ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកម្តាយ២រូបរស់រំពឹង​លើ​កូន​តូច​ៗ​ដើរ​ឆ្លុះ​សត្វ​កណ្ដុរ​​បានប្រាក់មក​ចិញ្ចឹមក្រពះ​

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ មិនមែន​ជា​រឿង​ធម្មតា​ទេ​ នៅពេល​ដែល​បានឃើញ​ពួក​កុមា​រា កុមារី​តូច​ៗ ដែលមាន​​អាយុ​ក្រោយ​១៥​ឆ្នាំ រស់នៅ​ភូមិ​អ្នកតា​ទ្វារ នាំ​គ្នា​ចេញ​ទៅ​ឆ្លុះ​សត្វ​កណ្ដុរ​ពេល​យប់​នៅ​តាម​វាលស្រែ និង នៅ​តាម​ព្រៃរនាម​ក្នុង​តំបន់​ទន្លេសាប…

ខេត្តបាត់ដំបង ​៖ មិនមែន​ជា​រឿង​ធម្មតា​ទេ​ នៅពេល​ដែល​បានឃើញ​ពួក​កុមា​រា កុមារី​តូច​ៗ ដែលមាន​​អាយុ​ក្រោយ​១៥​ឆ្នាំ រស់នៅ​ភូមិ​អ្នកតា​ទ្វារ នាំ​គ្នា​ចេញ​ទៅ​ឆ្លុះ​សត្វ​កណ្ដុរ​ពេល​យប់​នៅ​តាម​វាលស្រែ និង នៅ​តាម​ព្រៃរនាម​ក្នុង​តំបន់​ទន្លេសាប ឆ្ងាយ​ដាច់​ពី​ភូមិ​រាប់​សិប​គីឡូម៉ែត្រ ​គួរ​ឱ្យ​ស​ង្វេគ​បំផុត ដើម្បី​លក់​យក​ប្រាក់​ជូន​ម្ដាយ និងចិញ្ចឹម​គ្រួសារ​។ ជា​ពិសេស​ ក្មេង​តូច​ៗ​ដែល​រស់នៅ​ក្នុង​គ្រួសារ​ស្ត្រី​មេម៉ាយ​ទុរគតគ្មាន​ទីពឹង ខណៈ​ពួក​គេ​មួយ​ចំនួន​មិន​ធ្លាប់​ស្គាល់​សាលារៀន​សោះ ព្រោះតែ​ជីវភាព​ក្រីក្រពេក ​។

ភូមិ​អ្នកតា​ទ្វារ ស្ថិត​ក្នុង​ឃុំប្ញ​ស្សី​ក្រាំង ស្រុក​មោង​ប្ញ​ស្សី មាន​ចម្ងាយ​ពី​ផ្លូវជាតិ​លេខ​៥ ជាង​២០​គីឡូម៉ែត្រ ដែល​មាន​ភូមិសាស្ត្រ ជាប់​នឹង​តំបន់​ទន្លេសាប​ ។ មុខរបរ​បាញ់​កណ្ដុរ​របស់​ពួក​កុមា​រា កុមារី​ទាំងនេះ មិន មែន​ជា​ទំនៀប​ទំលាប់​របស់​អ្នក​ភូមិ​ទេ ។ ប៉ុន្តែ​ជីវភាព​ដ៏​តោ​កយ៉ាក​នៅ​ក្នុង​គ្រួសារ បាន​បង្ខំ​ឲ្យ​ពួក​គេ​ធ្វើ​បែប​នេះ​ ។ ពេល​យប់​ពួក​គេ​នាំ​គ្នា​ចេញ​ដើរ​ឆ្លុះ​បាញ់​កណ្ដុរ​យក​ទៅ​លក់ ហើយ​ពេល​ថ្ងៃ​ពួក​គេ​ទំនេរ​សម្រាក​នៅផ្ទះ​ តែ​អកុសល​ពួក​គេ​គ្មាន​ឱ​កាស​ស្គាល់​សាលារៀន​ឡើយ​ ។ បើ​តាម​ការ​សាកសួរ​អ្នក​ភូមិ និង​អាជ្ញាធរ​មូលដ្ឋាន​ថា ក្រុម​អ្នក​ប្រ​មាញ់សត្វ​កណ្ដុរ​ពេល​រាត្រី​ទាំងនេះ ភាគច្រើន​ជា​កូនចៅ​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ស្ត្រី​មេម៉ាយ​ទុរគត ដែល​គ្មាន​មុខរបរ គ្មាន​ផ្ទះសម្បែង​ស្នាក់​នៅ​ត្រឹម​ត្រូវ​ ។

ជួប​ជាមួយ​កោះសន្តិភាព កាលពី​ស​ប្ដា​ហ៍​មុន​នេះ ស្ត្រី​មេម៉ាយ​ឈ្មោះ សូរ ហយ បាន​បង្ហាញ​ពី​ភាព​សោក សៅ​បំផុត នៅ​ក្នុង​ខ្ទម​ដ៏​កំសត់​តូច​មួយ ដែល​មាន​តែ​ដំបូល​ប្រក់​ស្បូវ តែ​គ្មាន​ជញ្ជាំង ជាមួយនឹង​កូនប្រុស​ម្នាក់​អាយុ​៩​ឆ្នាំ​ ។ ស្ត្រី​វ័យ​៤២​ឆ្នាំ រូប​នេះ​បាន​និយាយ​ថា គាត់​មានកូន​ចំនួន​៤​នាក់ ក្នុង​នោះ​ស្រី​៣ តែ​ពួក​គេ​បាន​បែកខ្ញែក​អស់ហើយ សល់​តែ​កូនប្រុស​ម្នាក់​អាយុ​៩​ឆ្នាំ​នៅ​ក្នុង​បន្ទុក ឈ្មោះ ឌឿ​ន ដេ​ន ហៅ​កូនង៉ា​ ។ សព្វថ្ងៃ​គាត់​ជា​ស្ត្រី​មេម៉ាយ​ដែល​បាន​លែង​លះ​ស្វាមី​អស់​រយៈពេល​ច្រើន​ឆ្នាំ​ហើយ ដោយសារ​តែ​ស្វាមី​គាត់​មាន​ប្រពន្ធ​ថ្មី​ទៀត​ ។ អង្គុយ​លើ​គ្រែ​រនាម​ឈើ ក្នុង​ខ្ទម​ប្រក់​ស្បូវ​ដ៏​កំសត់ ដែល​គ្មាន​ជញ្ជាំង ជាមួយនឹង​កូន​ប្រុស​របស់​គាត់ អ្នកស្រី សូរ ហយ បាន​រៀបរាប់​ថា «​ខ្ញុំ​គ្មាន​មុខរបរ​អ្វី​ទេ ​។ ខ្ញុំ​រំពឹង​ទាំងស្រុង​លើ​កូនប្រុស​ដើរ​ឆ្លុះ​កណ្ដុរ​ពេល​យប់ ដើម្បី​លក់​គ្រាន់​បាន​ប្រាក់​បន្តិច​ប​ន្ទូ​ច​ចិញ្ចឹម​ខ្លួន​។

ក្រៅពី​ពឹង​លើ​ប្រាក់​លក់​កណ្ដុរ​របស់​កូន ខ្ញុំ​ក៏​ឆ្លៀត​ទៅ​ស៊ី​ឈ្នូ​ល​លាងចាន​ឲ្យ​គេ​នៅ​ក្នុងភូមិ ដើម្បី​បាន​កំរៃ​ខ្លះ​ៗ ផ្សំគ្នា​ជាមួយ​កូន​ដែរ ហើយ​អ្នក​ភូមិ​ក្បែរ​ខាង​ក៏​តែង​ផ្ដល់​ម្ហូបអាហារ​មក​ឲ្យ​ខ្ញុំ​ហូប​ជាមួយ​កូន​ញឹក​ញាប់ដែរ ជា​ពិសេស​ម្ចាស់​ខ្ទម​ដែល​ឲ្យ​ខ្ញុំ​ស្នាក់​នៅ​នេះ​តែ​ម្ដង​»​។ នៅ​ពេល​សួរ​ថា តើ​កន្លង​មក​ ធ្លាប់​មាន​សប្បុរសជន ឬ អាជ្ញាធរ​ជួយ​ឧបត្ថម្ភ​ជា​ស្បៀង ឬ សម្ភារ​ផ្សេង​ៗ​ខ្លះ​ទេ ? ស្ត្រី​មេម៉ាយ​រូប​នេះ ហាក់​មិន​ពូកែ​និយាយ​ស្ដី​ទេ គាត់​បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា «​អត់​ទេ​.! អត់​មាន​ទេ​.! ហើយ​ក៏​មិន​ដែល​មាន​អ្នក​មក​សួរនាំ​ខ្ញុំ​ដែរ​»​។ គាត់​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​គ្មាន​ផ្ទះ ​ឬ​ដី​ភូមិ​សម្រាប់​ស្នាក់​នៅទេ​។ កូនខ្ទម​គ្មាន​ជញ្ជាំង​ដ៏​តូច​ដែល​ខ្ញុំ និង​កូន​កំពុង​ជ្រក​សព្វ​ថ្ងៃនេះ ​គឺ​របស់​អ្នក​ភូមិ ឈ្មោះ​ហិត ណា​ក់ ដែល​ឲ្យ​គាត់​ស្នាក់​នៅ​បណ្ដោះអាសន្ន និង តែង​ជួយ​គាត់​រហូត​មក​»​។

កុមា​រា ឌឿ​ន ដេ​ន ហៅ​កូនង៉ា អាយុ​៩​ឆ្នាំ ដែល​កំពុង​អង្គុយ​ក្នុង​ខ្ទម​កំសត់​ក្បែរ​ម្ដាយបាន​និយាយ​ថា រៀង​រាល់ពេល​ថ្ងៃ​ហៀ​បលិច រូបគេ​និង​ក្មេង​ៗ​នៅ​ក្នុងភូមិ​ប៉ុន្មាន​នាក់​ទៀត ដែល​មាន​វ័យ​ស្របាល​ៗ​គ្នា បាន​រៀប​ចំ​ខ្លួន​ចេញ​ទៅ​រក​ឆ្លុះ​សត្វ​កណ្ដុរ នៅ​តាម​វាលស្រែ ឬ នៅ​តាម​តំបន់​ព្រៃរនាម​បឹង​ទន្លេសាប ដែល​មាន​ចម្ងាយ​រាប់​សិប​គីឡូម៉ែត្រ​ ។ កុមា​រា​អភ័ព្វ​រូប​នេះ​ បាន​និយាយ​ដូច្នេះ​ថា « ខ្ញុំ​និង​មិត្តភក្ដិ​ខ្ញុំ ត្រូវ​ចេញពី​ព្រលប់ ហើយ​ត្រឡប់​មក​ផ្ទះ​វិញ ​នៅ​ពាក់កណ្ដាល​អ​ធ្រា​ត្រ ជាមួយនឹង​សត្វ​កណ្ដុរ​ម្នាក់​ៗ​ពី​២០​ ទៅ​៣០​ក្បាល​។ ក្នុង​មួយ​យប់​ខ្ញុំ រក​ប្រាក់​បាន​ពី​ការ​លក់​កណ្ដុរ​ប្រហែល​៣​ ទៅ​៤​ពាន់​រៀល​យក​ឲ្យ​ម៉ែ​ខ្ញុំ​»​។ នៅ​ពេល​សួរ​ថា តើ​សព្វ​ថ្ងៃនេះ កូនង៉ា បាន​រៀនសូត្រ​ទេ ? គេ​គ្រវីក្បាល រួច​ឆ្លើយ​ថា «​ខ្ញុំ​មិន​បាន​រៀន​ទេ ព្រោះ​ម៉ែ​ខ្ញុំ​គ្មាន​ប្រាក់​ឲ្យ​រៀន​.. តែ​ខ្ញុំ​ចង់ទៅ​រៀន​ណាស់​»​។

ដោយឡែក ​ស្ត្រី​មេម៉ាយ​ម្នាក់​ទៀត​ ដែល​រស់នៅ​ក្នុងភូមិ​ក្បែរ​គ្នា គឺ​អ្នកស្រី តែម សុច អាយុ​៤៥​ឆ្នាំ បាន​ថ្លែងប្រាប់​កោះសន្តិភាព​ដែរ​ថា គាត់​រស់​ជា​ស្ត្រី​មេម៉ាយ​ថែ​ទាំង​កូនប្រុស​-ស្រី​ចំនួន​៣​នាក់ ក្រោម​ដំបូល​ខ្ទម​តូច​មួយ អស់​រយៈពេល​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​។ ព្រោះតែ​ជីវភាព​ក្រីក្រ​កូន​ៗ​គាត់​ទាំង​៣​នាក់​នោះ មិន​បាន​រៀនសូត្រ​ទេ​ ។ អ្នកស្រី តែម សុច បាន​ប្រាប់​ថា សព្វថ្ងៃ​កូនស្រី​ច្បង​គាត់​ម្នាក់​ឈ្មោះ ដូង ស៊ី​ឌី អាយុ​១៤​ឆ្នាំ បាន​ចូល​ប្រឡូក​យ៉ាង​ពេញទំហឹង​ជាមួយ​ក្មេង​ៗ​ក្នុងភូមិ​ដទៃ​ទៀត ដើរ​ឆ្លុះ​កណ្ដុរ​ពេល​យប់ ដើម្បី​លក់​យក​ប្រាក់​ចិញ្ចឹម​គ្រួសារ​។ គាត់​បាន​ពោល​ថា «​ខ្ញុំ​អាណិតកូន​ខ្ញុំ ណាស់ នាង​មាន​អាយុ​១៤​ឆ្នាំ​ហើយ តែ​មិន​ធ្លាប់​ចូល​សាលារៀន​សោះ​។ ព្រោះ​ខ្ញុំ​មិន​មាន​លទ្ធភាព​ឲ្យ​កូន​ទៅ​រៀន​ដូច​គេ​។ ពេល​យប់​នាង​ស្ពាយ​ជំ​ពាម​កៅស៊ូ និង ពាក់​កែវ​លើ​ក្បាល​ចេញ​ទៅ​ដើរ​ឆ្លុះ​កណ្ដុរ ជាមួយ​ក្មេង​ៗ​នៅ​ក្នុងភូមិ រហូត​ពាក់កណ្ដាល​អា​ធ្រា​ត្រ​ទើប​ត្រឡប់​មក​វិញ​។ ខ្ញុំ​គ្មាន​ច​ម្រើ​ស​ក្រៅពី​នេះ​ទេ​»​។

មិន​ខុស​ពី​ការ​បរិយាយ​របស់​ម្ដាយ​ទេ នៅ​ចំពោះ​មុខកោះសន្តិភាព នាង ដូង ស៊ី​ឌី អាយុ​១៤​ឆ្នាំ បាន​និយាយ​ថា ជា​រៀង​រាល់​យប់ នាង​តែង​ស្ពាយ​ជំ​ពាម​កៅស៊ូ​និង​ពាក់​កែវឆ្លុះ​នៅ​លើ​ក្បាល ចេញ​ទៅ​រក​បាញ់​កណ្ដុរ​ជាមួយ​ក្មេង​ៗ​នៅ​ក្នុងភូមិ តាម​វាលស្រែ​និង​នៅ​តាម​ព្រៃរនាម​ក្នុង​តំបន់​ទន្លេសាប រហូត​ដល់​ម៉ោង​១១​យប់ ទើប​ពួក​នាង​ត្រឡប់​មក​ផ្ទះ​វិញ​។ នាង​បាន​ប្រាប់​ថា សព្វថ្ងៃ​នាង​មិន​បាន​រៀនសូត្រ​ទេ ព្រោះ​គ្មាន​ប្រាក់​។ ទឹកមុខ​នាង​ហាក់​ស្រ​ងួ​ត​ស្រា​ង៉ា​ត់​បំផុត ដែល​គេ​អាច​យល់​បាន​ថា «​ទំនង​នាង​ស្គាល់​តែ​ភាព​លំបាកលំបិន និង ភាព​នឿយហត់ ច្រើន​ជាង​ភាព​សប្បាយ ដែល​ខុស​ពី​កូន​អ្នកមាន​ទ្រព្យធន​»​។ នៅ​ពេល​ផ្ដល់​បទ​សម្ភាស​ន៏​ដល់​កោះសន្តិភាព ជាមួយនឹង​ម្ដាយ​នាង នាង​ស៊ី​ឌី ហាក់​មិន​រាំរែក​ទៅ​នឹង​សំ​នូ​រ​ទេ​។

នៅ​ពេល​សួរ​ថា សព្វថ្ងៃ​ក្មួយ​មិន​បាន​រៀន​ទេ តើ​ថ្ងៃក្រោយ​ក្មួយ​ចង់​រៀន​ទេ ? នាង​បាន​ឆ្លើយ​យ៉ាង​រហ័ស​ទាំង​មិន​ទាន់​ចប់​សំនួរ​ផង​ថា «​ខ្ញុំ​មិន​ចង់​ទេ​»​។ នាង​ហាក់​អ៊ូ​ល​ដើម​ក​បន្តិច នូវ​ពេល​សួរ​បន្ត​ថា តើ​ហេតុ​អ្វី​បាន​មិន​ចង់​រៀន ? នាង​បាន​ឆ្លើយ​តប​យ៉ាង​ម៉ឺងម៉ាត់​ថា «​ខ្ញុំ​មិន​ចង់​រៀន​ទេ ព្រោះ​ខ្ញុំ​គ្មាន​ប្រាក់ ខ្ញុំ​ចង់រក​ប្រាក់​ចិញ្ចឹម​ម៉ែ​ខ្ញុំ​»​។ ម្ដាយ​របស់​នាង​ដែល​ឈរ​ក្បែរ​នោះ​សំឡឹង​មើល​មុខ​កូនស្រី ស្ទើរ​ស្រក់​ទឹកភ្នែក នៅ​ពេល​ឮ​កូនស្រី​វ័យ​១៤​ឆ្នាំ ពោល​ពាក្យ​បែប​នេះ​។ នាង​ដូង ស៊ី​ឌី បាន​ប្រាប់​ពី​ចំណូល ដែល​បាន​មក​ពី​ការ​ប្រឹងប្រែង​ឆ្លុះ​កណ្ដុរ​ពេល​យប់​ថា ក្នុង​មួយ​យប់​នាង​អាច​រក​ចំណូល​បាន​ប្រហែល​៧​ពាន់​រៀល​ឲ្យ​ម្ដាយ​របស់​នាង និង ទុក​ខ្លះ​សម្រាប់​ចាយ​ខ្លួនឯង​។

នា​រដូវប្រាំង​ក្ដៅ​ហូត​ហែង​បែប​នេះ គេ​មិនឃើញ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​នេះ មានការ​ងារ​ធ្វើ ដូច​នៅ​រដូវវស្សា​ទេ​។ ពលរដ្ឋ​ភូមិ​នេះ​ស្ទើរ​ទាំងអស់​មានមុខ​របរ​ធ្វើស្រែ និង នេសាទ​ជា​លក្ខណៈ​គ្រួសារ​។ ដោយឡែក​សកម្មភាព​ក្រុម​កុមា​រា កុមារី ដែល​ដើរ​បរបាញ់​សត្វ​កណ្ដុរ នៅ​ពេល​រាត្រី​ខាងលើ​នេះ បើ​តាម​អ្នក​ភូមិ​បាន​និយាយ​ថា ការ​បរបាញ់​សត្វ​កណ្ដុរ​របស់​ពួកក្មេង​ៗ​ទាំងនេះ វា​មិនមែន​ជា​ទំនៀប​ទំលាប់​របស់​អ្នក​ភូមិ​ទេ តែ​ដោយសារ​ជីវភាព​ក្រីក្រ ទើប​ជម្រុញ​ឲ្យ​ពួក​គេ​ធ្វើ​បែប​នេះ ដើម្បី​ជួយ​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ​។ អ្នក​ភូមិ​បាន​ប្រាប់​ថា មុខរបរ​ពួកក្មេង​ៗ​ទាំងនេះ អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង​ណាស់ ព្រោះ​ពួក​គេ​ដើរ​ដាច់​ឆ្ងាយ តាម​វាលស្រែ និង រហូត​ដល់​ព្រៃរនាម​បឹង​ទន្លេសាប​។ អ្នក​ភូមិ​ក៏​បាន​បញ្ជាក់​ដែរ​ថា គ្រួសារ​ស្ត្រី​មេម៉ាយ​នេះ ពិតជា​ក្រីក្រ​ខ្លាំង​មែន តែ​គេ​មិន​ដែល​ឃើញ​អាជ្ញាធរ ចេញ​ប័ណ្ណ​ក្រីក្រ​ដល់​គ្រួសារ​នេះ​ទេ​។ ដូច្នេះ​អាជ្ញាធរ​គួរតែ​សំឡឹង​មើល​ជីវភាព​គ្រួសារ​ក្រីក្រ​នេះ និង គ្រួសារ​ដទៃ​ទៀត​ផង​។

ពាក់ព័ន្ធ​នឹង​ជីវភាព​រស់នៅ របស់​អ្នក​ភូមិ​អ្នកតា​ទ្វារ​នេះ លោក​ងិ តាំង មេ​ភូមិ​អ្នកតា​ទ្វារ បាន​ថ្លែងប្រាប់​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​១២ មិ​នា នេះ​ថា បច្ចុប្បន្ន​ភូមិ​អ្នកតា​ទ្វារ មាន​ប្រជាពលរដ្ឋ​សរុប​ចំនួន​៣៥៩​គ្រួសារ មាន​មនុស្ស​រាយ​ប្រមាណ​ជាង​១,៥០០​នាក់ ហើយ​ពលរដ្ឋ​ប្រមាណ​៤០% ក្នុង​ចំណោម​នេះ​មាន​ជីវភាព​ក្រីក្រ​ខ្លាំង​បំផុត​។ គ្រួសារ​ខ្លះ​គ្មាន​ដីស្រែ គ្មាន​ដី​លំនៅ​ឋាន គ្មាន​ផ្ទះ​ស្នាក់​នៅ និង ខ្លះ​ទៀត​សុំ​ដី​គេ​រស់នៅ​បណ្ដោះអាសន្ន​។ លោក​ងិ តាំង បាន​ទ​ទូល​ស្គាល់​ពលរដ្ឋ​២​គ្រួសារ​ខាងលើ គឺ​ឈ្មោះ​សូរ ហយ និង ឈ្មោះ តែម សុច ដែល​សុទ្ធតែ​ជា​ស្ត្រី​មេម៉ាយ​នេះ​ថា ពិតជា​ក្រីក្រ​មែន គ្មាន​ផ្ទះ គ្មាន​ដី និង រស់នៅ​យ៉ាង​លំបាក​បំផុត​ជាមួយនឹង​កូន​តូច​ៗ​។

ប៉ុន្តែ​លោក​មេ​ភូមិ​រូប​នេះ ជំទាស់​និង​ការ​លើក​ថា កន្លង​មក​ពួក​គាត់​មិន​ធ្លាប់​ទ​ទូល​បាន​អំណោយ​ពី​សប្បុ​រសជន​ឬ​អាជ្ញាធរ​។ លោក​ងិ តាំង បាន​បញ្ជាក់​ថា គ្រួសារ​ក្រីក្រ​នេះ ធ្លាប់​ទ​ទូល​បាន​អំណោយ​ខ្លះ​ៗ​ដែរ​ពី​សប្បុរសជន តែ​មិន​បាន​ច្រើន​ទេ​។ ចំពោះ​ការ​ធ្វើ​ប័ណ្ណ​ក្រីក្រ​វិញ លោក​ទ​ទូល​ស្គាល់​ថា ពួក​គាត់​ពិតជា​មិន​ធ្លាប់​ធ្វើ​មែន ព្រោះ​ពេល​ថ្នាក់លើ​ចុះ​សួរនាំ​ដើម្បី​ធ្វើ​ប័ណ្ណ​ក្រីក្រ​នេះ ចំ​ពេល​គ្រួសារ​នេះ​ធ្វើ​ចំណាកស្រុក​ទៅ​រកស៊ី​បាត់​ពី​ផ្ទះ ទើប​អាជ្ញាធរ​ជួប​ការ​លំបាក​អំពី​បញ្ហា​នេះ​។ លោក​មេ​ភូមិ បាន​បញ្ជាក់​ថា សព្វថ្ងៃ​លោក​ក៏​កំពុង​ផ្ដោត​ខ្លាំង​លើ​២​គ្រួសារ​នេះ​ដែរ​។ ថ្មី​ៗ​នេះ​លោក​បាន​ចូលរួម​ប្រជុំ​ក្រុមប្រឹក្សា​ឃុំ ហើយ​បាន​លើក​ឡើង អំពី​ពលរដ្ឋ​ក្រីក្រ​នៅ​ក្នុង​មូលដ្ឋាន​នេះ​ដែរ​។ លោក​បាន​បន្ថែម​ថា មិនមែន​មាន​តែ​២​គ្រួសារ​នេះ​ទេ គឺ​មាន​ចំនួន​១១​គ្រួសារ ដែល​លោក​បាន​ធ្វើ​របាយ​ការ​ណ៏​ជូន​ក្រុមប្រឹក្សា​ឃុំ ដើម្បី​ស្នើ​សុំ​ជំនួយ​ឧម​ត្ថ​ម​ពី​ថ្នាក់លើ​ក្ដី ពី​អង្គការ​នានា ក្ដី ឬ ពី​សប្បុរសជន​នានា​ក្ដី​។

ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក​នៅ​ចំពោះ​មុខ​បែប​នេះ តាម​រយៈ​កោះសន្តិភាព លោក​ងិ តាំង មេ​ភូមិ​អ្នកតា
​ទ្វារ បាន​អំពាវនាវ ជា​ពិសេស​ដល់​ថ្នាក់ដឹកនាំ មេត្តា​ជួយ​ផ្ដល់​ជា​ស្បៀង ឬ សម្ភារៈ​ផ្សេង​ៗ ជាបឋម​ជួយ​ដល់​គ្រួសារ​ស្ត្រី​មេម៉ាយ​ខាងលើ​នេះ ដើម្បី​ជួយ​សង្គ្រោះ​ជា​បណ្ដោះអាសន្ន​។ ព្រោះ​ពេល​នេះ​គ្រួសារ​នេះ ហាក់​កំពុង​ប្រឈម​មុខ​នឹង​ភាព​អត់ឃ្លាន​យ៉ាង​ខ្លាំង​។ ជាមួយ​គ្នា​នេះ លោក​មេ​ភូមិ ក៏​សូម​អំពាវនាវ ដល់​អង្គការ​នានា និង សប្បុរសជន​នានា​ផង​ដែរ ដើម្បី​ជួយ​ឧ​ប​ត្ថ​ម​ជា​ស្បៀង​ក្ដី ជា​សម្ភារៈ​ផ្សេង​ៗ​ក្ដី ដល់​គ្រួសារ​នេះ ក៏​ដូច​ប្រជាពលរដ្ឋ​ជិត​១០​គ្រួសារ​ទៀត​នៅ​ក្នុង​មូលដ្ឋាន​របស់​លោក ដែល​កំពុង​ជួប​ការ​លំបាក​ដូច​គ្នា​នេះដែរ​៕ ​

អត្ថបទសរសេរ ដោយ