ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាធារណជន​នៅ​តែ​អាច​សួរនាំ​ព័ត៌​មាន​​ពី​ការ​បោះផ្សាយ​មូល​ប​ត្រ​របស់ អេ​ស៊ី​លី​ដា ទោះបី កម្មវិធី រ៉ូ​ដ​សូ បញ្ចប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​កម្មវិធី រ៉ូ​ដ​សូ ឬ​ហៅ​ថា កម្មវិធី​បង្ហាញ​ព័ត៌មាន​លម្អិត​របស់ ធនាគារ អេ​ស៊ី​លី​ដា ត្រូវ​បាន​បញ្ចប់ តែ​សាធារណជន​ដែល​មាន​ច​ម្ង​ល់…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​កម្មវិធី រ៉ូ​ដ​សូ ឬ​ហៅ​ថា កម្មវិធី​បង្ហាញ​ព័ត៌មាន​លម្អិត​របស់ ធនាគារ អេ​ស៊ី​លី​ដា ត្រូវ​បាន​បញ្ចប់ តែ​សាធារណជន​ដែល​មាន​ច​ម្ង​ល់ ឬ​បញ្ហា​អ្វីមួយ​មិន​ទាន់ ច្បាស់​ពី​នីតិ​វិធី ការ​ទិញ​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​របស់ ធនាគារ អេ​ស៊ី​លី​ដា នៅ​តែ​អាច សួរនាំ​មក​កាន់​ការិយាល័យ ធនាគារ អេ​ស៊ី​លី​ដា បាន​ផង​ដែរ មិនមែន​បិទ​បញ្ចប់​ការ​សួរ​ត្រឹម បញ្ចប់​កម្មវិធី រ៉ូ​ដ​សូ នេះ​ឡើយ ។

បើ​តាម​លោក ស៊ូ សុ​ជាតិ អគ្គនាយក​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​ថ្លែង​នៅ​ក្នុង​សន្និសីទ ក្រោយ​បញ្ចប់​កម្មវិធី រ៉ូ​ដ​សូ លើក​ទី​២ របស់ ធនាគារ អេ​ស៊ី​លី​ដា កាលពី​ល្ងាច​ថ្ងៃ​ទី ១០ ខែមីនា ឆ្នាំ​២០២០ ថា តាម​រយៈ​ការ​រៀបចំ​កម្មវិធី រ៉ូ​ដ​សូ ពីរ​ដង​រួច​មក​ហើយ​នេះ វា​មិន​ទាន់ គ្រប់គ្រាន់​សម្រាប់​សាធារណជន​នោះ​ទេ ហើយ​បើ​មានកម្ម​វិធី​ក្រោយ​ៗ​ទៀត សាធារណជន នៅ​តែ​ចូលរួម និង​ចង់​ស្ដាប់​នូវ​ការ​បង្ហាញ​របស់​អ្នកជំនាញ មុន​នឹង ធនាគារ អេ​ស៊ី​លី​ដា បោះ ផ្សាយ​លក់​មូល​ប​ត្រ​ជា​ផ្លូវការ​នៅ​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា ។ តែ​ដោយសារ​តែ ធនាគារ អេ​ស៊ី​លី​ដា ស្នើ​សុំ​រៀបចំ​កម្មវិធី រ៉ូ​ដ​សូ តែ​ពីរ​ដង ដូច្នេះ​គណៈកម្មការ​មូល​ប​ត្រ​ក៏​យល់ព្រម ។ ប៉ុន្តែ​សាធារណជន​នៅ​តែ​អាច​មក​សួរនាំ​នូវ​ព័ត៌មាន​បន្ថែម​ពី ធនាគារ អេ​ស៊ី​លី​ដា បាន​ផង​ដែរ មិនមែន​បិទ​បញ្ចប់​ការ​ផ្ដល់​ព័ត៌មាន​ត្រឹមនេះ​ទេ ។

លោក​បន្ត​ទៀត​ថា តាម​ពិត​ទៅ​ការ​ផ្ដល់​ព័ត៌មាន​ទៅ​សាធារណជន​ទាំងអស់ មិនមែន​មាន​តែ​ថ្ងៃ ធ្វើ រ៉ូ​ដ​សូ នោះ​ទេ គឺ​បាន​ផ្ដល់​ព័ត៌មាន​តាំងពី​ថ្ងៃ​ចាប់ផ្ដើម​ប្រកាស​បោះផ្សាយ​ម្ល៉េះ ក៏​ប៉ុន្តែ សម្រាប់​កម្មវិធី រ៉ូ​ដ​សូ គឺជា​ថ្ងៃ​ដែល​ពិសេស ដែល​សាធារណជន​អាច​សួរ​ដេញដោល​គ្នា​បាន ។ ម្យ៉ាងទៀត ទោះបី​កម្មវិធី​នេះ​បាន​បញ្ចប់ តែ​សាធារណជន​នៅ​តែ​អាច​មក​សួរ​ព័ត៌មាន​បន្ថែម បាន​ក្នុង​ករណី​មិន​ទាន់​យល់​ច្បាស់ ។

លោក​បន្ត​ថា នៅ​ក្នុង​ព្រឹត្តិការណ៍​បង្ហាញ​ព័ត៌មាន​លម្អិត​នេះ​ដែរ សាធារណជន​ក៏​អាច​ចូលរួម ប៊ុ​ក​បៀ​ល​ឌី​ង ឬ​អាច​ដេញថ្លៃ​បណ្ដើរ​ៗ​បាន​ផង​ដែរ ហើយ​បន្តបន្ទាប់​ទៀត ធនាគារ អេ​ស៊ី​លី​ដា នឹង​ប្រកាស​លក់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ណាមួយ​ដែល​កំណត់​ដោយ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ។

លោក ស៊ូ សុ​ជាតិ បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក ដោយសារ​តែ​បញ្ហា ប្រឈម​នៃ​វីរុស កូ​រ៉ូ​ណា នេះ ផល​ប៉ះពាល់​ទៅ​លើ​វិស័យ​មូល​ប​ត្រ​ពិតជា​មាន ក៏​ប៉ុន្តែ​វា​មិន​អាច រារាំង​ដល់​វិនិយោគិន មិន​អោយ​វិនិយោគ​នោះ​ទេ ពោល​វិនិយោគិន​នៅ​តែ​ដាក់​ទុន​វិនិយោគ ហើយ​ការ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ដែល​មាន​ហិរញ្ញវត្ថុ​រឹង​មាំ គឺជា​ឱកាស​របស់​វិនិយោគ និង មិន​គួរ​អោយ​ឱកាស​នេះ​រំលង​ហួស​ឡើយ ។

លោក​បណ្ឌិត អុិន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​មាន ប្រសាសន៍​ថា បើ​ទោះបីជា​ស្ថានភាព​បែប​ណា ក៏​ដំណើរការ​នៃ​ការ​បោះផ្សាយ​លក់​មូល​ប​ត្រ កម្មសិទ្ធិសាធារណ​របស់ ធនាគារ អេ​ស៊ី​លី​ដា នៅ​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា​នៅ​តែ​ប្រព្រឹត្តិ​ទៅ ដដែល និង​ទៅ​តាម​គម្រោង​ផែនការ​ដែល​បាន​គ្រោងទុក​ដដែល ។

លោក​បន្ត​ថា នៅ​ក្នុង​ស្ថានភាព​បែប​នេះ ក៏​ជា​ឱកាស​មួយ​ផង​ដែរ សម្រាប់​ការ​អភិវឌ្ឍ​វិស័យ ហិរញ្ញវត្ថុ​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល ជាក់ស្ដែង​កាលពី​ពេល​ផ្ទុះ​ជំងឺសា​នៅ​ប្រទេស​ចិន កាលនោះ​មិន ទាន់​មានការ​ប្រើប្រាស់​ទូលំទូលាយ​នូវ​ប្រព័ន្ធ​ទូទាត់​តាម​វី​ឆាត ( We Chat ) នៅឡើយ ក៏​ប៉ុន្តែ ស្រាប់តែ​មាន​ផ្ទុះ​ជំងឺសា ប្រព័ន្ធ​ទូទាត់​នេះ​បាន​ប្រើ​ទូលំទូលាយ​នៅ​ប្រទេស​ចិន ។ ដូច​គ្នា​នេះ ដែរ ក្នុង​ពេល​ផ្ទុះ​ជំងឺ​កូ​វី​ដ​-១៩ ពលរដ្ឋ​មួយ​ចំនួន​ធំ​ខ្លាច​ឆ្លង​លែង​ចង់​ប៉ះពាល់​វត្ថុ​ដែល​មិនមែន ជាប់​ខ្លួន ។ ម្យ៉ាងទៀត​យោង​តាម​វិ​ជ្ជ​សាស្ត្រ ក្រដាសប្រាក់​ក៏​ជា​ភ្នាក់ងារ​ចម្លង​មួយ​ផង​ដែរ ព្រោះ​ត្រូវ​កាន់​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ជា​បន្តបន្ទាប់ ដូច្នេះ​បើសិនជា​ពួក​យើង​នាំ​គ្នា​ទូទាត់​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​ដូច​ជា​តាម Apps របស់ អេ​ស៊ី​លី​ដា ទាន់ចិត្ត ជាដើម​នោះ លោក​អ្នក​មិន​ចាំបាច់​កាន់​ក្រដាស​ប្រាក់ ហើយ​ក៏​មិន​ចាំបាច់​ភ័យ​ខ្លាច​ឆ្លង តាម​រយៈ​ក្រដាសប្រាក់​នេះ​ដែរ ។

គួរ​បញ្ជាក់​ថា ធនាគារ អេ​ស៊ី​លី​ដា គឺជា​ធនាគារ​ដំបូង​គេ​ដែល​ទទួល​បានការ​អនុញ្ញាត​អោយ បោះ​ផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណ​នៅ​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា ហើយ​ក៏​មានការ ចាប់​អារម្មណ៍​ពី​សាធារណជន​ច្រើន​ផង​ដែរ ដោយសារ​តែ​ធនាគារ​នេះ​មានការ​រីក​ចម្រើន​លូត លាស់​គួរ​អោយ​កត់សម្គាល់ និង​ឈាន​ដល់​ការ​បង្កើត​សាខា​ការិយាល័យ​នៅ​ក្រៅប្រទេស​ដូច ជា ធនា​គារ អេ​ស៊ី​លី​ដា ឡាវ និង​មីក្រូហិរញ្ញវត្ថុ​មី​យ៉ា​ន់​ម៉ា ជាដើម ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ