ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់​ជីវប្រវត្តិ​ខ្លះ​ៗ​ពី​ម្ចាស់​បទ «​ចាប​​យំ​ល្វើយ​ៗ» កំពុង​តែ​ផ្ទុះ​ការ​គាំទ្រ​ខ្លាំង​​(​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បទ​ចម្រៀង​មួយ​បទ​មានឈ្មោះ​ថា «​ចាប​យំ​ល្វើយ​ៗ» កំពុង​តែ​ល្បីឈ្មោះ វ៉ា​ដល់​កំពូល​តែ​ម្តង សម្រាប់​ប​ច្ចប្ប​ន្ន មិន​ថា​តែ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឬ​នៅ​ទីកន្លែង​ណា​ឡើយ​។ ចម្រៀង​ចាក់​ដោត​មួយ​នេះ…

រាជធានី​ភ្នំពេញ ៖ បទ​ចម្រៀង​មួយ​បទ​មានឈ្មោះ​ថា «​ចាប​យំ​ល្វើយ​ៗ» កំពុង​តែ​ល្បីឈ្មោះ វ៉ា​ដល់​កំពូល​តែ​ម្តង សម្រាប់​ប​ច្ចប្ប​ន្ន មិន​ថា​តែ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឬ​នៅ​ទីកន្លែង​ណា​ឡើយ​។ ចម្រៀង​ចាក់​ដោត​មួយ​នេះ កំពុង​តែ​ផ្ទុះ សម្រាប់​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ​ទៀត​ផង​។ ជា​ពិសេស​នឹង​បញ្ចូល​ជា​គ្រឿងផ្សំ​ធ្វើ​ឱ្យ​បរិយាកាស​ឱ្យ​កាន់តែ​សប្បាយ​រីករាយ​។

បទ «​ចាប​យំ​ល្វើយ​ៗ» បាន​ធ្វើ​ឱ្យ​ផ្ទុះ​ការ​គាំទ្រ រហូត​ធ្វើ​ឱ្យ​ម្ចាស់​បទ ដែល​ឆ្លងកាត់​សិល្បៈ​រាប់​ឆ្នាំ ស្រាប់តែ​ឆក់​ឱកាស​ទទួល​បាន​ប្រជាប្រិយភាព​មួយ​រយៈ​នេះ នោះ​គឺ​លោក​ចាន់ មក​រា​។ ហើយ​លេច​ឭ​ថា តារា​ប្រុស​រូប​នេះ​កំពុង​តែ​សម្បូរ​ការងារ​រត់​រក​ច្រើន​នៅ​តាម​កម្មវិធី មិន​ថា​មង្គលការ ជប់លៀង ឬ​ឱកាស​ឡើង​ច្រៀង​តាម​បណ្តា​ស្ថានីយ​ទូរ​ទស្ស​ន៏​នោះ​ទេ​។

តាម​ការ​ឱ្យ​ដឹង​ទៀត​ថា លោក ចាន់ មក​រា ហក់​ប្រឡូក​សិល្បៈ​ប្រមាណ​២០​ឆ្នាំ ទើបតែ​ចាប់ បានការ​ទាក់ទាញ​មួយ​បទ​នេះ ធ្វើ​ឱ្យ​ទីផ្សារ​ឡើង​ប្លែក​ឆ្ងាយ​ជាង​មុន ។ ហើយ​មហាជន​មួយ​ចំនួន​ធំ ពិតជា​បាន​ជ្រាប​ច្បាស់​ណាស់​ទៅ​ហើយ​នូវ បទ «​ចាប​យំ​ល្វើយ​ៗ» កំពុង​ផ្ទុះ​ល្បី​យ៉ាង​ខ្លាំង ហើយ​គេ​ក៏​បានឃើញ​បងប្អូន​ខ្មែរ​មួយ​ចំនួន​យក​បទ​នេះ ទៅ​ច្រៀង​តាម​កម្មវិធី​តូច​ធំ មិន​ដែល​ដាច់​ឡើយ​។

បទ​នេះ ជា​បទ​និពន្ធ​ថ្មី និពន្ធ​ទំនុកច្រៀង និង Melody ដោយ រ័​ត្ន តា​ម៉ូ ហើយ​ធ្វើការ​បកស្រាយ​ដោយ លោក ចាន់ មក​រា​។ អ្វី​ដែល​កាន់តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ ខណៈ​ពេល​លោក​កំពុង​ឡើង​បកស្រាយ​បទ​ចម្រៀង​ជា​ច្រើន​បទ​យ៉ាង​ពីរោះ​រណ្តំ នៅ​ក្នុង​ពិធី​នេះ គេ​ក៏​បានឃើញ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្តល់​កិត្តិយស​យក​ផ្កា​ឡើង​ប្រគល់​ជូន​លោក ដល់​វេទិកា​តែ​ម្តង ព្រមទាំង​បកស្រាយ​ចម្រៀង​ជាមួយ​ទៀត​រហូត​ដល់​ចប់​១​បទ ។

ចង់​ដឹង​ថា លោក​មាន​ប្រវត្តិ​ជីវិត​បែប​ណា អ្នក​យក​ព័ត៌មាន​យើង បាន​ជួប​សម្ភាសន៍​ដោយ​ផ្ទាល់​ជាមួយ​លោក ចាន់ មក​រា ។ លោក​ចាន់ មក​រា មាន​អាយុ​៣៩​ឆ្នាំ មានកូន​៤​នាក់ ។ លោក​ជា​អ្នក​កំពង់សោម ដែល​មុន​ចូល​សិល្បៈ​លោក បាន​ហែល​ឆ្លង​ជីវិត​ជា​អ្នកនេសាទ នៅ​លើ​សាគរ ខេត្ត​ព្រះ​សីហ​នុ ប្រមាណ​ជិត​៥​ឆ្នាំ​។

លោក​មក​រា រំលឹក​ថា «​កាល​នៅ​ជា​កម្មករ​នេសាទ ១​ថ្ងៃ​រក​ចំណូល​បាន​តែ​១០០​បាត​ប៉ុណ្ណោះ ។ ព្រោះតែ​កត្តា​ជីវភាព ទើប​តម្រូវ​ឱ្យ​លោក​ខំ​រស់នៅ​លើ​ទូក​នេសាទ យូរ​តែ​ម្តង ឡើង​កាន់​ឆ្នាំ​»​។ មាន​ពេល​មួយ ជា​គ្រោះ​អកុសល​ធំ​ដែល​លោក​ចង​ចាំ​កាលនោះ ទូក​នេសាទ​លិច ដោយ​១​ទូក​មាន​សមាជិក​៧​ទៅ​៨​នាក់ បាត់បង់​ជីវិត​។ ចំណែក​រូប​លោក​វិញ ចេះ​បាន​យក​ប៊ីដុង​ទទេរ​ចង​ឱប​ជាមួយ​ក្រមា បណ្តែត​លើ​ទឹក​ល្ហល្ហេវ​ជិត​២​ថ្ងៃ គ្មាន​អ្វី​ហូប ក្រៅពី​ផឹកទឹក​សមុទ្រ​ដ៏​ប្រៃ ទៅ​ជា​បែប​ណា​ក៏​ទៅ​ចុះ ព្រោះ​អស់ជម្រើស​ហើយ ។ តែ​វាសនា​ល្អ មាន​ទូក​គេ​បរ​កាត់​ក៏​ជួយ​សង្គ្រោះ​ឱ្យ​រស់រាន​មានជីវិត​ពី​ពេល​នោះ​មក​។

ចំពោះ​មុខងារ​សិល្បៈ​វិញ លោក​ចូល​ចិត្ត​ច្រៀង​តាំងពី​នៅ​លើ​ទូក មានកូន​ម៉ា​ញ៉េ​មួយ​យក​តាម និង​ទិញ​សៀវភៅ​ចម្រៀង​ទុក​ច្រៀង តាម​ពេលទំនេរ​ការងារ​។ ចិត្ត​ស្រឡាញ់​សិល្បៈ​នៅ​តែ​មាន តែ​អត់​ដឹង​ថា មានឱកាស​ច្រៀង​បែប​ណា យើង​ក្រ​មិន​មាន​ស្គាល់​គេ បាន​ត្រឹមតែ​អង្គុយ​មើល​គេ​ច្រៀង​តាម​ទូរទស្សន៍​តែ​ប៉ុណ្ណោះ​។

បន្ទាប់​ពី​បោះបង់​ការងារ​នេសាទ មក​នៅ​លើគោក​វិញ ចាំ​ផ្តើម​រក​ឱកាស​ដើរ​សុំ​គេ​ច្រៀង តាម​ហាង​នៅ​កំពង់សោម ដោយសារ​តែ​អ្នក​ស្គាល់​លោក​ចេះ​តែ​និយាយ​ថា លោក​សំឡេង​ល្អ​កុំ​ទុក​ចោល​។ ម្ល៉ោះហើយ ក៏​ចេះ​តែ​ស្វែងរក រហូត​ទទួល​បានការ​ងារ​ជា​តារាចម្រៀង​ប្រចាំ​ហាង ពី​មួយ​ទៅ​មួយ​នៅ​កំពង់សោម​។ លុះ​ក្រោយមក​ក៏​ប្តូរ​មក​ច្រៀង​នៅ​ភ្នំពេញ តាម​ការ​ណែនាំ​របស់​អ្នក​ស្គាល់ ក៏​មានឱកាស​បង្ហាញ​វត្ត​មាននៅ​តាម​កញ្ចក់​ទូរទស្សន៍​នានា ។

បន្ត​មក​ទៀត ទើបបាន​ឱកាស​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​ក្រៅ​ជា​បន្តបន្ទាប់​ដូច​ជា អូស្ត្រាលី​ជា​ដើម​។ ដោយឡែក​ច​ម្រ​ង​បទ​ផ្ទាល់ខ្លួន​លោក​មាន​ច្រើន ដែល​ច្រៀង​បង្ហោះ​លើ​យូ​ធូប រហូត​ប៉ះ​បទ «​ចាប​យំ​ល្វើយ​ៗ» ដែល​ល្បី ដោយ​មិន​នឹក​ស្មាន​សោះឡើយ ព្រោះ​សិល្បៈ​២០​ឆ្នាំ​ហើយ អត់​ដឹង​ថា ល្បី​ផ្លូវ​ណា​ទៀត​ទេ បើ​យើង​ចាស់ទុំ​ទៅ​ហើយ​នោះ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ