ធ្វើ​សកម្មភាព​បាន​សម្រេច តែ​គេច​មិន​រួច លុះ​ចាប់ខ្លួន​សារភាព​ថា​ជា​មន្ត្រី​នគរបាល


រាជធានី​ភ្នំពេញ ៖​ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោ​ក​ម៉ូតូ​១​គ្រឿង​បាន​សម្រេច​ ​ប៉ុន្តែ​គេច​មិន​រួច ​ដោយសារ​ម្ចាស់​ឃើញ​ទាន់​ហើយ​ស្រែក​ឆោឡោ​ បង្កការ​ភ្ញាក់​ផ្អើលដល់​ប្រជាពលរដ្ឋ​ដេញ​​តាម​ចាប់ខ្លួន​បាន ​រួច​វាយ​ បណ្ដាល​ឲ្យ​រង​របួស​បែក​មុខ​ហូរ​ឈាម​កក្លាក់​ ​ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​ថែម​ទៀត​នោះ​ គឺ​ក្រោយ​ពី​ចាប់ខ្លួន​បាន​ហើយ ជនសង្ស័យ​បាន​សារភាព​ថា​ខ្លួន​គឺជា​មន្ត្រី​នគរបាល​មាន​ឋានន្តរស័ក្ដិ​ជា​អនុសេនីយ៍ត្រី (​ស័ក្ដិ​១) ផ្នែក​ភស្តុ​ភា​ក្រសួងមហាផ្ទៃ ដោយ​មាន​ទាំង​អត្តសញ្ញាណប័ណ្ណ​នគរបាល​ជាតិ​នៅ​ជាប់​ខ្លួន​ថែម​ទៀត​ផង​។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២០ នៅ​តាម​ផ្លូវ​ចោម​ចៅ ក្បែរ​សួន​កា​ណា​ឌី​យ៉ា ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

​ជនសង្ស័យ​ឈ្មោះ លុន ភា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ប្រមាត់ដី ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម​ ។ ដោយ​ឡែក​​ឈ្មោះ​នៅ​ក្នុង​អត្តសញ្ញាណប័ណ្ណ​នគរបាល​ជាតិ​ក៏​ឈ្មោះ​លុន ភា​រិ​ទ្ធ នេះ​ដែរ ហើយ​ក្រោយ​ពេល​ចាប់ខ្លួន ​ក្រៅពី​រក​ឃើញ​អត្តសញ្ញាណប័ណ្ណ​នគរបាល​ជាតិ​នៅ​ជាប់​ខ្លួន ​ក៏​មាន​ឧបករណ៍​សម្រាប់​កាច់​សោ​​ម៉ូតូ​ផង​ដែរ​។

​ជនសង្ស័យ​​ម្នាក់នេះ​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោ​ក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ស្គូ​​ពី​ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១FH-៣៣៧៨ ​ជា​កម្មសិទ្ធិ​របស់​ស្ត្រី​ម្នាក់​ឈ្មោះ ឈិ​ន លក្ខណា អាយុ​៣៦​ឆ្នាំ មុខរបរ​លក់ដូរ ​មាន​​ប្តី​ឈ្មោះ ភួង ផ​ល្លី អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​កន្លែង​កើតហេតុ និង​មានស្រុក​កំណើត នៅ​ក្នុងភូមិ​ត្រពាំង​សាលា ឃុំ​ឈើ​កាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ​ ក្រោយ​ពី​ត្រឡប់​មក​ពី​ដឹក​អី​​វ៉ា​ន់​នៅ​ផ្សារ​ជម្ពូ​វ័ន​វិញ ស្ត្រី​ជា​ម្ចាស់​ម៉ូតូ​បាន​ចត​ម៉ូតូ​ទុក​នៅ​ជិត​កន្លែង​លក់ដូរ បន្ទាប់​មក​គាត់​បាន​ដើរ​ចូល​ទៅ​ក្នុងផ្ទះ លុះ​មួយសន្ទុះ​ក្រោយមក ​ស្រាប់តែ​ជនសង្ស័យ​ចូល​ទៅ​ធ្វើ​សកម្មភាព​កាច់​សោ​ក​ម៉ូតូ​ ។ ​លុះ​​ធ្វើសកម្មភាព​បាន​សម្រេចបម្រុង​ជិះ​ចេញ​គេចខ្លួន​ដែរ​ ប៉ុន្តែ​ត្រូវ​បាន​ស្ត្រី​ជា​ម្ចាស់​ម៉ូតូ​ឮ​​សំឡេង​​ម៉ូតូ​មានការ​សង្ស័យ​បាន​ចេញ​មើលឃើញ​ជនសង្ស័យ​កំពុង​តែ​ជិះ​ម៉ូតូ​របស់​​គាត់ ​ទើប​ស្រែក​ឆោឡោ​បង្ក​ការ​ភ្ញាក់ផ្អើល​ ។ ​ភ្លាម​ៗ​នោះ​អ្នក​ភូមិ​បាន​នាំ​គ្នា​ជួយ​អន្តរាគមន៍​ចាប់​បាន​ជនសង្ស័យ​ រួច​វាយ​ម្នាក់​១​ដៃ​​ម្នាក់​១​ជើង​ បណ្តាល​ឱ្យ​រង​របួស​បែក​មុខ​បែក​មាត់​ ​ទើប​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ធ្វើការ​​សាកសួរ​និង​ចាត់ការ​តាម​ច្បាប់​។

តាម​​ប្រភព​​ព័ត៌មាន​​បាន​បន្ត​ទៀត​ថា ក្រោយ​សួរនាំ​ ជនសង្ស័យ​បាន​សារភាព​ប្រាប់​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​ថា ខ្លួន​ជា​មន្ត្រី​នគរបាល​ផ្នែក​ភស្តុ​ភា​រ​នៅ​ក្រសួងមហាផ្ទៃ​មាន​ឋានន្តរស័ក្ដិ​អនុសេនីយ៍ត្រី ខណៈនោះ​នគរបាល​អត់​ជឿ​ទេ​ ហើយ​ក៏​បាន​ធ្វើការ​ឆែកឆេរ​រក​ឃើញ​អត្តសញ្ញាណប័ណ្ណ​នគរបាល​ជាតិ​២​សន្លឹក​នៅ​ជាប់​ខ្លួន​ដែល​មានឈ្មោះ​លុន ភា​រិ​ទ្ធ និង​មាន​រូបថត​ត្រឹមត្រូវ​ថែម​ទៀត​ផង​។​

ទោះ​បី​ជា​បែប​ណា ​នៅ​មិន​ទាន់​ដឹង​ថា តើ​ជន​សង្ស័យ​នេះ​គឺ​មន្ត្រី​នគរបាល​ពិតប្រាកដ​ឬ​បែប​ណា​នៅឡើយ​ទេ ហើយ​ក្រៅពី​កាត​នគរបាល​ និង​ឧបករណ៍​សម្រាប់​កាច់​សោ​​ក​ម៉ូតូ​ក៏​នៅ​មាន​រូបថត​១​កំណាត់​ខ្លួន​​​ចំនួន​២​សន្លឹក​ទៀត​ ដែល​ក្នុង​នោះ​១​សន្លឹក​ជា​រូបថត​នគរបាល​ និង​១​សន្លឹក​ទៀត​ជា​រូប​ថ​ពាក់​អាវធំ​។ ទោះបីជា​បែប​ណា ​នគរបាល​កំពុង​បន្ត​ធ្វើកា​រ​នាំ​សាកសួរ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​៕​ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ