ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តេច​ក្រែ​ម​លាប​មាត់ លី ជា​ឈី រក​ចំណូល​បាន​ច្រើន​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ

4 ឆ្នាំ មុន

លោក លី ជា​ឈី (Li Jiaqi) ឬ អូ​ស្ទី​ន លី (Austin Li)…

លោក លី ជា​ឈី (Li Jiaqi) ឬ អូ​ស្ទី​ន លី (Austin Li) មានឈ្មោះ​ហៅ​ក្រៅ​ថា ស្ត្រេ​ច​ក្រែ​ម​លាប​មាត់ ដែល​ជា​អ្នកលក់​គ្រឿងសម្អាង​ជោគជ័យ​ជាងគេ​ក្នុង​ប្រទេស​ចិន ។ គ្រាន់តែ​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ Taobao លោក​លក់​ក្រែ​ម​លាប​មាត់​បាន​ដល់​ទៅ ១៥,០០០​ដើម​ក្នុង​រយៈពេល ៥​នាទី ។

លើ​កម្មវិធី​មួយទៀត​ដែល​មានឈ្មោះ​ថា Douyin លោក​មាន​អ្នកគាំទ្រ​ជិត ៤០​លាន​នាក់​ទៅ​ហើយ ដែល​អនុញ្ញាត​ឲ្យ​លោក​ធ្វើការ Live បង្ហាញ និង​និយាយ​ពី​ផលិតផល​ផ្សេង​ៗ​ជា​ប្រចាំ ។ សារព័ត៌មាន​ក្នុង​ប្រទេស​ចិន​បាន​រាយការណ៍​មក​ថា ប្រាក់​ចំណូល​របស់​លោក​ក្នុង​ឆ្នាំ ២០១៩ មាន​លើស​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន​ជា​ច្រើន​ក្នុង​ប្រទេស​ថែម​ទៀត​ផង ។

ក្នុង​កំឡុង​ពេល​មានការ​រីក​ត្បា​តនៃ​មេរោគ កូ​រ៉ូ​ណា ក្នុង​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន​មួយ​ចំនួន​រួម​ទាំង​ក្រុមហ៊ុន Danshenliang បាន​ស្នើ​ទៅ​កាន់​លោក លី ឲ្យ​ជួយ​លក់​ផលិតផល​របស់​ពួក​គេ​ផង​ដែរ ។ លោក លី បាន​ចាប់ផ្តើម​មាន​ប្រជាប្រិយភាព​តាំងពី​ពេល​លោក​ចាប់ផ្តើម​ធ្វើការ Live លើ Taobao កាលពី​ឆ្នាំ ២០១៧ តែ​លោក​ស្រាប់តែ​ល្បីល្បាញ​ខ្លាំង​កាលពី​ឆ្នាំ​មុន ។ បុរស​វ័យ ១៧​ឆ្នាំ​នេះ​មានទ្រព្យ​សម្បត្តិ​រួម​ប្រមាណ​រវាង​ពី ១​លាន​ដុល្លារ​ទៅ ៥​លាន​ដុល្លារ ។

ក្រៅពី​សមត្ថភាព​ក្នុង​ការ​លាប​ក្រែ​ម​បាន​លឿន និង​ស្អាត​ហើយ លោក លី ទាក់ទាញ​អ្នកគាំទ្រ​ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​ក្នុង​ការ​និយាយ​របស់​លោក ។ លោក​ប្រៀប​បានជា​មនុស្ស​ដ៏​គួរ​ឲ្យ​ទុកចិត្ត​មួយ​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​គាំទ្រ ។ ក្រៅពី​នេះ​ទៅ​ទៀត លោក​មិន​ទុក​មុខ​ឲ្យ​ក្រុមហ៊ុន​ធំ​ៗ​ទេ​ប្រសិនបើ​ផលិតផល​របស់​ពួក​គេ​មិនល្អ​គ្រប់​ស្តង់ដារ​របស់​លោក លី ។ លោក​រិះគន់​ក្រុមហ៊ុន​ជា​ច្រើន​ដែល​រួម​មាន​ប្រេ​ន Chanel ដ៏​ល្បីល្បាញ​ជុំវិញ​ពិភពលោក​ផង​ដែរ ។

កាលពី​ថ្ងៃ​ទី ១១​ខែវិច្ឆិកា ដែល​ត្រូវជា​ថ្ងៃ​លក់​បញ្ចុះតម្លៃ​ពិសេស​លើ Taobao លោក លី ទាក់ទាញ​ទស្សនិកជន​ឲ្យ​មើល​ការ Live វី​ដេ​អូ​របស់​លោក​បាន​ដល់​ទៅ ៣៦​លាន​នាក់ និង​រក​ចំណូល​ពី​ការ​លក់​បាន​ដល់​ទៅ ១៤៥​លាន​ដុល្លារ ។

នៅ​កំឡុង​ពេល​បុណ្យចូលឆ្នាំ​ចិន លោក លី បាន​ធ្វើការ Live ដូច​ធម្មតា​ដែរ​ប៉ុន្តែ​មិនមែន​ដើម្បី​លក់​ផលិតផល​ណាមួយ​ទេ តែ​លោក​បាន​ស្នើការ​បរិច្ចាគ​ពី​ទស្សនិកជន​ដើម្បី​ជួយ​ដល់​ការ​ទប់ស្កាត់​នឹង​មេរោគ​ដែល​កំពុង​តែ​រាតត្បាត​ជុំវិញ​ពិភពលោក ។ លើស​ពី​នេះ​ទៅ​ទៀត លោក​ក៏​បាន​បរិច្ចាគ​ម៉ាស់​ប្រមាណ ៤​ម៉ឺន​ម៉ាស់​ផង​ដែរ​ទៅ​ទីក្រុង​វូ​ហាន របស់​ប្រទេស​ចិន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ