ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​៦០០​នាក់​ព្យួរការងារ​១​ខែ ទទួល​ប្រាក់​តែ​១០​ដុល្លារ​ក្នុង​ម្នាក់ ផ្ទុយ​ពី​ប្រសាសន៍​សម្តេច​តេ​ជោ

4 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ កម្មករ​ប្រមាណ​៦០០​នាក់ បាន​ជួបជុំ​គ្នា នៅ​ខាង​មុខ​រោងចក្រ New Best Global Textile Co.,Ltd…

ខេត្តកំពង់ស្ពឺ ៖ កម្មករ​ប្រមាណ​៦០០​នាក់ បាន​ជួបជុំ​គ្នា នៅ​ខាង​មុខ​រោងចក្រ New Best Global Textile Co.,Ltd ដើម្បី​ទាមទារ ឲ្យ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​បំណាច់​បញ្ចប់​កិច្ច​សន្យា​ការងារ ស្រប់​តាម​ច្បាប់​ស្តី​ពី​ការងារ​ នា​ព្រឹក​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២០​នេះ ។

យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ឈ្មោះ «​សង់​ត្រា​ល់​-CENTRAL» បាន​ដកស្រង់​សម្តី​ពី​កម្មករ​ដែល​ធ្វើការ​នៅ​ទីនោះ បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០ កន្លង​ទៅ​នេះ រោងចក្រ New Best Global Textile Co.,Ltd ដែល​មាន​អា​ស័​យ​ដ្ឋា​ន នៅ​ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​ប្រកាស​ថា «​រោងចក្រ​ត្រូវ​ព្យួរការងារ​រយៈពេល​១​ខែ ដោយសារ​រោងចក្រ​មិន​មានការ​ងារ​ធ្វើ​» ។

ប្រភពដដែលបន្ត​ថា អស់​រយៈពេល​១​ខែ​នេះ កម្មករនិយោជិត បាន​ទទួល​ប្រាក់​តែ​១០​ដុល្លារ​ប៉ុណ្ណោះ ពី​រោងចក្រ ។ ប៉ុន្តែ​ថៅកែ​រោងចក្រ​បាន​ឆ្លៀត​យក​រយៈពេល​នៃ​ការ​ព្យួរការងារ​នេះ ដើម្បី​រត់​ចោល​ពី​រោងចក្រ ហើយ​អ្នកគ្រប់គ្រង​រោងចក្រ​ថា «​គេ​មិន​អាច​រក​ថៅកែ​ថ្មី​បាន​ទេ ហើយ​រោងចក្រ​ត្រូវ​បិទទ្វារ​» ។

គេ​នៅ​ចាំ​បាន​ប្រសាសន៍​របស់​សម្តេច​តេ​ជោ នៅ​វិមាន​សន្តិភាព ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន ប្រាប់​ឲ្យ​រោងចក្រ​ទាំងឡាយ​ណា ដែល​ត្រូវ​បិទទ្វារ​មួយ​រយៈ ដោយសារ​អស់​វត្ថុធាតុដើម​ពី​ចិន ត្រូវ​បង់ប្រាក់​៤០​ភាគរយ នៃ​ប្រាក់ខែ​គោល​១៩០​ដុល្លារ ជូន​កម្មករ ។ ជាមួយ​គ្នា​នេះ រដ្ឋាភិបាល នឹង​ជួយ​ចេញ​បន្ថែម​២០​ភាគរយ​ទៀត ជូន​កម្មករ ដូច្នេះ ពួក​គេ នឹង​ទទួល​បាន​ប្រាក់​៦០​ភាគរយ ។ លើស​ពី​នេះ មេដឹកនាំ​កម្ពុជា ក៏​បាន​ប្រកាស​ដែរ​ថា រដ្ឋាភិបាល នឹង​ជួយ​រក​ការងារ​ជូន​កម្មករ​ដែល​បាត់បង់​ការងារ​ក្នុង​កាលៈទេសៈ​នេះ ។

មួយវិញទៀត កាល​ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០២០ ក្នុង​ពិធី​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ផ្លូវជាតិ​លេខ​៥៥ និង​បើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ​១០ នៅ​ខេត្តពោធិ៍សាត់ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​ម្ចាស់​រោងចក្រ សហគ្រាស​ទាំងឡាយ ហាម​ដាច់ខាត​មិន​ឱ្យ​ឆ្លៀតឱកាស​លុប​កិច្ចសន្យាការងារ​ជាមួយ​កម្មករនិយោជិត ក្នុង​ពេល​ព្យួរការងារ​នេះ​ឡើយ រីឯ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ព្រមទាំង​ម្ចាស់​បុរី ឬ​ម្ចាស់ផ្ទះ ក៏​សូម​មានការ​យោគយល់​ចំពោះ​កម្មករ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ