ គឺ​នារី​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ។ ដោយឡែក​ជន​រង​គ្រោះ​២​នាក់ ដែល​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ មិន​ទាន់​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​២​នាក់​បាន​ជិះ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​មាន​ដឹក​កៅអី​ការ​ពេញ​ធ្វើ​ដំណើរ​តាម​ផ្លូវ​២៧១ ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​កើតហេតុ ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​រួម​នឹង​នារី​ម្នាក់ បាន​បើករថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន ធ្វើ​ដំណើរ​​ក្នុង​ទិស​ដៅ​ស្របគ្នា ហើយ​បំរុង​វ៉ា​ជែង​រ៉ឺ​ម៉ក​ដែល​ដឹក​កៅអី​ការ ទៅ​រក​គន្លង​របស់​ខ្លួន តែ​ដោយ​សារ​អក​សឺ​ជាមួយនឹង​រ៉ឺ​ម៉ក​វ៉ា​ជែង​មិន​ផុត ហើយ​អ្នកបើកបរ​រៀង​ស្រវឹង​ផង​នោះ ទើប​បណ្ដាល​​ឲ្យ​រថយន្ត​ជ្រុល​ទៅ​បុក និង​កៀរ​រ៉ឺ​ម៉ក​ម៉ូតូ​ពីក្រោយ រួច​រុញ​ផ្ទុប​នឹង​ដើម​ក្ងោក ធ្វើ​ឲ្យ​កៅអី​ការ ខ្ទាត​បាក់រ​បាត់​រប៉ាយ​ពេញ​ផ្លូវ​តែ​ម្តង និង​ធ្វើ​អ្នក​ជិះ​ម៉ូតូ​រ៉ឺ​ម៉ក​ទាំង​២​នាក់​រង​របួស​ចុក​ឆ្អល់ ដេក​រនាល​ពេញ​ថ្នល់​តែ​ម្តង ។

ប្រភព​ដដែល​បន្ត​ថា ស្រប​ពេល​នោះ​រថយន្ត​បង្ក​នៅ​មិន​ទាន់​អស់​ល្បឿន​នោះ​ទេ ក៏​ជ្រុល​ទៅ​បុក​ទ្វារផ្ទះ​លក់​គ្រឿងសំណង់ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​អស់​២​ប្រឡោះ ថែម​ទាំង​វិល​ក្បាល​រថយន្ដ​បត់​ត្រលប់​ក្រោយ​វិញ តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ដែល​ជិះ​ក្នុង​រថយន្ត​នោះ​ទេ ។

ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ដែរ ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​ទាំង​២​នាក់ ត្រូវ​បាន​បងប្អូន ជួយ​លើកដាក់​ម៉ូតូ​កង់​បី និង​ម្នាក់​ទៀត​តាម​រថយន្ត​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ក៏​ដូច​ជា​ជំនាញ​ចរាចរណ៍ បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ក៏​បាន​ឃាត់ខ្លួន​អ្នកបើកបរ ព្រមទាំង​ធ្វើការ​វាស់វែង​យក​រថយន្ត និង​ម៉ូតូ​យក​ទៅ​រក្សា​ទុក​នៅ​ការិយា​ល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ជា​បន្ត​ទៀត​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ