ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច ស ខេ​ង ៖ មន្ត្រី​ចង់បាន​តំណែង​ដឹង​ច្បាស់​ពី​មន្ត្រី​ណា​ចូល​និវត្តន៍​ដូច្នេះ​ត្រូវ​កាត់​បន្ថយ​អ្នក​រត់ការ ដើម្បី​ទទួល​បាន​តំណែង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បាន​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ត្រូវ​កាត់​បន្ថយ​ជា​អតិបរមា ចំពោះ​អ្នក​រត់ការ ដើម្បី​ទទួល​តំណែង​នៅ​កន្លែង​នីមួយ​ៗ ព្រោះ​មន្ត្រី​ខ្លះ​បានដឹង​ច្បាស់​មន្ត្រី​ណា​នៅ​កន្លែង​ណា…

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បាន​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ត្រូវ​កាត់​បន្ថយ​ជា​អតិបរមា ចំពោះ​អ្នក​រត់ការ ដើម្បី​ទទួល​តំណែង​នៅ​កន្លែង​នីមួយ​ៗ ព្រោះ​មន្ត្រី​ខ្លះ​បានដឹង​ច្បាស់​មន្ត្រី​ណា​នៅ​កន្លែង​ណា ចូល​និវត្តន៍​ច្បាស់​ជាង​សម្តេច​ទៀត ។ ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨​មីនា ខួប​លើក​ទី​១០៩ ឆ្នាំ​២០២០ ក្រោម​ប្រធានបទ «​មាន​សន្តិភាព មានការ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​» នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ នា​ថ្ងៃ​ទី​១១ ខែមីនា ។

សម្ដេច ស ខេ​ង បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ទៅ​ដល់​ការ​អភិវឌ្ឍ​សមត្ថភាព​ធនធានមនុស្ស​ជា​ស្ដ្រី​ឲ្យ​បាន​ច្រើន ដើម្បី​ត្រៀមលក្ខណៈ​ទទួល​តំណែង​ទៅ​តាម​តួនាទី​មុខ​ជំនាញ​រៀង​ៗ​ខ្លួន ។ សម្ដេច​បាន​គូសបញ្ជាក់​ថា ៖ «​ចង់រក​មនុស្ស​ធ្វើ​ជា​អនុប្រធាន​នាយករ​ដ្ឋា​ន​ធ្វើ​ជា​ប្រធាន​នាយកដ្ឋាន​អគ្គនាយករង អគ្គនាយក អាហ្នឹង​យើង​ត្រូវ​មាន​ប្រភព ហើយ​យើង​ត្រូវ​កាត់​បន្ថយ​ឲ្យ​បានជា​អតិបរមា​រត់ការ ដើម្បី​នឹង​ស៊ូ​ក​សៀត​តំណែង តួនាទី កន្លែង​នីមួយ​ៗ ។ ព្រោះ​ពូកែ​ណាស់ មន្ដ្រី​យើង​មួយ​ចំនួន ពូកែ​ដឹង​ថា នរណា​ចូល​និវត្តន៍​ដឹង​តាំងពី​ថ្ងៃខែ​ដឹង​មែនទែន​ដឹង​ជាង​យើង រួច​ហើយ​ទៅ​សុំ​កន្លែង​ណុ​ង ព្រោះ​កន្លែង​ណុ​ង​ចូល​និវត្តន៍​» ។

សម្ដេច​ក្រឡាហោម​បាន​បន្ដ​ថា ការ​តែងតាំង​មន្ដ្រី​ជា​អភិបាលខេត្ត អភិបាលរង អភិបាលស្រុក អភិបាលរង​ស្រុក ច្បាប់​បាន​ចែក​ថា ការ​តែងតាំង​មន្ដ្រី​ត្រូវ​មាន​ក្រប​ខណ្ឌ​បទ​ពិសោធន៍​សមត្ថភាព និង​អាយុ ។ បន្ថែម​ពី​នេះ​សម្ដេច​ឲ្យ​តម្លៃ​ណាស់​សម្រាប់​មន្ដ្រី​ណា​ឆ្លងកាត់​ធ្វើ​ការងារ​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ដឹង​សុខ​ទុក​របស់​ពួក​គាត់ ពីព្រោះ​មន្ដ្រី​ត្រូវ​បម្រើ​ជាតិ និង​ពលរដ្ឋ ។

សម្តេច​បន្ត​ថា ចំណុច​នេះ​ត្រូវ​តែ​មានការ​គោរព​ទាំងអស់​គ្នា​មិន​ចាំតែ​ក្រសួងមហាផ្ទៃ​នោះ​ទេ ។ កន្លង​មកនេះ​មាន​មន្ត្រី​មួយ​ចំនួន​ដែល​ចង់បាន​ឡើង​ធំ ឬ​កាន់​ដំណែង​នៅ​ទីណា​មួយ​បាន​រត់ការ​ដោយ​ខ្លួនឯង និង​មានការ​អន្តរាគមន៍​ថា ជា​ក្មួយ ជា​កូន អ្នកមាន ជាមួយ​គ្នា​ជាដើម សុំ​ឯកឧត្តម​ជួយ​ផង ។ សម្តេច​បាន​លើក​ឡើង​ថា​សម្រាប់​សម្តេច​ឲ្យ​តម្លៃ​ចំពោះ​មន្ត្រី​នៅ​ជាមួយ​ប្រជាពលរដ្ឋ ដឹង​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ច្រើន ប៉ុន្តែ​ក៏​មាន​មន្ត្រី​ខ្លះ​ក៏​មិន​បាន​មានបទពិសោធន៍​ក៏​អាច​ធ្វើ​បាន​ដែរ ។ សម្តេច​ថា ៖«​សម្រាប់​ខ្ញុំ​ឲ្យ​តម្លៃ​ចំពោះ​មន្ត្រី​នោះ​ច្រើន ព្រោះថា​នៅ​ពេល​យើង​តែងតាំង​មន្ត្រី​នោះ​អាច​ដឹង​អំពី​ជីវភាព​ការ​លំបាក​របស់​ប្រជាពលរដ្ឋ ។ អាហ្នឹង​យើង​ឲ្យ​តម្លៃនឹង​មិន​ខុស ប៉ុន្តែ​មិន​ទាំង​អស់នោះ​ទេ ពេល​ខ្លះ​ក៏​មាន​មន្ត្រី​យើង​ធ្វើ​បាន​ដែរ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ