អ្នក​ស្នង​មរតក​ ផលិត​ឧបករណ៍​ភ្លេង​បុរាណ​​បារម្ភ​ពី​ការ​បាត់បង់​​(វីដេអូ)


រាជធានី​ភ្នំពេញ ៖ អ្នក​ស្នង​មរតក​ផលិត និង​ប្រគំ​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ សម្ដែង​ក្ដី​ព្រួយបារម្ភ​អំពី​ការ​បាត់បង់​ទៅ​ថ្ងៃ​អនាគត ស្រប​ពេល​ដែល​បច្ចុប្បន្ន ក្មេង​ៗ​សម័យ​ថ្មី​ពេញ​និយម​ទៅ​លើ​បទ​កន្ត្រាក់​ញាក់​អារម្មណ៍ និង​ឧបករណ៍​ភ្លេងសម័យ ទំនើប​ៗ​នោះ ។ អ្នក​ស្នង​មរតក​ផលិត​ឧបករណ៍​ភ្លេងខ្មែរ​បុរាណ​ដ៏​ជំនាញ​ម្នាក់​នេះ​អាច​ធ្វើ និង​ផ្លុំ​បាន​មាន​ដូច​ជា ខ្លុយ ប៉ីអ ប៉ីពក ស្នែង អង្កួញ ស្រឡៃ និង​ខ្យង ជាដើម ។

លោក​យឹ​ម សី​ជោតិ អាយុ​៥១​ឆ្នាំ លើក​ឡើង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថាបើ​មាន​អ្នក​ចង់​ចេះ​ឧបករណ៍​តន្ត្រីបុរាណ​គឺ​មាន​តែ ក្មេង​ៗ​ដែល​មាន​ឪពុក ឬ​សែស្រឡាយ​ជា​អ្នកភ្លេង ឬ​តិចតួច​ប៉ុណ្ណោះ​ដែល​នៅ​គាំទ្រ ។

លោក​យឹ​ម សី​ជោតិ ដែល​មាន​ទីលំនៅ​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​បាន​​រៀបរាប់​ថា សព្វថ្ងៃ​លោក​ជា​មន្ត្រីរាជការ​បម្រើ​ការងារ​នៅ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​គ្រូបង្ហាត់​បង្រៀន​ផ្នែក​ផលិត និង​ផ្លុំ​ឧបករណ៍​ភ្លេងខ្មែរ​បុរាណ​ខ្លុយ ប៉ីអ ប៉ីពក ស្នែង អង្កួញ ស្រឡៃ និង​អំពី​ខ្យង ។

ចំណេះ​ជំនាញ​ផលិត និង​ប្រើ​ឧបករណ៍​ភ្លេងខ្មែរ​បុរាណ​ទាំងនេះ លោក​បាន​រៀន និង​ចេះ​ចាំ​ត​ពី​ឪពុក​របស់​លោក​ឈ្មោះ​យឹ​ម សាំង ជា​អ្នកមាន​ដើម​កំណើត​នៅ​ខេត្ត​តាកែវ ដែល​ជា​អតីតមន្ត្រី​បម្រើ​ការ​នៅ​ក្នុង​ក្រុម​ភ្លេង​ប្រចាំ​ព្រះ​បរមរាជវាំង និង​ជា​គ្រូភ្លេង​បង្រៀន​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ និង​វិចិត្រសិល្បៈ តាំងពី​លោក​នៅ​កុមារ​ម្ល៉េះ ។ កាលពីមុន​លោក​តែងតែ​ដើរ​លេង​នៅ​តាម​វង់ភ្លេង​បុរាណ​ខ្មែរ​នៅ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​កម្ពុជា ភាគច្រើន​នៅ​ក្នុង​ពិធី​មង្គលការ ពិធីបុណ្យ ក្រុង​ពលី ឬ​ពិធីសែនព្រេន ផ្សេង​ៗ ហើយ​លោក​ជា​អ្នក​ផ្លុំ​ខ្លុយ ផ្លុំ​ប៉ីអ ប៉ីពក ស្នែង អង្កួញ ឬ​ក៏​ខ្យង​ទៅ​តាម​កម្មវិធី ។

ក្រៅពី​បំពេញការងារ​នៅ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បង្រៀន​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ វិចិត្រសិល្បៈ និង​ដើរ​លេង​នៅ​តាម​វង់ភ្លេង​នានា​នោះ ឆ្លៀតពេល​ទំនេរ​នៅផ្ទះ​លោក​យឹ​ម សី​ជោតិ បាន​ខិតខំ​ផលិត​ឧបករណ៍​ភ្លេងបុរាណ ដើម្បី​លក់​យក​កម្រៃ​បន្ថែម ។ ប្រសិនបើ​លោក​ធ្វើ​តែ​ខ្លុយ​មួយ​មុខ ក្នុង​មួយ​ថ្ងៃ​ធ្វើ​បាន​ចំនួន​៥​ដើម ។ បើ​ធ្វើ​ស្នែង​បាន​តែ​ចំនួន​១​ប៉ុណ្ណោះ​។ ប៉ីអ​អាច​បាន​ចំនួន​៣​ដើម ហើយ​ប៉ីពក​បាន​តែ​មួយ​ដើម​ប៉ុណ្ណោះ ។

ការ​ផលិត និង​លក់​ឧបករណ៍​ភ្លេង​ក្នុង​មួយ​ថ្ងៃ​ៗ លោក​យឹ​ម សី​ជោតិ អាច​រក​ចំណូល​បន្ថែម​បាន​ចាប់ពី​៣០​ដុល្លារ​ទៅ​៨០​ដុល្លារ ឬ​អាច​ពី​៨០​ទៅ​២០០​ដុល្លារ ក៏​មាន​ទៅ​តាម​ថ្ងៃ តែ​ថ្ងៃ​ខ្លះ​ក៏​លក់​មិន​ដាច់​ដែរ ។ អ្នកទិញ​ភាគច្រើន​គេ​កុំម៉ង់​រក​ទិញ​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ខ្លះ​ទៀត​មក​រក​ទិញ​ដល់​ផ្ទះ ។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ លោក​យឹ​ម សី​ជោតិ ឈប់​ដើរ​លេងភ្លេង​ដូច​មុន​ទេ ដោយ​លោក​ផ្តោត​តែ​ទៅ​លើ​ការ​ផលិត​ឧបករណ៍​ភ្លេងបុរាណ​ដើម្បី​លក់​ទៅ​ឱ្យ​គេ​វិញ ដែល​ភាគច្រើន​អ្នក​ដែល​មក​រក​ទិញ​ច្រើន​តែ​ជា​កូន​អ្នកមាន​សែស្រឡាយ ឬ​ក៏​ជា​កូន​អ្នកភ្លេង ចាស់​ៗ ។ តែ​សម្រាប់ ក្មេង​ៗ ដែល​មិន​មាន​សែស្រឡាយ​ជា​អ្នកភ្លេង​បុរាណ​ទេ គឺ​មិន​មាន​ឡើយ ដោយ​គេ​ពេញ​និយម​តែ​បទ​ភ្លេង​ញាក់​កន្ត្រាក់​អារម្មណ៍ ឬ​ឧបករណ៍​ភ្លេងសម័យ​ប៉ុណ្ណោះ ។

ដោយសារ​តែ​មើលឃើញ​ថា ក្មេង​សម័យ​ថ្មី​និយម​តែ​បទ​ភ្លេងសម័យ និង ទំនើប​ៗ​នោះ លោក​យឹ​ម សី​ជោតិ ថ្លែង​ថា «​ខ្ញុំ​មានការ​ព្រួយបារម្ភ​អំពី​ការ​បាត់បង់​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​យើង​ណាស់ ហើយ​រូប​ខ្ញុំ​ផ្ទាល់​ក៏​កំពុង​តែ​ខំប្រឹង​ប្រែង​ពុះពារ​បង្ហាត់បង្រៀន ក្មេង​ៗ​ណា ដែល​គេ​ចង់​ចេះ​ប្រើ​ប្រាស់ និង​ផលិត​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​ដែល​មាន​ទាំង ខ្លុយ ប៉ីអ ប៉ីពក អង្កួញ ស្រឡៃ និង​ខ្យង ទាំងនេះ​» ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​ជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ