ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សណ្ឋាគារ​បិទទ្វារ និង​ផ្អាក​កាន់តែ​ច្រើនសមាគម​ស្នើ​រដ្ឋាភិបាល​ជួយ​សម្រួល​បន្ថែម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្នុង​ពេល​វិស័យ​ទេសចរណ៍​កំពុង​ជួប​វិបត្តិ​ដោយសារ ការ​រាលដាល​នៃ វីរុស កូ​វី​ដ​-១៩ រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​លើកលែង​ពន្ធ​ដល់​អាជីវកម្ម​សណ្ឋាគារ​រយៈ ពេល ៤​ខែ គឺ​ពី​ខែកុម្ភៈ…

រាជធានី​ភ្នំពេញ​៖ ក្នុង​ពេល​វិស័យ​ទេសចរណ៍​កំពុង​ជួប​វិបត្តិ​ដោយសារ ការ​រាលដាល​នៃ វីរុស កូ​វី​ដ​-១៩ រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​លើកលែង​ពន្ធ​ដល់​អាជីវកម្ម​សណ្ឋាគារ​រយៈ ពេល ៤​ខែ គឺ​ពី​ខែកុម្ភៈ ដល់​ខែឧសភា ឆ្នាំ ២០២០ សម្រាប់​តែ​ខេត្តសៀមរាប មួយ​ប៉ុណ្ណោះ ។ ក៏​ប៉ុន្តែ​អាជីវករ​ក្នុង​វិស័យ​សណ្ឋាគារ​បាន​ស្នើ​ដល់​រដ្ឋាភិបាល​គួរតែ​លើកលែង​ពន្ធ​ដល់ សណ្ឋាគារ​ទូ​ទាំង​ប្រទេស ។

លោកស្រី ក្លេ​ខៃ ចិន្តា ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ក្នុង​ពេល ដែល​វិបត្តិ​នៃ​វិស័យ​ទេសចរណ៍​បែប​នេះ ក្នុង​នាម​ជា​អាជីវករ​ក្នុង​វិស័យ​សណ្ឋាគារ និង​ជា​ប្រ ធាន​សមាគម​សណ្ឋាគារ សូម​ស្នើ​សុំ​ដល់​រដ្ឋាភិបាល​មេត្តា​លើកលែង​ពន្ធ ដល់​អាជីវកម្ម សណ្ឋាគារ​ទូ​ទាំង​ប្រទេស​ផង ហើយ​និង​ពន្យារ​ដល់​ខែតុលា ២០២០ ដើម្បី​ឱ្យ​ម្ចាស់​ស​ណ្ឋា គារ​ទាំងអស់​អាច​មាន​លទ្ធភាព ក្នុង​ការ​បន្ត​អាជីវកម្ម និង​ត្រៀមខ្លួន​សម្រាប់​ទទួលភ្ញៀវ ឡើង​វិញ​នៅ​រដូវ​ភ្ញៀវ​ខ្ពស់ ( High Season ) ពី​ខែវិច្ឆិកា ចុងឆ្នាំ​នេះ ។ លោកស្រី​បន្ត​ថា​ប៉ះពាល់​នៃ​វិស័យ​សណ្ឋាគារ​នា​ពេល​នេះ មិនមែន​មាន​តែ​ក្នុង​ខេត្ត​សៀម រាប មួយ​ប៉ុណ្ណោះ​ទេ ពោល​គឺ​វា​បាន​រង​ផល​ប៉ះពាល់​ទូ​ទាំង​ប្រទេស គ្រាន់តែ​នៅ​ក្នុង​ខេត្ត សៀមរាប មាន​សណ្ឋាគារ​ច្រើន​ជាងគេ ដូច្នេះ​ហើយ​បើ​មើល​ពី​ទំហំ​នៃ​ការ​ផ្អាក និង​បិទ គឺ សមាមាត្រ​ប្រហាក់ប្រហែល​នឹង​គ្នា​ដែរ ។

លោកស្រី​ថា​៖ «​សៀមរាប មាន​សណ្ឋាគារ​តូច​ធំ​រាប់រយ​សណ្ឋាគារ ដូច្នេះ​បរិមាណ​នៃ​ការ បិទ​ក៏​មាន​ច្រើន ។ ដូច​គ្នា​នេះ​ដែរ ខេត្ត​ផ្សេង​ទៀត​មាន​សណ្ឋាគារ​រាប់​សិប​សណ្ឋាគារ ដូច្នេះ បើ​បិទ​តែ​បួនដប់​សណ្ឋាគារ គិត​ជា​អត្រា ភាគរយ​គឺ​ប្រហាក់ប្រហែល​គ្នា មិន​លើស​គ្នា​ប៉ុន្មាន នោះ​ទេ​» ។
លោកស្រី​បន្ថែម​ថា បច្ចុប្បន្ន​នេះ ផល​ប៉ះពាល់​ទៅ​លើ​វិស័យ​សណ្ឋាគារ មិន​ថា​តូច ឬ​ធំ ឡើយ សុទ្ធតែ​ប៉ះពាល់​ដូច​គ្នា​ហើយ​មិន​ថា ក្នុង​លំដាប់​ផ្កាយ​ប៉ុន្មាន​នោះ​ទេ ។ ជាក់ស្ដែង សណ្ឋាគារ​ធំ​ៗ​មាន​បន្ទប់ ១០០​ហើយ​បើ​បន្ទប់​ទំនេរ ៧០ គឺ​ស្មើនឹង ៧០​ភាគរយ ដូច​គ្នា​នេះ ដែរ​សណ្ឋាគារ​តូច​ៗ​ឧទាហរណ៍​ថា​មាន​បន្ទប់​ត្រឹម ១០ បើ​បាត់​តែ ៧ ក៏​មាន​ន័យ​ថា ៧០​ភាគរយ​ដូច​គ្នា​ដែរ ហើយ​ផល​ប៉ះពាល់​នេះ​ដែរ វា​មាន​គ្រប់​ខេត្ត​ទៅ​ហើយ មិន​ថា​សៀម រាប ព្រះ​សីហ​នុ ឬ​ខេត្ត​នៅ​ចុងកាត់មាត់ញក​នោះ​ឡើយ ពួក​គាត់​សុទ្ធតែ​បាត់បង់​ចំណូល ក៏​ប៉ុន្តែ​ដោយសារ​តែ​បរិមាណ​សណ្ឋាគារ​នៅ​ខេត្ត​ផ្សេង​មាន​តិចតួច ដូច្នេះ​ហើយ​ទើប​មើល ឃើញ​ពី​ទំហំ​នៃ​ការ​ប៉ះពាល់​តូច ។

លោក តុ​ប សុ​ភ័ក រដ្ឋលេខាធិការ និង​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​កម្ពុជា បាន​មាន ប្រសាសន៍​ថា ដោយសារ​តែ​បញ្ហា កូ​វី​ដ​-១៩ នៅ​ខេត្តសៀមរាប ធ្វើ​ឱ្យ​មាន​សណ្ឋាគារ​មួយ ចំនួន​បាន​ផ្អាក​ដំណើរការ និង​មួយ​ចំនួន​បាន​បិទទ្វារ ។ យោង​តាម​របាយការណ៍​ដែល ក្រសួងទេសចរណ៍​ទទួល​បាន មាន​សណ្ឋាគារ​ចំនួន ១០ សណ្ឋាគារ​បាន​ផ្អាក​ដំណើរការ និង ១០ សណ្ឋាគារ​បាន​បិទទ្វារ ហើយ​ក៏​មាន​អាជីវកម្ម​មួយ​ចំនួន​ទៀត​បាន​បិទ និង​ផ្អាក​ដំណើរការ​ដែរ ក៏​ប៉ុន្តែ​មិន​មាន​របាយការណ៍​ជាក់លាក់ ។លោក​បន្ត​ថា ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ ក្រសួង​បាន​ផ្សព្វផ្សាយ​ទូលំទូលាយ ទាក់ទង​ទៅ នឹង​ប្រតិបត្តិ​ករ​ទេសចរណ៍​ដែល​បម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ ជា​ពិសេស​សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន ដើម្បី​រួម​គ្នា​ជំរុញ​ការងារ​នេះ​ឱ្យទៅ​មុខ​បន្ត​ទៀត ព្រោះថា នេះ​ជា​ផល​ប៉ះពាល់​ធំ​មួយ​ទូ​ទាំង​ពិភពលោក​មិនមែន​មាន​តែ​កម្ពុជា ។

ការ​រក​ឃើញ​ករណី កូ​វី​ដ​-១៩ នៅ​ខេត្តសៀមរាប ក៏​មិន​មាន​ជា​ករណី​ភ្ញាក់ផ្អើល ឬ​លើក​ដំបូង​សម្រាប់​កម្ពុជា​ដែរ ជាក់ស្ដែង​កាលពី​កន្លង​ទៅ កម្ពុជា​ក៏​បាន​រក​ឃើញ​ករណី កូ​វី​ដ​-១៩ នៅ​ខេត្ត​ព្រះ​សីហ​នុ ដែរ ទៅ​លើ​ជនជាតិ​ចិន​ម្នាក់ ហើយ​កម្ពុជា​ក៏​បាន​ព្យាបាល​ជា និង​បញ្ជូន​ត្រលប់​ទៅ​វិញ​ផង​ដែរ ។លោក​បន្ថែម​ថា ពាក់ព័ន្ធ​នឹង​ការ​លើកលែង​ពន្ធ​ដល់​អាជីវកម្ម​សណ្ឋាគារ និង​ផ្ទះសំណាក់ នៅ​ខេត្តសៀមរាប ដោយសារ​តែ​ខេត្ត​នេះ​ជា​ខេត្ត​គោលដៅ​ទេសចរណ៍ និង​មាន​ផល​ប៉ះ ពាល់​ធ្ងន់ធ្ងរ​ជាងគេ ដូច្នេះ​ហើយ​ទើប​រដ្ឋាភិបាល​សម្រេច​លើកលែង​ពន្ធ​សម្រាប់​តែ ខេត្តសៀមរាប ។ ដោយឡែក​នៅ​ខេត្ត​ផ្សេង​ទៀត​មិនមែន​ថា​មិន​ប៉ះពាល់​ទេ ក៏​ប៉ុន្តែ​ជាក់ ស្ដែង ដូច​ជា​នៅ​ខេត្ត​ភូមិភាគ​ឦសាន ក៏​នៅ​តែ​មាន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​ជា​ហូរហែរ​មិនស្ងប់ស្ងាត់​ដូច​នៅ​សៀមរាប​ឡើយ ។

លោក​ថា​៖ «​ក្រសួងទេសចរណ៍​មិន​បាន​ព្រងើយកន្តើយ​ចំពោះ​បញ្ហា​ដែល​កើតឡើង​ចំពោះ មុខ​នេះ​ទេ ។ ក្រសួង​បាន​ត្រៀម​រួច​ហើយ​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​ទាក់ទាញ​ទេសចរ​នានា នៅ​ខេត្តសៀមរាប ក៏​ប៉ុន្តែ​ក្នុង​កាលៈទេសៈ​នេះ​មិន​ទាន់​អាច​ធ្វើ​បាន​ទេ ដោយ​រង់ចាំ​ស្ថាន ភាព​ស្ងប់​ស្ងាប់​ទៅ​វិញ​បន្តិច​សិន​» ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ