ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខ ពិសី សង្គ្រោះ​សត្វ​ឆ្កែ​មួយ​ទ្រុង ដោយ​​ក្ដី​អាណិត ស្រលាញ់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​តារាចម្រៀង​សុខ ពិសី បាន​ជួយ​សង្គ្រោះ​សត្វ​ឆ្កែ​មួយ​ទ្រុង ចេញពី​ឈ្មួញ​ម្នាក់ និង​បាន​អំពាវនាវ​ស្វែងរក​អ្នក​ដែល​ចង់​យក​ទៅ​ចិញ្ចឹម​ដោយ​ការ​ស្រឡាញ់​ពី​បេះដូង ចៀសវាង​ការ​យក​ទៅ​ធ្វើ​ម្ហូប ដ្បិត​នាង​ចាត់​ទុក​សត្វ​នេះ​គឺជា​សត្វ​ដែល​ស្មោះត្រង់​បំផុត​ជាមួយ​ម្ចាស់ ។ ការ​អំពាវនាវ​របស់​ពិសី​បាន​បន្ទាប់​ពី​នាង​ទិញ​សត្វ​ឆ្កែ​មួយ​ទ្រុង​ដែល​មាន​ចំនួន​៨​ក្បាល…

រាជធានី​ភ្នំពេញ ៖​តារាចម្រៀង​សុខ ពិសី បាន​ជួយ​សង្គ្រោះ​សត្វ​ឆ្កែ​មួយ​ទ្រុង ចេញពី​ឈ្មួញ​ម្នាក់ និង​បាន​អំពាវនាវ​ស្វែងរក​អ្នក​ដែល​ចង់​យក​ទៅ​ចិញ្ចឹម​ដោយ​ការ​ស្រឡាញ់​ពី​បេះដូង ចៀសវាង​ការ​យក​ទៅ​ធ្វើ​ម្ហូប ដ្បិត​នាង​ចាត់​ទុក​សត្វ​នេះ​គឺជា​សត្វ​ដែល​ស្មោះត្រង់​បំផុត​ជាមួយ​ម្ចាស់ ។

ការ​អំពាវនាវ​របស់​ពិសី​បាន​បន្ទាប់​ពី​នាង​ទិញ​សត្វ​ឆ្កែ​មួយ​ទ្រុង​ដែល​មាន​ចំនួន​៨​ក្បាល ពី​ឈ្មួញ​មួយ​រូប​ដែល​បម្រុង​ដឹក​យក​ទៅ​លក់​ឲ្យ​អ្នក​ធ្វើ​ម្ហូប នៅ​តាម​ដងផ្លូវ​មួយ​ដែល​នាង​ទើបតែ​វិល​ត្រឡប់​ពី​ការ​សម្តែង​តន្ត្រី​មួយ​នៅ​ខេត្តកំពង់ធំ​កាលពី​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២០​។ តាម​រយៈ​វី​ដេ​អូ​ដែល​សុខ ពិសី បាន​បង្ហោះ​នោះ​បាន​ឲ្យ​ដឹង​ថា នាង​បាន​ជួយ​សង្គ្រោះ​សត្វ​ឆ្កែ​មួយ​ទ្រុង​ពី​ឈ្មួញ​ដែល​បាន​ដឹក​យក​ទៅ​ធ្វើ​ម្ហូប ក្នុង​ពេល​ដែល​នាង​បាន​ធ្វើ​ដំណើរ​តាម​ដងផ្លូវ វិល​ត្រឡប់​ពី​ការ​ច្រៀង​នៅ​ខេត្តកំពង់ធំ ដោយ​ការ​ទិញ​ទាំង​អស់ពី​ឈ្មួញ​នោះ​វិញ ។

នាង​បញ្ជាក់​ថា ក្រោយ​ពី​ទិញ​ពី​ឈ្មួញ​នេះ​នាង​សង្ឃឹមថា ពួក​គេ​នឹង​រួច​ផុត​ពី​ទុក្ខ​ភ័យ ដោយសារ​ពួក​វា​ជា​សត្វ​ដែល​គួរ​ឲ្យ​ស្រឡាញ់ ការពារ និង​មាន​ភាព​ស្មោះត្រង់​ជាមួយ​ម្ចាស់​ខ្លាំង ហើយ​នាង​សូម​សុំ​ណូ​ម​ពរ​ឲ្យ​ទាំងអស់​គ្នា​ចូលរួម​ធ្វើអំពើ​ល្អ ដើម្បី​ទទួល​បាន​សេចក្តីសុខ​ទាំងអស់​គ្នា ។

បើ​តាម​សុខ ពិសី សត្វ​សុនខ​ទាំង​អស់នេះ​នាង​បាន​បើក​ទទួល​ចំពោះ​អ្នក​ដែរ​ចង់​យក​ទៅ​ចិញ្ចឹម ដោយ​បេះដូង​ស្រឡាញ់​សត្វ​ដូច​ជា​រូប​នាង បើ​ទោះបី​ពួក​វា​មិនមែន​ជា​ឆ្កែ​ប្រេ​ន តែ​ពួក​វា​ស្លូត និង​គួរ​ឲ្យ​ស្រលាញ់​ណាស់ ហើយ​ពួក​វា​ត្រូវការ​ពួក​យើង​ទាំងអស់​គ្នា​សង្គ្រោះ ដោយ​ការ​ស្រលាញ់​ពួក​វា​ពិត និង​ចិញ្ចឹម​ពួក​គេ​ដោយ​ក្តី​អាណិត​មេត្តា ។

សុខ ពិសី បាន​អំពាវនាវ​ផង​ដែរ ឲ្យ​មានការ​រួម​គ្នា​ដើម្បី​បញ្ឈប់​ការ​ជួញដូរ និង​ការ​បរិភោគ​សាច់​ឆ្កែ ខណៈ​ពេល​វា​ជា​សត្វ​ស្មោះត្រង់ និង​ស្រលាញ់​ម្ចាស់​ណាស់ ។

ក្រោយ​ពេល​ដែល​សុខ ពិសី បាន​បង្ហោះ​រូបភាព​សត្វ​ឆ្កែ និង​ស្វែងរក​អ្នក​ដែល​មាន​បំណង​យក​ទៅ​ចិញ្ចឹម​នោះ​រួច​មក គេ​សង្កេត​ឃើញ​មាន​មនុស្ស​ម្នា​ជា​ច្រើន​បាន​ផ្ញើ​សារ​ស្នើ​សុំ​យក​ទៅ​ចិញ្ចឹម និង​សម្តែង​ការ​កោតសរសើរ​ផង​នូវ​សកម្មភាព​របស់​នាង​នា​ពេល​នេះ​ផង​ដែរ​។ ចំណុច​នេះ​សុខ ពិធី បាន​អះអាង​ថា «​ខ្ញុំ​ពិតជា​រំភើប​ណាស់​ពេល​ឃើញ​ឆ្កែ​ដែល​ខ្ញុំ​បាន​ទិញ​ពី​ឈ្មួញ​ដែល​បម្រុង​យក​ទៅ​សម្លាប់​មាន​បងប្អូន​ចិត្ត​បុណ្យ​យក​ទៅ​មើលថែ ។​ រួម​គ្នា​ដើម្បី​បញ្ឈប់​ការ​ជួញដូរ និង​បរិភោគ​សាច់​ឆ្កែ​ទៅ​ព្រោះ​ពួក​គេ​ជា​សត្វ​ស្មោះត្រង់ និង​ស្រលាញ់​ម្ចាស់​ណាស់​»​។

លោក​ខេមរៈ សិរីមន្ត បាន​ចេញ​មុខ​អំពាវនាវ​យ៉ាង​ទទូច​ដល់​មហាជន​គ្រប់​ស្រទាប់​វ័យ​ដែល​ចូល​ចិត្ត​បរិភោគ​សាច់​ឆ្កែ​ឲ្យ​បញ្ឈប់​ទាំងអស់​គ្នា ខណៈ​ដែល​លោក​បាន​ចិញ្ចឹម​ឆ្កែ​កម្សត់​ជា​ច្រើន​ក្បាល​ដែល​មេ​របស់​វា ត្រូវ​បាន​ចោរលួច​ទាក់​យក​ទៅ​លក់ ។

សុខ ពិសី គឺជា​តារា​ទី​២ បន្ទាប់​ពី​លោក​ខេមរៈ សិរីមន្ត ដែល​បាន​ស្នើ​សុំ និង អំពាវនាវ​ឲ្យ​មហាជន​បញ្ឈប់​ការ​បរិភោគ​សាច់​ឆ្កែ ។ កាលពី​ពេល​កន្លង​ទៅ​លោក​ខេមរៈ​សិរីមន្ត បាន​រៀបរាប់​នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​មួយ​ថា ថ្ងៃនេះ​លោក​សុំ​បង្ហាញ​សត្វ​ឆ្កែ​ទាំង​៦​ក្បាល ដែល​កំព្រា​មេ​(​ម្តាយ​) ខណៈ​ដែល​មេ​របស់​វា​ត្រូវ​បាន​ក្រុម​ចោរលួច​ទាក់​ក​យក​ទៅ​ធ្វើ​ម្ហូបអាហារ​បាត់ កាលពី​អំឡុង​រយៈពេល​២​ស​ប្ដា​ហ៍​មុន ។ ហេតុនេះ​ទើប​ធ្វើ​ឲ្យ​ពួក​វា (​ឆ្កែ​) ដែល​មាន​អាយុ​១​ខែ​មានការ​អាឡោះអាល័យ​នឹក​មេ​របស់​វា​ដេក​យំ​រាល់ថ្ងៃ ។

លោក​ខេមរៈ សិរីមន្ត បាន​បន្ត​ថា ឃើញ​បែប​នេះ​លោក​ពិតជា​មានចិត្ត​សង្វេគ​ខ្លាំង​ណាស់ ដូច្នេះ​ស្នើ​សុំ​ចិត្ត​ទាំងអស់ ដែល​ចូល​ចិត្ត​ពិសា​សាច់​ឆ្កែ​ត្រូវ​រួម​គ្នា​បញ្ឈប់​ការ​បរិភោគ​ទាំងអស់​គ្នា ថ្វី​ដ្បិតតែ​គាត់​ជា​សត្វ​តែ​ក៏​មាន​អារម្មណ៍ និង​ចិត្ត​ដូច​មនុស្ស​ដែរ គ្រាន់តែ​និយាយ​មិនកើត​ប៉ុណ្ណោះ​។

លោក​ខេមរៈ សិរីមន្ត បាន​លើក​ឡើង​ថា «​ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ចូល​ចិត្ត​ពិសា​សាច់​ឆ្កែ ឬ​អ្នក​ដែល​ប្រកប​របរ​លក់​សាច់​ឆ្កែ​ត្រូវ​រួម​គ្នា​កែប្រែ និង​បញ្ឈប់​ទាំងអស់​គ្នា​ដើម្បី​ឲ្យ​ពួក​គាត់​(​ឆ្កែ​)​មាន​សុវត្ថិភាព​ហើយ​មាន​សេចក្តីសុខ​ដូច​មនុស្ស​ដែរ​»៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ