ខេត្តបាត់ដំបង ៖ កម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការខេត្ត បានចុះអនុវត្តច្បាប់ដែលជាការចាប់ផ្ដើមរៀបចំសណ្ដាប់ធ្នាប់លើកដំបូង ចំពោះអ្នកជិះម៉ូតូនិងអ្នកបើកបររថយន្ត ដែលមិនគោរពច្បាប់ (មិនពាក់មួកសុវត្ថិភាព និងជិះបញ្ច្រាសទិស) នៅត្រង់ចំណុចផ្សារធំបាត់ដំបង (ផ្សារណាត់) ក្នុងក្រុងបាត់ដំបង នៅព្រឹកថ្ងៃទី១០ម ីនា ហើយនឹងត្រូវអនុវត្តបន្ថែមទៀត ទៅលើអ្នកលក់ដូរដែលគ្មានរបៀប នៅលើដងផ្លូវជុំវិញផ្សារណាត់នេះ ខណៈកម្លាំងនគរបាលសណ្ដាប់ធ្នាប់ និងអាជ្ញាធរក្រុង ហាក់ស្ពឹកដៃជើងមិនកម្រើក ។
លោកឧត្តមសេនីយ៍ត្រី ប៉ែន ឬទ្ធី ស្នងការរងខេត្តទទួលផែនសណ្ដាប់ធ្នាប់បានមានប្រសាសន៍ថា នេះជាការចាប់ផ្ដើមអនុវត្តច្បាប់ចរាចរណ៍ និងសណ្ដាប់នៅតាមដងផ្លូវនានា នៅក្នុងក្រុងបាត់ដំបង ជាពិសេសនៅម្ដុំផ្សារណាត់នេះតែម្ដង ។ លោកស្នងការរងបានប្រាប់ថា ដំបូងនេះ យើងបានចាប់ផ្ដើមអនុវត្តទៅលើអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព អ្នកបើកបរបញ្ច្រាសទិស និងយានយន្តដែលចតគ្មានសណ្ដាប់ធ្នាប់ ដែលកំពុងបង្កភាពរញ៉េរញ៉ៃខ្លាំងបំផុត នៅលើកំណាត់ផ្លូវលេខ៣ ត្រង់ចំណុចខាងលិចផ្សារណាត់នេះ ដែលមន្ត្រីជំនាញបានចុះអប់រំ និងណែនាំច្រើនលើកហើយ តែគ្មានប្រសិទ្ធភាព។
សូមបញ្ជាក់ថា ផ្សារធំបាត់ដំបង (ផ្សារណាត់) ជាផ្សាររបស់ «រដ្ឋ» ដែលមានទីតាំងនៅចំកណ្ដាលក្រុងបាត់ដំបង តែបច្ចុប្បន្នផ្សារនេះ ត្រូវរដ្ឋប្រគល់សិទ្ធិឱ្យទៅក្រុមហ៊ុនឯកជនគ្រប់គ្រងជំនួសវិញ នេះបើតាមការអះអាងរបស់មន្ត្រីខេត្ត។ ប៉ុន្តែក្រុមហ៊ុនឯកជននេះ ហាក់មិនបានគោរព ឬអនុវត្តទៅតាមសៀវភៅបន្ទុក និងកិច្ចសន្យាជួលរវាងភាគីរដ្ឋ និងភាគីក្រុមហ៊ុនឡើយ។ មន្ត្រីមួយរូបធ្លាប់និយាយថា នៅក្នុងសៀវភៅបន្ទុក ឬ កិច្ចសន្យាជួលផ្សារណាត់នេះ គ្មានចំណុចណាមួយ ដែលអនុញ្ញាតឲ្យក្រុមហ៊ុនឯកជន យកផ្លូវសាធារណៈនៅជុំវិញផ្សារនេះ ធ្វើជាទីកន្លែងសម្រាប់ឲ្យអាជីវករលក់ដូរយ៉ាងរញ៉េរញ៉ៃដូចសព្វថ្ងៃនេះទេ។
មន្ត្រីដដែលបានលើកឡើងថា នៅក្នុងច្បាប់មានតែការណែនាំ និងតម្រូវឲ្យភាគីក្រុមហ៊ុន ត្រូវរៀបចំសណ្ដាប់ធ្នាប់លើដងផ្លូវជុំវិញផ្សារ និងថែទាំអនាម័យឲ្យបានល្អ។ ផ្ទុយទៅវិញ អ្នកទទូលសិទ្ធិវិនិយោគលើផ្សារនេះ មិនបានគោរព ឬអនុវត្តតាមការណែនាំ នៅក្នុងសៀវភៅបន្ទុកឬកិច្ចសន្យាជួលឡើយ បែរជារៀបចំឲ្យមានការលក់ដូរយ៉ាងអនាធិបតេយ្យពេញលើដងផ្លូវ ស្ទើរមិនអាចធ្វើដំណើរកើត និងកកស្ទះចរាចរណ៍រាល់ថ្ងៃ។ រីឯអាជ្ញាធរក្រុង ឬ មន្ត្រីសណ្ដាប់ធ្នាប់ក្រុង បែរជាធ្វើមិនដឹងមិនឮ ធ្វើជាមើលមិនឃើញចំពោះភាពរញ៉េរញ៉ៃនេះ ហើយផ្ដល់ឪកាសដល់អ្នកគ្រប់គ្រងផ្សារយកផ្លូវធ្វើអាជីវកម្មប្រមូលលុយតាមអំពើចិត្ត មិនខ្វល់ពីការបាត់បង់សណ្ដាប់ធ្នាប់ឡើយ។
មន្ត្រីរូបនេះ បានលើកជាយោបល់ថា ការរៀបចំសណ្ដាប់ធ្នាប់ ឬចង់ឲ្យក្រុមហ៊ុនគោរពច្បាប់ គឺជាការងាយបំផុត សំខាន់តើអាជ្ញាធរក្រុង ឬខេត្ត មានឆន្ទះពិតប្រាកដក្នុងការអនុវត្តច្បាប់ឬអត់? ប៉ុន្តែ បើនាំគ្នាគិតតែពីផលប្រយោជន៍រៀងៗខ្លួនដូចសព្វថ្ងៃនេះ គឺមិនអាចដោះស្រាយបានឡើយ តែបើអាជ្ញាធរចាប់ផ្ដើមរួមគ្នាអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព «ផ្សារណាត់» នេះនឹងក្លាយជាផ្សារគំរូមួយ ដែលមានសោភណ្ឌភាពល្អបំផុត នៅចំកណ្ដាលទីក្រុងបាត់ដំបង ដែលជាទីក្រុងទេសចរណ៍បុរាណមួយដ៏ល្បី។ ជាមួយនឹងការចុះអនុវត្តច្បាប់នេះ មន្ត្រីចរាចរណ៍ក៏បានរិះគន់ផងដែរ ចំពោះអាជ្ញាធរក្រុង និង មន្ត្រីសណ្ដាប់ធ្នាប់ក្រុង ដែលមិនបានធ្វើឲ្យល្អប្រសើរឡើង នូវបញ្ហាសណ្ដាប់ធ្នាប់ជុំវិញផ្សារណាត់នេះ។
ឈរផ្លុំកញ្ចែក្រោមកំដៅថ្ងៃបែកញើសរហាម ដែលទំនងជាហត់ពេក មន្ត្រីចរាចរណ៍ម្នាក់ បានលើកឡើងថា «ពិតមែនតែការអនុវត្តច្បាប់ចរាចរណ៍ជាភារកិច្ចនគរបាលចរារចណ៍ តែការរៀបចំសណ្ដាប់ធ្នាប់នានានៅលើផ្លូវសាធារណៈឬនៅម្ដុំផ្សារនេះ គឺជាភារកិច្ចរបស់សាលាក្រុង និង មន្ត្រីសណ្ដាប់ធ្នាប់ តែពួកគេមិនខ្វល់ខ្វាយទេ គឺចាំទទូលតែផលប្រយោជន៍ប៉ុណ្ណោះ» ។ មន្ត្រីដដែលបានចង្អុលចំៗថា «បើខាងសាលាក្រុង ឬ មន្ត្រីសណ្ដាប់ធ្នាប់ក្រុង ឈប់ទទួលផលប្រយោជន៍ពីផ្សារនេះ.. ផ្សារនេះនឹងក្លាយជាផ្សារដែលមានសណ្ដាប់ធ្នាប់ល្អប្រសើជាងផ្សារដទៃៗទៀត នៅក្នុងក្រុងបាត់ដំបងជាមិនខាន។ ដូច្នេះ អាជ្ញាធរក្រុង គួរតែមានវិធានការខ្លួនឯងខ្លះផង ព្រោះមន្ត្រីនគរបាលចរាចរណ៍ហត់ពេកហើយ»។
យ៉ាងណាក៏ដោយ បើតាមលោកឧត្តមសេនីយ៍ត្រី ប៉ែន ឬទ្ធី ស្នងការរងខេត្តបានថ្លែងថា នៅថ្ងៃចាប់ផ្ដើមដំបូងនៅម្ដុំទីប្រជុំជន «ផ្សារណាត់»នេះ យើងគ្រាន់តែអនុវត្តច្បាប់ជាធម្មតា តែក៏ជាការពញ្ញាក់ ចំពោះអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព និង អ្នកបើកបរបញ្ច្រាស់ទិសផងដែរ។ ប៉ុន្តែយើងនឹងអនុវត្តបន្តកាន់តែខ្លាំងថែមទៀត តាមផែនការលោកស្នងការខេត្ត ចំពោះអ្នកលក់ដូរនៅជុំវិញផ្សារនេះ។ លោកស្នងការរងបានបញ្ជាក់ថា បើតាមផែនការដែលបានមូលមតិគ្នានៅក្នុងអង្គប្រជុំកន្លងមក គឺមិនអនុញាតឲ្យមានការដាក់លក់ទំនិញ នៅលើដងផ្លូវជុំវិញផ្សារណាត់នេះបន្តទៀតទេ។
លោកថា នៅក្នុងផែនការ គឺយើងបានសម្រេចរក្សាទុកចំណីផ្លូវជុំវិញផ្សារត្រឹមតែមួយម៉ែត្រប៉ុណ្ណោះពីតួផ្សារ ក្រៅពីនេះ មិនអនុញាតឲ្យការលក់ដូរទៀតឡើយ។ លោកនឹងដឹកនាំកម្លាំងជំនាញ ចុះអនុវត្តការងារនេះឲ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃទី១០ មីនា នេះតទៅ ដើម្បីឲ្យផ្សារ«រដ្ឋ»នេះ មានសោភណ្ឌភាពល្អ ទាក់ទាញភ្នែកទេសចរដែលអញ្ជើញមកចូលរួមកំសាន្តក្នុងពិធីបុណ្យទន្លេ ដែលនឹងប្រព្រឹត្តទៅនាប៉ុន្មានថ្ងៃទៀតខាងមុខនេះ។
ទោះយ៉ាងណា អ្នកបាត់ដំបង នឹងរងចាំមើលទិដ្ឋភាពដ៏ល្អ និងមានរបៀបនៅទីប្រជុំជន នៃផ្សារធំបាត់ដំបងនេះ ហើយសង្ឃឹមថា អ្នកបាត់ដំបង រួមទាំងភ្ញៀវទេសចរនានាផង នឹងនាំគ្នាលើកមេដៃព្រោងព្រាត ដើម្បីលើកទឹកចិត្ត ៕
ចែករំលែកព័តមាននេះ