រាជធានីភ្នំពេញ៖ បន្ទាប់ពីមានការព្រួយបារម្ភអំពីកង្វះវត្ថុធាតុដើមសម្រាប់បម្រើនៅក្នុង រោងចក្រ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC បានបង្ហាញសេចក្តី សង្ឃឹមមួយបន្ថែមទៀតថា នៅចុងសប្តាហ៍នេះនឹងមានកប៉ាល់ចំនួន ១២គ្រឿងចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាមួយនិងវត្ថុធាតុដើមបន្ថែមទៀត ។
យោងតាមសេចក្តីជូនដំណឹងដែលចេញផ្សាយដោយ GMAC នៅថ្ងៃទី ១១ខែមីនា ម្សិល មិញនេះបានឱ្យដឹងថា «វត្ថុធាតុដើមសម្រាប់បម្រើឱ្យវិស័យកាត់ដេរបានដឹកមកដល់កំពង់ ផែ ស្វយ័តក្រុងព្រះសីហនុបណ្តើរៗហើយ កាលពីយប់ថ្ងៃទី ៩ខែមីនា ឆ្នាំ ២០២០ តាម រយៈនាវាដឹកជញ្ជូនឈ្មោះ SITC Fujian ។ រហូតដល់ថ្ងៃអាទិត្យចុងសប្តាហ៍នេះយើងរំពឹង ថា នឹងមានកប៉ាល់ចំនួន ១២គ្រឿងនឹងចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ជាមួយនឹង វត្ថុធាតុដើមបន្ថែមទៀត» ។
បើតាម GMAC ទូរកុងតឺន័រទាំងអស់ត្រូវបានស្ទួចយកចេញពីនាវាមកដាក់នៅលើទីលាន កុងតឺន័រ ។ ទន្ទឹមនេះវិធានបន្ថែមប្រព្រឹត្តិកម្មច្រកបៃតង ដែលដាក់ចេញដោយក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុតាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានជួយសម្រប សម្រួលនីតិវិធី និងបែបបទបញ្ចេញទំនិញភ្លាមៗពីកំពង់ផែ ហើយបានដឹកជញ្ជូនទៅកាន់ រោងចក្រនៅតាមតំបន់ផ្សេងៗរួមទាំងរាជធានីភ្នំពេញ ។ លើសពីនេះទៀតរដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតជាពិសេសឱ្យរថយន្តកុងតឺន័រទាំង នោះអាចធ្វើចរាចរណ៍ចូលក្នុងរាជធានីភ្នំពេញបានទាំងពេលយប់ និងពេលថ្ងៃ ព្រមទាំង បានចាត់វិធានការឱ្យមានការសម្រួលចរាចរណ៍ក្នុងករណីចាំបាច់នានា ដើម្បីធ្វើការដឹក ជញ្ជូនសម្ភារៈ វត្ថុធាតុដើមទាំងនោះទៅកាន់រោងចក្រដែលមានមូលដ្ឋាននៅក្នុងរាជធានី ភ្នំពេញ ឱ្យបានឆាប់រហ័ស ។
សេចក្តីជូនដំណឹងសង្កត់ធ្ងន់ថា «ក្នុងករណីពិសេសរដ្ឋបាលរាជធានីភ្នំពេញ ក៏បានត្រៀម ផ្តល់ ការអមដំណើរដល់រថយន្តកុងតេន័រទាំងនោះដើម្បីបញ្ចៀសការកកស្ទះ ឬការឃាត់ ទុកដោយនគរបាលចរាចរណ៍ដែលបានកំពុងសម្រួលសណ្តាប់ធ្នាប់ ដោយមិនបានដឹង បានថា ទំនិញទាំងនោះជាសម្ភារៈ វត្ថុធាតុដើមសម្រាប់បម្រើឱ្យវិស័យកាត់ដេរ ។ ឆ្លៀត ឱកាសនេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជាសូមអំពាវនាវដល់រោងចក្រដែលជា សមាជិកក៏ដូចជាក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ឱ្យបានជ្រាបអំពីកិច្ចសម្របសម្រួលពិសេសនេះ» ។
ទន្ទឹមនឹងសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបង្ហាញពីក្តីសង្ឃឹមថា នឹងមាននាវា ឬកប៉ាល់ ដឹកវត្ថុធាតុដើមចូលមកបន្ថែមនៅចុងសប្តាហ៍រួមនិងការចូលរួមធ្វើអន្តរាគមន៍លើការដឹកជញ្ជូនវត្ថុធាតុដើមនេះ ខាងសហជីពយល់ថា ការនាំចូលវត្ថុធាតុដើមចូលមកនៅពេល ដំបូងៗនេះអាចនឹងធ្វើឱ្យកម្មករមានការងារឡើងវិញបានមួយផ្នែក ។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាឱ្យដឹងថា «នៅក្នុងសប្តាហ៍នេះ បើតាមខាងរាជរដ្ឋាភិបាលថា នឹងមាននាវាចំនួន ៧គ្រឿងនឹងចូលមក ហើយនៅក្នុងនោះនឹងមានកុងតឺន័រតិចបំផុត ៣០០ ឬ ៤០០ កុងតឺន័រ ហើយបើសិនជានៅ ខែក្រោយអាចមក ១០គ្រឿង និងមានកុងតឺន័រដល់ពាន់កុងតឺន័រ ខ្ញុំគិតថាវានឹងអាចដោះ ស្រាយបានមួយចំនួនធំទៅលើកម្មករដែលកំពុងអត់មានការងារធ្វើ ។ ប៉ុន្តែវាមិនទាន់អាច ស្រោចស្រង់បានទាំងអស់មកវិញទេ ដោយសារតែជាទូទៅកុងតឺន័រចូលមកស្រុកខ្មែរ បើ តាមសមាគមរោងចក្រកាត់ដេរដែលយើងបានជជែកគ្នាមាននៅចន្លោះពី ១.៥០០ ទៅ ២.០០០ ក្នុងមួយសប្តាហ៍ អ៊ីចឹងក្នុងមួយខែមានជិត ១ម៉ឺនកុងតឺន័រ ហើយ ការដែល កុងតឺន័រចូលមកពី ១.០០០ ទៅ ២.០០០ កុងតឺន័រនេះវានៅចំនួនតិចនៅឡើយ ។
លោកបន្តថា បើកុងតឺន័រចូលមកកាន់តែច្រើន ខ្ញុំគិតថានៅក្នុងរយៈពេលមួយខែខាងមុខ កម្មករនឹងមានការងារធ្វើច្រើនឡើងវិញ តែសម្រាប់ពេលខាងមុខនេះវាបានបំពេញតែ ការខ្វះខាតសម្រាប់ក្រុងហ៊ុនខ្លះៗ ។ បើសិនជាមានវត្ថុធាតុដើមគ្រប់គ្រាន់វិស័យកាត់ដេរនឹងវិលត្រឡប់មកស្ថានភាពដូចដើម ត្រូវការពេលវេលាប្រហែលមួយខែ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ