ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​ចំណី​ព្រែក​ទន្លេ​វ៉ៃ​គោ​អូ​ស្មាច់ ប្រមាណ​​៤​ហិ​កតា​ត្រូវ​ចាក់​ដី​លុប​យក​ធ្វើ​​ជា​កម្មសិទ្ធិ​(​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មហាជន​បាន​អំពាវនាវ​សូម​ឲ្យ​អាជ្ញាធរ​ស្រុក​ខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ មេត្តា​ចុះ​ពិនិត្យ​មើល​អ្នកមាន​ទ្រព្យ​ម្នាក់​បាន​ជីករណ្តៅ​ដី​ជ្រៅ​ដល់​ក្បាល​ប្រែ​ត យក​អាចម៍ដី​ទៅ​ចាក់​លុប​ដី​ចំណី​ព្រែក​ទន្លេ​វ៉ៃ​គោ ត្រង់​ចំណុច​ស្ពាន​អូ​ស្មាច់ ស្ថិត​នៅ​ភូមិ​តា​ស្អាង ឃុំ​កំពង់ចម្លង ស្រុក​ស្វាយ​ជ្រំ…

ខេត្តស្វាយរៀង ៖ មហាជន​បាន​អំពាវនាវ​សូម​ឲ្យ​អាជ្ញាធរ​ស្រុក​ខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ មេត្តា​ចុះ​ពិនិត្យ​មើល​អ្នកមាន​ទ្រព្យ​ម្នាក់​បាន​ជីករណ្តៅ​ដី​ជ្រៅ​ដល់​ក្បាល​ប្រែ​ត យក​អាចម៍ដី​ទៅ​ចាក់​លុប​ដី​ចំណី​ព្រែក​ទន្លេ​វ៉ៃ​គោ ត្រង់​ចំណុច​ស្ពាន​អូ​ស្មាច់ ស្ថិត​នៅ​ភូមិ​តា​ស្អាង ឃុំ​កំពង់ចម្លង ស្រុក​ស្វាយ​ជ្រំ ធ្វើ​ជា​កម្មសិទ្ធិ នាំ​ឲ្យ​ប៉ះពាល់​ផ្លូវទឹក និង​អាច​លិច​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​នៅ​រដូវវស្សា​។ មហាជន​ធ្វើការ​អំពាវនាវ​នេះ កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២០ នៅ​ភូមិ​តា​ស្អាង ឃុំ​កំពង់ចម្លង ស្រុក​ស្វាយ​ជ្រំ​។

បើ​តាម​ឈ្មោះ សែន សា​រ៉ាត់ ភេទ​ប្រុស បាន​អះអាង​ថា ជា​មេការ​មើល​ការ​ខុស​ត្រូវ​កន្លែង​ចាក់​ដី​នោះ​បាន​ឲ្យ​ដឹង​ថា ម្ចាស់​ចាក់​ដី​លុប​ចំណី​ព្រែក​ដៃទន្លេ​វ៉ៃ​គោ ត្រង់​ចំណុច​អូ​ស្មាច់​នេះ​ឈ្មោះ ទេព ចំរើន សាម​ឌី ជា​នាយទាហាន​ថ្នាក់ឧត្តម​សេនីយ៍​នៅ​រាជធានី​ភ្នំពេញ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ដី​ដែល​នៅ​តាម​មាត់​ព្រែក​ដៃទន្លេ​វ៉ៃ​គោ​នេះ លោក​ទេព ចំរើន​សាម​ឌី ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​តា​ស្អាង ហើយ​បាន​ប្រគល់​ប្រាក់​ឲ្យ​ប្រជាពលរដ្ឋ​អស់ហើយ​។ ចំណែកឯ​ការ​ជីករណ្តៅ​យក​អាចម៍ដី គឺ​ជីក​នៅ​លើ​រណ្តៅ​ចាស់ ហើយ​យក​អាចម៍ដី​ចាក់​លើ​ភ្លឺ​រណ្តៅ​ចាស់​ផង ដើម្បី​អភិវឌ្ឍន៍​ធ្វើ​ជា​រមណីយដ្ឋាន​ផ្ទះទឹក ឬ​ក្យុ​ស​លក់ដូរ​។ ហើយ​អាចម៍ដី​មួយ​ផ្នែក​ទៀត ចាក់​លើ​ដី​ចាស់​ដែល​បាន​ចាក់​កាលពី​ឆ្នាំ​មុន ដែល​បាន​សុំ​ច្បាប់​ពី​អាជ្ញាធរ និង​មន្ទីរ​ពាក់ព័ន្ធ​អនុញ្ញាតិ​រួច​ហើយ​។

ចំពោះ​ប្រជាពលរដ្ឋ​ភូមិ​តា​ស្អាង​ព្រួយបារម្ភ​ខ្លាច​បិទ​អូរ​ផ្លូវទឹក​លិច​លំនៅ​ឋាន​ពួក​គាត់​នៅ​រដូវវស្សា​នោះ គឺ​លោក​បាន​ទុក​អូ​ស្មាច់​នេះ ហើយនឹង​កាយ​ដី​ជា​ប្រឡាយ​ក្នុង​អូរ​ឲ្យ​បាន​ជ្រៅ​មាន​ផ្លូវទឹក​ហូរ​មិន​ឲ្យ​ស្ទះ​ផ្លូវទឹក​ទេ​។

ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ លោក​ហែម សា​រិ​ទ្ធិ អភិបាលស្រុក​ស្វាយ​ជ្រំ លោក​បាន​មាន​ប្រសាសន៍​ថា បញ្ហា​នេះ​លោក​នឹង​សួរ​ទៅ​លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តស្វាយ​រៀង​ថា តើ​ប៉ះពាល់​ដី​ព្រែក​សាធារណៈ​ដែរ​ឬ​យ៉ាងណា? ហើយ​លោក​នឹង​ចុះ​ទៅ​ពិនិត្យ​មើល និង​រាយការណ៍​ជូន​លោក​អភិបាលខេត្ត​។

រីឯ​លោក គឹ​ម សា​វុ​ធ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​ថា ការ​ចាក់​ដី​នៅ​ចំណុច​ជិត​ស្ពាន​អូ​ស្មាច់​ភូមិ​តា​ស្អាង​នេះ គឺ​បាន​ចាក់​លើ​ចំណី​ព្រែក និង​ក្នុង​ព្រែក​នៃ​ដៃទន្លេ​វ៉ៃ​គោ​ពិតប្រាកដ​មែន ហើយ​លោក​បាន​រាយការណ៍​ជូន​លោក​អភិបាលរង​ខេត្ត​ទទួល​បន្ទុក ដើម្បី​ពិនិត្យ​ដោះស្រាយ​។

បើ​តាម​មន្ត្រី​ជំនាញ​ម្នាក់​បាន​បង្ហើប​ឲ្យ​ដឹង​ថា ការ​ចាក់​ដី​លប់​ព្រែក និង​ចំណី​ព្រែក​ដៃទន្លេ​វ៉ៃ​គោ​នេះ គឺ​មាន​ទំហំ​ប្រមាណ​៤​ហិ​កតា ចាប់ពី​គល់​ស្ពាន​អូរ​ស្មាច់​ទ​ទៅ​ដល់​ផ្ទះ​អ្នក​ភូមិ​តា​ស្អាង គឺ​មាន​ប្រវែង​​ជាង​៧០០​ម៉ែត្រ មាន​ទទឹង​ជិត​២០០​ម៉ែត្រ មាន​រណ្តៅ​ដី​ចំនួន​៤​រណ្តៅ​ជីក​ដល់​ក្បាល​ប្រែត។

ទាក់ទិន​ករណី​នេះ​ដែរ មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ទេព ចំរើន សាម​ឌី បាន​ទេ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២០​នេះ​។

ព័ត៌មាន​ពិស្តារ​មាន​ផ្សាយ​នៅ​លើ​កាសែត​កោះសន្តិភាព ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ