រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់ដណ្ដើមខ្សែក្រវាត់ជើងឯក«កម្ពុជា សង្វៀនគុនខ្មែរ»នៅលើសង្វៀនស៊ីអិនស៊ីថ្ងៃសៅរ៍ ទី១៤ មីនា សប្ដាហ៍នេះ បានឈានចូលដល់ សប្ដាហ៍ទី២ហើយសម្រាប់ការប្រកួតនៅក្នុង វគ្គជម្រុះ ។
គេនៅចាំបានថា សម្រាប់ការប្រកួតកាលពីជុំទី១កន្លងមកមានកីឡាករកម្ពុជាចំនួន២នាក់រួចមកហើយដែលបានឆ្លងផុតពីវគ្គជម្រុះនេះគឺកីឡាករ ឃឹម បូរ៉ា និងកីឡាករ ពុទ្ធ សំបូរ។ ដោយឡែកនៅក្នុងសប្ដាហ៍នេះគឺជាការប្រកួតជម្រុះជុំទី២រវាងកីឡាករ ឡុង ជិន ជាមួយកីឡាករថៃ ប្រាប់ផៃរី និងឈុត សេរីវ៉ាន់ ថង ជាមួយកីឡាករថៃ ទួន ប៉េ ប៉ុន្តែគេមិនទាន់ដឹងថា កីឡាករកម្ពុជាទាំងពីររូបនេះអាចឆ្លងផុតពីវគ្គជម្រុះនេះបានឬអត់នោះទេដោយសារកីឡាករថៃសុទ្ធតែជាជើងខ្លាំងនៅក្នុងពិភពប្រដាល់។
ឡុង ជិន គឺជាអ្នកប្រដាល់ជើងខ្លាំងមួយរូប មកពីក្លិបខ្លារខិនមានរិទ្ធ ដែលមានបទពិសោធន៍ប្រកួតនៅលើសង្វៀនជាយូរឆ្នាំមកហើយ ។ អ្នកប្រដាល់ដែលមានស្នៀតកែងនិងជង្គង់ល្អរូបនេះប្រាប់ថា គេបានត្រៀមកណ្ដាប់ដៃរួចរាល់ ដើម្បីស្វាគមន៍កីឡាករថៃ ។ ចំណែកកីឡាករថៃ ប្រាប់ផៃរីវិញក៏មិនអន់នោះដែរ គេធ្លាប់មកប្រកួតនៅស្រុកខ្មែរជាច្រើនដងរួចមកហើយ និងធ្លាប់ជួបប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងកម្ពុជាមិនតិចនាក់ទេ ។ ដូច្នេះទាមទារឱ្យឡុង ជិន មានបម្រុងប្រយ័ត្នខ្ពស់ទើបមានសង្ឃឹមឆ្លងផុតពីវគ្គជម្រុះនេះបាន ។
ចំណែក ឈុត សេរីវ៉ាន់ថង គឺជាអ្នកប្រដាល់វ័យក្មេងមកពីក្លិបខេត្តបន្ទាយមានជ័យ ដែលធ្លាប់ឆ្លងកាត់ការប្រកួតនៅលើសង្វៀនជាច្រើនឆ្នាំមកហើយ ។ លើកនេះគេមកប៉ះជាមួយជើងខ្លាំងថៃ ទួន ប៉េ ដែលធ្លាប់ធ្វើឱ្យអ្នកប្រដាល់កម្ពុជាមិនតិចនាក់នោះទេចាញ់នៅក្រោមកណ្ដាប់ដៃរបស់គេ។
លើកនេះឈុត សេរីវ៉ាន់ ថងប្រហែលជាពិបាកបន្តិចហើយ ព្រោះអីបើធ្វើការប្រៀបធៀបទៅលើបទពិសោធន៍របស់គេជាមួយទួនប៉េគឺខុសគ្នាឆ្ងាយណាស់ បានន័យថាកីឡាករថៃម្នាក់នេះចាស់វស្សាជាង ។ ចាំមើលកីឡាករកម្ពុជារូបនេះមានឱកាសឡើងទៅប្រកួតនៅវគ្គបន្តទៀតឬអត់? (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ