ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ជើង​ខ្លាំង​កម្ពុជា២​រូបត្រៀម​កណ្ដាប់​ដៃ​ដណ្ដើម​ប្រាក់​លាន​ជាមួយ​​​ថៃ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កីឡាករ​ជើង​ខ្លាំង​កម្ពុជា​ចំនួន​ពីរ​រូប​បាន​ត្រៀមខ្លួន​រួចរាល់​អស់ ហើយ​ដើម្បី​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ក្រុមហ៊ុន​ខា​រ៉ា​បាវ​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី នា​ថ្ងៃ​សៅរ៍​ទី​១៤ មីនា ស​ប្ដា​ហ៍​នេះ​។ កីឡាករ​ជើង​ខ្លាំង​កម្ពុជា​ទាំង​ពីរ​នាក់​នោះ​មាន ឡៅ ចិ​ត្រា…

រាជធានី​ភ្នំពេញ ៖ កីឡាករ​ជើង​ខ្លាំង​កម្ពុជា​ចំនួន​ពីរ​រូប​បាន​ត្រៀមខ្លួន​រួចរាល់​អស់ ហើយ​ដើម្បី​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ក្រុមហ៊ុន​ខា​រ៉ា​បាវ​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី នា​ថ្ងៃ​សៅរ៍​ទី​១៤ មីនា ស​ប្ដា​ហ៍​នេះ​។

កីឡាករ​ជើង​ខ្លាំង​កម្ពុជា​ទាំង​ពីរ​នាក់​នោះ​មាន ឡៅ ចិ​ត្រា មក​ពី​ក្លិប​កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​៩១១​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​ថៃ នឹង​ត្រា​កាន់ ក​.​កា​មន្ត​វ៉ា​ត ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម និង​អ្នក​ប្រដាល់​ជើង​ចាស់ ឡុ​ង សុវណ្ណ​ឌឿ​ន មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ​ថៃ ណូ​មីន ត​.​បូ​ម៉ាត ក្នុង​ប្រភេទ​ទម្ងន់​៧១​គីឡូក្រាម​។

ឡៅ ចិ​ត្រា ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជា​កំពូល​អ្នកលេង​ស្នៀត​កណ្ដាប់ដៃ​និង​ជើង លឿន​រហ័ស​ដូច​រន្ទះ ឯ​ស្នៀត​កែង​និង​ជង្គង់​វិញ​ពេល​វាយ​ចេញ​ម្ដង​ៗ​បង្ក​គ្រោះថ្នាក់​បំផុត​។​នេះ​ក៏​ជា​លើក​ទី​១​ផង​ដែរ​ដែល​កីឡាករ​រូប​នេះ​ឈាន​ជើង​ឡើង​ប្រកួត​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​។

បើ​ក្រឡេក​មើល​ដៃគូ​របស់​គេ​វិញ​ក៏​មិនជា​អន់​នោះ​ដែរ ។ នឹង​ត្រា​កាន់ ក​.​កា​មន្ត​វ៉ា​ត ជា​អ្នក ប្រដាល់​ដែល​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​យ៉ាង​ជោកជាំ និង​ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​រាប់​ភ្លេច​ទៀត​ផង ។ កីឡាករ​ថៃ​ម្នាក់​នេះ​រឹង​មាំ​ខ្លាំង​ណាស់ ស្នៀត​ប្រយុទ្ធ​ក៏​ល្អ​មិនដឹង​ថា​កីឡាករ​កម្ពុជា​អាច​យកឈ្នះ​គេ​បាន​ដោយ​របៀប​ណា​ដោយសារ​ពួក​គេ​ទាំង​ពីរ​គ្មាន​ប្រវត្តិ​ប៉ះ​គ្នា​សោះ ។ ចាំ​មើល​អ្នក​ណា​ជា​ម្ចាស់​ប្រាក់​លាន​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​។

ឡុ​ង សុវណ្ណ​ឌឿ​ន និង​ណូ​មីន ត​.​បូ​ម៉ាត ក៏​មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​មក​ដែរ ។ ឡុ​ង សុវណ្ណ​ឌឿ​ន មួយ​រយៈ​កន្លង​មកនេះ រាសី​របស់​គេ​រាង​ឡើង​ខ្ពស់​គ្រាន់បើ ជាក់ស្ដែង​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ​មិន​ដែល​ចាញ់​នោះ​ទេ ។ ប្រកួត​លើក​នេះ​មិនដឹង​ថា ឡុ​ង សុវណ្ណ​ឌឿ​ន អាច​យកឈ្នះ​គូប្រកួត​ដែរ​ឬ​យ៉ាងណា ខណៈ​កីឡាករ ថៃ​ដែល​គេ​ត្រូវ​ជួប​នា​ពេល​នេះ​ហាក់​មាន​សមត្ថភាព​ខ្លាំង​ពិបាក​ផ្ដួល​អ៊ីចឹង​នោះ​។

ចំណែក​គូប្រកួត​មិត្តភាព​វិញ​កីឡាករ ពុទ្ធ ម៉ា​ណូ​យ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ​ប្រកួត​ជាមួយ​កីឡាករ សូត្រ វាសនា មក​ពី​ក្លិប​បក្សី​ស្លាប​ដែក​។ កីឡាករ ម៉ុ​យ លី​ម៉ូ មក​ពី​ក្លិប​គោព្រៃ​គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ សួន សុ​ជាតិ មក​ពី​ក្លិប​ពន្លឺ​វិបុល​ដា​រិ​ទ្ធ​ខណ្ឌ​ពោធិ​សែន​ជ័យ និង​គូ​ប្រកួត​បើក​ឆាក កីឡាករ ធន់ វ​ណ្ណា​មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​ប្រកួត​ជាមួយ​កីឡាករ រ៉ា រ៉​ង មក​ពី​ក្លិប​កង ពល​តូច​ទ័ព​ពិសេស​ឆត្រយោង​៩១១ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ