ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំផុស​គូស្រករ​ថ្មីថ្មោង​ចូលរួម​ដាំ​ដើមឈើ​ទុកជា​អនុស្សាវរីយ៍​លំអ​សោភ័ណ​ភាព និង​រក្សា​ស្ថិរភាព​បរិស្ថាន

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ លោក ងួ​ន រតនៈ បាន​ប្រកាស​អំពាវនាវ​បំផុស​ឱ្យ​គូស្រករ​ដែល​រៀប​អា​ពា​ណ៍​ពិ​ពា​ណ៍​ថ្មីថ្មោង​គប្បី​ចូលរួម​ដាំ​ដើមឈើ​ទុកជា​អនុស្សាវរីយ៍ ក្រោម​ពាក្យស្លោក «​គូស្រករ​មួយគូ ដើមឈើ​២​ដើម​» ដើម្បី​លម្អ​សោភ័ណ​ភាព​ទីក្រុង​បេតិកភណ្ឌ​មួយ​នេះ​ផង…

ខេត្តបាត់ដំបង ៖ លោក ងួ​ន រតនៈ បាន​ប្រកាស​អំពាវនាវ​បំផុស​ឱ្យ​គូស្រករ​ដែល​រៀប​អា​ពា​ណ៍​ពិ​ពា​ណ៍​ថ្មីថ្មោង​គប្បី​ចូលរួម​ដាំ​ដើមឈើ​ទុកជា​អនុស្សាវរីយ៍ ក្រោម​ពាក្យស្លោក «​គូស្រករ​មួយគូ ដើមឈើ​២​ដើម​» ដើម្បី​លម្អ​សោភ័ណ​ភាព​ទីក្រុង​បេតិកភណ្ឌ​មួយ​នេះ​ផង និង​រក្សា​ស្ថិរភាព​បរិស្ថាន​ផង​ដែរ ។ ថ្លែង​ក្នុង​ពិធី​ដាំ​កូន​ឈើ​អបអរសាទរ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៦​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​សួនច្បារ​សម្ដេច​ក្រ​ឡោម ស ខេ​ង ជាប់មាត់​ស្ទឹង​សង្កែ ក្រុង​បាត់ដំបង នា​ព្រឹក​ថ្ងៃ​ទី​១២ ខែមីនា​នេះ ។

លោក តុ​ប សុ​ភ័ក អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បានឱ្យ​ដឹង​ថា ក្រសួងទេសចរណ៍​បាន​ដាក់​ចេញ​ការ​អនុវត្ត​ដល់​គ្រប់​រាជធានី​-​ខេត្ត ត្រូវ​បាន​រៀបចំ​ឱ្យ​មាន​សួន​ដាំ​ដើមឈើ​មួយ​យ៉ាងតិច ដើម្បី​បំផុស​ចលនា «​គូស្រករ​មួយគូ ដើមឈើ​២​ដើម​» «​ទេសចរ​ម្នាក់ ដើមឈើ​មួយ​ដើម​» និង «​យុវជន​ម្នាក់ ដើមឈើ​មួយ​ដើម​» ដែល​ជា​កត្តាចាំបាច់​មួយ​ក្នុង​ការ​ចូលរួម​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យមក​ទស្សនា​ខេត្ត​នីមួយ​ៗ ។ លោក តុ​ប សុ​ភ័ក បាន​បន្ត​ថា ការ​បំផុស​ឱ្យ​គូស្រករ​ប្ដី​ប្រពន្ធ​ចូលរួម​ដាំ​ដើមឈើ​នេះ​នឹង​ជំរុញ​ឱ្យ​ពួក​គេ​ត្រឡប់​មក​ថែទាំ ឬ​មក​មើល​ដើមឈើ​ដែល​ពួក​គេ​បាន​ដាំ​នោះ​នៅ​លើក​ក្រោយ​ៗ​ទៀត ព្រមទាំង​ជំរុញ​ឱ្យ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​គាត់​បាន​ចូលរួម​ដាំ​ដើមឈើ​នេះ​ត្រឡប់​មក​ទស្សនា​ប្រទេស​កម្ពុជា នៅ​លើក​ក្រោយ​ទៀត​ផង​ដែរ ។

លោក​អនុរដ្ឋលេខាធិការ​បាន​បន្ថែម​ទៀត​ថា ក្រៅពី​ចូលរួម​ជំរុញ​ចលនា​ទេសចរណ៍​ការ​ជំរុញ​ចលនា​ដាំ​ដើមឈើ​នេះ​ក៏​បាន​ផ្ដល់​សារ​ប្រយោជន៍​សំខាន់​ៗ​ចំនួន​៣​យ៉ាង​ផង​ដែរ ក្នុង​នោះ​រួម​មាន ៖ ជួយ​បង្កើន​ភាព​បៃតង​សម្រាប់​បរិស្ថាន ដែល​ជា​ការ​ជួយ​លើ​ផ្នែក​សុខភាព​មួយ​ចំណែក ដល់​ការ​រស់នៅ​របស់​មនុស្ស​-​សត្វ​ជាដើម កាត់​បន្ថយកម្ដៅ​ក្នុង​បរិយាកាស​របស់​ភព​ផែនដី និង​ការពារ​ស្រទាប់​អូហ្សូន​របស់​ផែនដី ព្រមទាំង​ជួយ​ទប់ទល់​នឹង​គ្រោះ​ទឹកជំនន់​យ៉ាង​ចាំបាច់​ផង​ដែរ ។

លោក ងួ​ន រតនៈ​អភិបាលខេត្ត​បាត់ដំបង​បាន​លើក​ឡើង​ដែរ​ថា រដ្ឋបាល​ខេត្ត​បាន​តាំងចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​បង្កើត​ឱ្យ​មាន​សួន​អា​ពា​ណ៍​ពិ​ពា​ណ៍ សម្រាប់​ឱ្យ​គូស្រករ​ចូលរួម​ដើមឈើ​នៅ​ក្នុង​ក្រុង​បាត់ដំបង និង​បង្កើន​ផ្សព្វផ្សាយ​អប់រំ​ពីសារ​ប្រយោជន៍​នៃ​ការ​ដើមឈើ ព្រមទាំង​បន្ត​បំផុស​ចលនា​ដាំ​ដើមឈើ​នេះ​ឱ្យ​បាន​កាន់តែ​ច្រើន ។

សូម​ជម្រាប​ថា ពី​ធី​បុណ្យ​ទន្លេ​លើក​ទី​៦ នៅ​ខេត្តបាត់ដំបង​នេះ នឹង​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១៣-១៥ ខែមីនា ឆ្នាំ​២០២០ ក្រោម​ប្រធានបទ «​ទន្លេ​នៃ​សន្តិភាព ទន្លេ​នៃ​វិបុលភាព​» ពិសេស​លើស​ពី​នេះ​ទៀត​នោះ ក្នុង​ពិធី​បើក​ជា​ផ្លូវការ​នៃ​ពិធីបុណ្យ​ទន្លេ​នេះ​នឹង​ត្រូវ​ទទួល​បានការ​អញ្ជើញ​ជា​អធិបតី​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ