របបអាហារសុខភាពល្អ គឺចាំបាច់ណាស់សម្រាប់គ្រប់គ្នា។ប៉ុន្តែវាកាន់តែសំខាន់ថែមមួយកម្រិតទៀតចំពោះអ្នកជំងឺទឹកនោមផ្អែម។ របបអាហារល្អមួយអាចជួយគ្រប់គ្រងទម្ងន់និងជាតិស្ករបានយ៉ាងប្រសើរ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរបបអាហារដែលល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម ៖
១. ផ្ដោតសំខាន់លើអាហារប្រាំក្រុម ៖ វាពិតជាសំខាន់ណាស់ដែលអ្នកគួររួមបញ្ចូលប្រភេទត្រឹមត្រូវនៃអាហារក្នុងរបបអាហារប្រចាំថ្ងៃ។ ហើយគ្មានអាហារអ្វីអាចផ្ដល់នូវវីតាមីននិងជាតិរ៉ែដែលរាងកាយត្រូវការចាំបាច់ជាងអាហារប្រាំក្រុមរួមមានផ្លែឈើ បន្លែបៃតង សាច់គ្មានខ្លាញ់ ប្រូតេអ៊ីនគ្មានខ្លាញ់ ផលិតផលអាហារផ្សំឡើងពីទឹកដោះគោមានខ្លាញ់ទាប ឬគ្មានខ្លាញ់ និងគ្រាប់ធញ្ញជាតិ។
២. បង្កើនការទទួលទានអាហារមានផ្ទុកសម្បូរដោយជាតិសរសៃ ៖ ជាតិសរសៃ គឺសំខាន់បំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ វាជួយពន្យឺតបរិមាណនៃជាតិស្ករដែលត្រូវបញ្ចេញទៅក្នុងឈាមដែលរក្សាកម្រិតនៃជាតិស្ករក្នុងឈាមឱ្យមានស្ថេរភាព។
៣. កាត់បន្ថយអាហារមានផ្ទុកសម្បូរទៅដោយកាបូអ៊ីដ្រាត ៖ ការកាត់បន្ថយការទទួលទានអាហារសម្បូរដោយកាបូអ៊ីដ្រាតជាគន្លឹះចម្បងមួយដែលអ្នកគួរអនុវត្តដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែម។ បរិមាណនៃកាបូអ៊ីដ្រាតច្រើនពេកធ្វើឱ្យកោសិកាធន់នឹងអាំងស៊ុយលីនបង្កបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់។ ទោះជាយ៉ាងណាមិនមែនមានន័យថាអ្នកត្រូវឈប់ទទួលទានអាហារមានផ្ទុកកាបូអ៊ីដ្រាតតែម្ដងឡើយក៏ព្រោះរាងកាយនូវត្រូវការវា! អ្វីដែលសំខាន់ គឺត្រូវកាត់បន្ថយការទទួលទាន។
៤. កាត់បន្ថយ ឬឈប់ទទួលទានអាហារចៀនបំពង ៖ អាហារចៀន ឬបំពងភាគច្រើន គឺមានផ្ទុកជាតិខ្លាញ់មិនល្អ។ ដូច្នេះដើម្បីជាការប្រសើរចូរជ្រើសរើសវិធីចម្អិនផ្សេងទៀតដូចជាស្ងោ អាំង ឬចំហុយជំនួសវិញ។ ប្រសិនបើអ្នកឈប់ទទួលទានអាហារចៀន ឬបំពងមិនបានចូរជ្រើសរើសប្រើប្រាស់ខ្លាញ់ល្អដូចជាប្រេងអូលីវ។
៥. ផ្លាស់ប្ដូរអាហារមួយចំនួនចេញ ៖ ការផ្លាស់ប្ដូរអាហារ ឬគ្រឿងផ្សំដែលត្រូវប្រើក៏ជាជម្រើសដ៏ប្រសើរមួយសម្រាប់គ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមផងដែរ។ ឧទាហរណ៍អ្នកគួរចាប់ផ្ដើមទទួលទានទឹកធម្មតា ឬតែគ្មានជាតិផ្អែមជំនួសភេសជ្ជៈកំប៉ុង។ អ្នកអាចប្រើប្រាស់យ៉ាអួរជំនួសគ្រីមជូរ ទឹកក្រូចឆ្មារស្រស់ជំនួសបឺរ និងអំបិលក្នុងចំនួនសមល្មមសម្រាប់បង្កើនរសជាតិអាហារ (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ