ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ក្រុមហ៊ុន​២០​ហើយ ទទួលយក​ពាក្យ​សុំ​ដេញថ្លៃ​ប្រមូល​សំរាម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១០ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២០​នេះ សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​ផ្តល់​ការ​ចាប់​អារម្មណ៍​ទៅ​លើ​បញ្ហា​អនាម័យ…

រាជធានី​ភ្នំពេញ ៖ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១០ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២០​នេះ សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​ផ្តល់​ការ​ចាប់​អារម្មណ៍​ទៅ​លើ​បញ្ហា​អនាម័យ បរិស្ថាន​ក្នុង​ទីក្រុង​, ការ​ពង្រឹង​យន្តការ​សមាគម​មនុស្ស​ចាស់​ដែល​មាន​ស្រាប់​តាម​សង្កាត់​ទាំង​១០៥ ក្នុង​រាជធានី​ភ្នំពេញ ដោយ​មានការ​អ​ញ្ចើ​ញ​ចូលរួម​ពី​លោក ប៉ា សុ​ជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​។

លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ ទទួល​បន្ទុក​ការងារ​សម្រាម​បាន​ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ​មាន​ក្រុមហ៊ុន​ចំនួន​២០​ហើយ បាន​មក​យកពាក្យ​ដេញថ្លៃ​ប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ ដែល​កាលបរិច្ឆេទ​នៃ​ការ​ទទួល​ពាក្យ​ដាក់​ដេញថ្លៃ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២០​ខាង​មុខ​នេះ​។

លោក​បន្ត​ថា នៅ​ពេល​ខាង​មុខ យើង​នឹង​រៀបចំ​ការ​ប្រមូល​សំរាម​ជា​៣​តំបន់​ក្នុង​ខណ្ឌ​ទាំង​១៤​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ក្នុង​មួយ​តំបន់​មាន​១​ក្រុមហ៊ុន​ជា​អ្នក​ទទួលខុសត្រូវ​។

ចំណែក​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា បញ្ហា​អនាម័យ​ជា​បញ្ហា​សំខាន់​មួយ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​យកចិត្តទុកដាក់ តែ​បញ្ហា​ចន្លោះ​ប្រហោង​នៅ​តែ​មាន​ដោយ​​ជៀស​មិន​ផុត​។ តែ​យ៉ាងណា រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ទទួលយក​ការ​លើក​ឡើង​របស់​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ដើម្បី​បំពេញបន្ថែម​នូវ​ចំណុច​ខ្វះខាត​លើ​ការ​ធ្វើ​អនាម័យ​។

ពាក់​ព​ន្ធ័​នឹង​ការ​ធ្វើ​សមា​ហរ​ណ៍​មុខងារ​របស់​មន្ត្រី ដើម្បី​ជំរុញ​ការ​អនុវត្ត​គោលនយោបាយ​វិ​ម​ជ្ឍ​ការ​ថ្នាក់​ក្រោម​ជាតិ ដោយ​ផ្ទេរ​ទាំង​មុខងារ​, ធនធាន​, ថវិកា គឺ​ត្រូវ​មានការ​តាមដាន​ត្រួតពិនិត្យ​ជា​ប្រចាំ និង​សំខាន់​ទៀត​នោះ គឺ​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ទាន់​ពេលវេលា​។

រីឯ លោកប៉ា សុ​ជាតិ​វង្ស បាន​កោតសរសើរ ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដំណើរការ​អភិវឌ្ឍ​ន៏​រាជធានី​ភ្នំពេញ និង​សុំ​ឲ្យ​ធ្វើ​ការងារ​ជា​លក្ខណៈ​ប្រព័ន្ធ​ដោយ​បន្ស៊ី​គ្នា​រវាង​របាយការណ៍ និង​ការងារ​អនុវត្ត​ជាក់ស្ដែង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ