ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ដោយ​ផ្លូវជាតិ​លេខ​៣​ក្លាយជា​ចំណាប់អារម្មណ៍​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​ទោះបី​មាន​បញ្ហា​កូ​វី​ដ​១៩​ក្តី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​តម្រូវការ​លំនៅ​ឋាន​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​រាជធានី​ភ្នំពេញ​នៅ​តែ​មាន​កំណើន​ខ្ពស់ តំបន់​ផ្លូវជាតិ​លេខ​៣ ជាយ​រាជធានី​ភ្នំពេញ​បាន​ក្លាយជា​តំបន់​ដែល​មាន​ចំណាប់អារម្មណ៍​ពី​សំណាក់​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន ជាក់ស្ដែង​គេ​សង្កេត​ឃើញ​ថា នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ នៅ​ជាយ​រាជធានី មាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​ធំ​ៗ​បាន​នាំ​គ្នា​ទៅ​អភិវឌ្ឍន៍​លំនៅ​ឋាន​ដើម្បី​ទៅ​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​តម្រូវការ​លំនៅ​ឋាន​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​រាជធានី​ភ្នំពេញ​នៅ​តែ​មាន​កំណើន​ខ្ពស់ តំបន់​ផ្លូវជាតិ​លេខ​៣ ជាយ​រាជធានី​ភ្នំពេញ​បាន​ក្លាយជា​តំបន់​ដែល​មាន​ចំណាប់អារម្មណ៍​ពី​សំណាក់​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន ជាក់ស្ដែង​គេ​សង្កេត​ឃើញ​ថា នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ នៅ​ជាយ​រាជធានី មាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​ធំ​ៗ​បាន​នាំ​គ្នា​ទៅ​អភិវឌ្ឍន៍​លំនៅ​ឋាន​ដើម្បី​ទៅ​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ បើ​ទោះបីជា​បច្ចុប្បន្ន​នេះ​កម្ពុជា​មាន​សកម្មភាព​ទិញ​-​លក់​អចល​ទ្រព្យ​ហាក់​ស្ងប់ស្ងាត់​ដោយសារ​តែ​ឥទ្ធិពល​ជំងឺ​រលាក​សួត​ថ្មី​បង្ក​ឡើង​ដោយ​វីរុស​កូ​វី​ដ​-១៩ ក្ដី ។

យោង​តាម​លោក​ច្រឹ​ក​សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​កាលៈទេសៈ​នេះ​លំនៅ​ឋាន​តម្លៃ​ក្រោម​២០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​នៅ​តែ​មានការ​ទិញ​-​លក់​ធម្មតា ហើយ​អ្នក​អភិវឌ្ឍន៍​នៅ​តែ​បន្ត​អភិវឌ្ឍន៍​ដើម្បីផ្គត់ផ្គង់​ទៅ​អ្នកមាន​តម្រូវការ ដូច​ជា​ផ្ទះល្វែង តម្លៃ​៧​ម៉ឺន​ដុល្លារ ទៅ​៨​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ជាដើម ។ លោក​បាន​បន្ត​ថា​លោក​នៅ​តែ​ជឿជាក់​ថា «​ជំងឺ​កូ​វី​ដ ១៩ នឹង​ត្រូវ​បាន​រលត់​ស្ងប់ស្ងាត់​ទៅ​វិញ​នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី ហើយ​ការ​វិនិយោគ​លើ​អចលនទ្រព្យ​នឹង​ត្រលប់​មក​ដូច​ដើម​វិញ ។ តែ​យ៉ាងណា​ក៏​ដោយ ក្នុង​ពេល​ស្ថានភាព​ផ្ទុះ​ជំងឺ​នេះ អ្នក​វិនិយោគ​មួយ​ចំនួន​នៅ​តែ​បន្ត​ដាក់​ទុន​វិនិយោគ​ជាក់ស្ដែង គម្រោង​សាងសង់​លំនៅ​ឋាន​បុរី​នានា​នៅ​តែ​បន្ត និង​ចាប់ផ្ដើម​សាងសង់​ថ្មី​ៗ » ។

​លោក​កន សុខ​គា ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​អ​ភី​វឌ្ឍន៍​បុរី​មួយ​នៅ​តាមបណ្ដោយ​ផ្លូវជាតិ​លេខ​៣ បាន​និយាយ​ថា ការ​អភិវឌ្ឍ​លំនៅ​ឋាន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជា​ពិសេស​នៅ​ជាយ​រាជធានី​ភ្នំពេញ នៅ​តែ​មាន​សកម្មភាព​ខ្ពស់ ហើយ​ការ​ផ្គត់ផ្គង់​នៅ​មិន​ទាន់​គ្រប់គ្រាន់​ទៅ​តាម​តម្រូវការ​នៅឡើយ បើ​ធៀប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ដូច្នេះ ទើប​អ្នក​អភិវឌ្ឍន៍​នៅ​តែ​បន្ត​អភិវឌ្ឍន៍ ។ ​លោក​បាន​បន្ត​ថា សម្រាប់​ទីតាំង​នៅ​ពេល​បច្ចុប្បន្ន​នេះ ឃើញ​ថា​ទីណា​ក៏​មានការ​អភិវឌ្ឍ​លំនៅ​ឋាន​ដែរ ហើយ​សម្រាប់​ផ្លូវជាតិ​លេខ​៣​ក៏​បាន​ក្លាយជា​ទីតាំង​ដ៏​មាន​សក្ដានុពល​មួយ​ក្នុង​ការ​អភិវឌ្ឍ​លំនៅ​ឋាន ក្នុង​ពេល​បច្ចុប្បន្ន​នេះ ដោយសារ​តែ​តំបន់​ផ្លូវជាតិ​លេខ​៣​ជា​ផ្លូវ​ដ៏​សំខាន់​មួយ ដែល​រាជរដ្ឋាភិបាល​យកចិត្តទុកដាក់​អភិវឌ្ឍន៍ និង​យក​ផ្លូវ​នេះ សម្រាប់​ជា​ផ្លូវ​ពាណិជ្ជកម្ម​សម្រាប់​ចរន្ត​សេដ្ឋកិច្ច​ផង​ដែរ ។

​លោក​បន្ថែម​ថា នៅ​ក្នុង​ពេល​មាន​បញ្ហា​វីរុស​កូ​រ៉ូ​ណា ឬ​ជំងឺ​កូ​វី​ដ​១៩​កំពុង​សាយភាយ​នៅ​លើ​ពិភពលោក​និង​បាន​ជះ​ឥទ្ធិពល ដល់​សេដ្ឋកិច្ច​កម្ពុជា តែ​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​នៅ​តែ​បន្ត​អភិវឌ្ឍន៍​ដដែល ដើម្បី​បំពេញតម្រូវការ​ស្រប​ពេល​រដ្ឋាភិបាល​ក៏​បាន​ប្រកាស​លើកលែង​ពន្ធ​ប្រថាប់ត្រា​ដល់​លំនៅ​ឋាន​ដែល​មាន​តម្លៃ ក្រោម​៧​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ ។ លោក​ថា​៖« ទោះបីជា​រដ្ឋាភិបាល​ប្រកាស​ត្រឹមតែ​ក្រោម​៧​ម៉ឺន​ទើប​លើកលែង​ពន្ធ ប្រថាប់ត្រា​ក្ដី សម្រាប់​បុរី វឌ្ឍនៈ​ក៏​នឹង​លើកលែង​គ្រប់​លំនៅ​ឋាន​ដែល​ខ្លួន​អភិវឌ្ឍន៍ ទោះបីជា​តម្លៃ​ខ្ពស់​ជាង​នេះ​ក្ដី ដើម្បី​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​លំនៅ​ឋាន​ជាមួយ​រដ្ឋាភិបាល​កម្ពុជា »​។

​គួរ​បញ្ជាក់​ថា ផ្លូវជាតិ​លេខ​៣ ជា​ផ្លូវ​មួយ​បាន​បើក​ការដ្ឋាន​ពង្រីក​ជា​ពីរ​គន្លង​ទៅ​បួន​គន្លង​ដោយ​មាន​ពីរ​គន្លង​ទៅ និង​ពីរ​គន្លង​មក ដើម្បី​សម្រួល​ដល់​ចរាចរណ៍ និង​ត​ភ្ជាប់​ពី​រង្វង់​មូល​ចោម​ចៅ​ដល់​ផ្លូវបំបែក បែក​គុ​ស​ក្នុង​ទឹកដី​ខេត្តតាកែវ ។ ផ្លូវ​នេះ​ជា​ផ្លូវ​សំខាន់​ដែល​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ទៅ​កាន់​ខេត្តកំពត និង​តទៅ​ខេត្ត​ព្រះ​សីហ​នុ ជា​ខេត្ត​ពាណិជ្ជកម្ម ឧស្សាហកម្ម​និង​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ នៅ​ប្រទេស​កម្ពុជា ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ