រាជធានីភ្នំពេញ ៖ បន្ទាប់ពីក្លិបបាល់ទាត់អង្គរថាយហ្គឺរបានក្លាយជាក្លិបដំបូងគេក្នុងចំណោមក្លិបបាល់ទាត់ដែលឈ្នះពានរង្វាន់ក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីគធ្វើតេស្តទឹកនោមកីឡាករនិងក្រុមការងារស្វែងរក សារធាតុញៀនបង្ហាញភាពស្អាតស្អំ បានធ្វើឱ្យកើតមានចលករក្នុងចំណោមអ្នកកីឡាជាច្រើន ដោយពួកគេបង្ហាញទំនោរចង់ឱ្យមានវិធានការបែបនេះនៅក្នុងវិស័យកីឡា ។
អ្នកស្នេហាវិស័យកីឡាបានទទូចថា បើក្នុងវិស័យកីឡាផ្សេងមានការធ្វើតេស្តទឹកនោមដើម្បីរកសារធាតុញៀនច្បាស់លាស់ នោះកីឡាករក្នុងវិស័យទាំងឡាយ គឺពិតជាមានបម្រុងប្រយ័ត្ន និងមានភាពស្អាតស្អំមិនខាន ។
ការពិនិត្យទឹកនោមស្វែងរកសារធាតុញៀន ជាគំរូមួយដ៏ល្អនៅក្នុងវិស័យបាល់ទាត់នេះ គឺជាវិធានការមួយនៅក្នុងវិស័យកីឡា ដែលមិនមានន័យថាល្អ និងជាគំរូតែសម្រាប់ក្លិបបាល់ទាត់នោះទេ តែនឹងក្លាយជាគំរូនៅក្នុងវិស័យកីឡាទាំងមូល ។ ការចាប់អារម្មណ៍នេះ គឺបន្ទាប់ពីក្លិបបាល់ទាត់អង្គរថាយហ្គឺរកាលពីថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០២០ បានធ្វើតេស្តទឹកនោមរកសាធាតុញៀនដល់កីឡាករ គ្រូបង្វឹក និងក្រុមការងារ ដើម្បីបង្ហាញពីភាពស្អាតស្អំ និងភាពជាគំរូដល់ក្លិបដទៃ ដើម្បីរំលឹកដល់កីឡាករគ្រប់រូបផងថា បើការធ្វើតេស្តរកឃើញសារធាតុញៀន នោះនឹងត្រូវបាត់បង់អាជីព ។ អ្វីដែលអង្គរថាយហ្គឺរ ធ្វើបែបនេះគឺដើម្បីធានាគុណភាពក្នុងក្រុមក៏ដូចជាបង្ហាញពីភាពស្មោះត្រង់របស់ពួកគេដល់អ្នកគាំទ្រវិស័យកីឡាបាល់ទាត់ ។
ប្រធានក្លិបធ្លាប់បានបញ្ជាក់ថា ក្លិបបាល់ទាត់ អង្គរថាយហ្គឺរបានធ្វើតេស្តទឹកនោមរកសារធាតុញៀននៅមន្ទីរព្យាបាលLife Care Clinic ដល់កីឡាកររួមទាំងក្រុមការងារ ដើម្បីធានាឲ្យបាននូវគុណភាព និងគំរូក៏ដូចជាចង្អុលបង្ហាញ ដល់អ្នកគាំទ្រ និងសហគមន៍បាល់ទាត់កម្ពុជាថា ក្លិបអង្គរថាយហ្គឺរ ស្អាតស្អំ គ្មានសកម្មភាពខុសច្បាប់ណាមួយនោះទេ ។ ក្លិបអង្គរថាយហ្គឺរបានសរសេរដូច្នេះនៅលើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០២០ ។ ទង្វើនេះក៏ជាផ្នែកមួយជួយរួមចំណែកបោសសម្អាតភាពមិនស្អាតស្អំក្នុងវិស័យកីឡានៅកម្ពុជា ពាក់ព័ន្ធការប្រើប្រាស់សារធាតុលើកកម្លាំងផងដែរ ។
អ្នកឃ្លាំមើលវិស័យកីឡាភាគច្រើនបានលើកឡើងថា ប្រសិនបើបណ្ដាក្លិប និងសហព័ន្ធនៅក្នុងវិស័យកីឡា ជាពិសេសសហព័ន្ធប្រដាល់ មានវិធានការស្វែងរកសារធាតុញៀនបែបនេះ គឺជារឿងប្រសើរណាស់ ដោយសារតែក្នុងវិស័យនេះ តែងមានលេចឮករណីកីឡាករមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនមួយចំនួន ។ ជាក់ស្ដែងរឿងអាស្រូវដ៏កក្រើករបស់កីឡាករ សូយ ភារម្យ ដែលបច្ចុប្បន្នបានប្ដូរឈ្មោះមកប្រឡូកក្នុងអាជីពប្រដាល់វិញគឺភស្តុតាងស្រាប់ ។ គ្រូបង្វឹកមួយចំនួនក៏ធ្លាប់ប្រាប់រឿងរ៉ាវកូនសិស្សខ្លួនឯងថា ជាក្មេងលេងគ្រឿងញៀន ដែលពេលខ្លះពិបាកប្រដៅផងដែរ ។
ដំណឹងនេះ ត្រូវបានគេដឹងជាទូទៅ ប៉ុន្តែមិនអាចយកមកផ្សព្វផ្សាយជាចំហបាន ដោយសារតែកីឡាករទាំងនោះត្រូវបានគេប្រកាសថា ពេលមានលុយក៏ភ្លើតភ្លើនហិតគ្រឿងញៀន ហើយពេលត្រូវការផ្ដាច់ ក៏ត្រូវឪពុកម្ដាយយកមកផ្ញើក្នុងក្លិបប្រដាល់ឡើងវិញ ដើម្បីផ្ដាច់គ្រឿងញៀនផង និងដើម្បីឱ្យក្លាយជាកីឡាករអាជីពផង។
គ្រូបង្វឹកភាគច្រើនបានសារភាពថា កីឡាករនៅក្នុងវិស័យប្រដាល់ច្រើនជាប់ពាក់ព័ន្ធនឹងបញ្ហាសារធាតុញៀននេះ ដោយសារតែភាគច្រើន អ្នកដែលសម្រេចចិត្តចូលប្រដាល់ ច្រើនជាក្មេងមិនសូវមានចំណេះដឹង មិនសូវស្ដាប់ឪពុកម្ដាយ និងភ្លើតភ្លើនជាមួយក្មេងក្រៅសង្គម ។
យ៉ាងណាក៏ដោយមានការបញ្ជាក់ថា នៅក្នុងវិស័យកីឡានៅប្រទេសកម្ពុជា សម្រាប់វិស័យប្រដាល់១ ប្រសិនបើដាក់លក្ខខណ្ឌថា រកឃើញអ្នកមាន សារធាតុញៀន គឺត្រូវបណ្ដេញចេញ ប្រាកដ ជាអស់កីឡាករនៅក្នុងវិស័យនោះមិនខាន ដោយសារតែកីឡាករមួយចំនួនត្រូវបានគេទម្លាយថា មានជាប់ពាក់ព័ន្ធ ខណៈដែលក្នុង វិស័យនេះត្រូវបានគេអះអាងថា អង្វរកីឡាករ ឱ្យនៅតស៊ូច្រើនជាងដាក់សម្ពាធ ។
យ៉ាងណា មិញ បណ្ដាអ្នករៀបចំកីឡាប្រដាល់បានថ្លែង បញ្ជាក់ថា កីឡាករនៅក្នុងវិស័យប្រដាល់ពិតជាមានអ្នកពាក់ព័ន្ធនឹងសារជាតិញៀន តែសម្រាប់កីឡាករមួយរូបៗ ដែលកំណត់ឱ្យឡើងប្រដាល់ គឺទាល់តែពិនិត្យឃើញថាគ្មាន សារធាតុញៀន ឬប៉ូវកម្លាំង ដោយអ្នកទទួល ខុសត្រូវទាំងនោះបញ្ជាក់ថា សម្រាប់អ្នកប្រកួត គឺសុទ្ធតែបានពិនិត្យមុនដោយមិនមានសារធាតុ ញៀនទេ ចំណែកអ្នកមានបញ្ហាពាក់ព័ន្ធគឺសុទ្ធតែជាកីឡាករដែលមិនសូវមានទីផ្សារប៉ុណ្ណោះ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ