រំលង​គ្នា​តែ​កន្លះ​ម៉ោង ផ្ទះ​៧​ខ្នង​ខូចខាត និង​ផ្តាច់ជីវិត​លោក​អនុសេនីយ៍ទោ​ម្នាក់


ខេត្តតាកែវ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គ្រោះ​ធម្មជាតិ​ភ្លៀង​កក់ខែ​បាន​ធ្វើ​ឱ្យ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​៧​ខ្នង​រង​ការ​ខូចខាត ព្រោះតែ​ខ្យល់ព្យុះ​បោកបក់​រលំ ស្រប​ពេល​នោះ​រំលង​តែ​កន្លះ​ម៉ោង​ក៏​មាន​រន្ទះបាញ់​ផ្តាច់ជីវិត​លោក​អនុសេនីយ៍ទោ​ម្នាក់​ទៀត ខណៈ​អូស​ម៉ូតូ​ចូល​ក្នុង​បន្ទប់​។ នេះ​គឺជា​រឿង​ដែល​ស្មាន​មិន​ដល់​មួយ ខណៈ​ដែល​មាន​ភ្លៀង​កក់ខែ​នា​រដូវប្រាំង​រាំង​នេះ​ផង​ដែរ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​២​រសៀល ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុង​ឃុំ​ត្រពាំង​ធំ​ខាងជើង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។

បើ​តាម​លោក​សាយ វណ្ណៈ អភិបាលរង​ស្រុក​ត្រាំកក់ បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​នោះ ស្រាប់​តែ​ផ្ទៃមេឃ​រៀង​ខ្មៅ ភ្លៀង​ក៏​រលឹម​មក​ស្រប​ជាមួយ​គ្នា​នេះ​ដែរ ពេល​នោះ​ក៏​មាន​ខ្យល់ព្យុះ​បោក​បង់​យ៉ាង​ខ្លាំង ដោយ​មាន​រយៈពេល​ប្រមាណ​ជា​១​ម៉ោង លុះ​ក្រោយ​ពេល​រាំងភ្លៀង មេឃ​ស្រឡះ ក៏​មាន​សេចក្តីរាយការណ៍​ពី​ឃ៊​ខាងលើ​ថា មានផ្ទះ​របស់​ប្រជាពលរដ្ឋ​ត្រូវ​បាន​ខ្យល់ព្យុះ​បោកបក់​ដួល​រលំ ។ ដោយ​ឮ​បែប​នេះ ខាង​អាជ្ញាធរ​យើង​ក៏​បាន​ទៅ​ពិនិត្យ​ជាក់ស្តែង​នោះ ឃើញ​ថា ខ្យល់​កន្ត្រាក់​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៧​គ្រួសារ​។

លោក​អភិបាលរង​ស្រុក​បាន​បន្ត​ទៀត​ថា ចំពោះ​ម្ចាស់ផ្ទះ​ដែល​ត្រូវ​ព្យុះ​បោក​ដួល​រលំ​នោះ គឺ ១-​ឈ្មោះ ចាន់ ភាព ភេទ​ស្រី (​ប៉ើង​ដំបូល​) ២-​ឈ្មោះ ហែម នឹម (​បាក់​សំយាប​មុខ​ផ្ទះ​) ៣-​ឈ្មោះ ជុំ លន់ (​ប៉ើង​ដំបូល និង​បាក់​យា​ប​មុខ​ផ្ទះ​) ៤-​ឈ្មោះ ខាត់ ដុ​យ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ផ្ទះ​ទំហំ​៥X៦​ម៉ែត្រ ជញ្ជាំង​ឈើ​ប្រក​ក្បឿង រលំ​ទាំងស្រុង តែ​មិន​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ។ ៥-​ឈ្មោះ រោង ខេ​ម ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ (​ប៉ើង​ដំបូល​) ៦-​ឈ្មោះ ពេជ្រ សា​វ៉​ន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ (​ប៉ើង​ដំបូល​) និង​៧-​ឈ្មោះ ឈិ សា​រ៉េ​ម ភេទ​ស្រី ខ្យល់​បោកបក់​បណ្តាល​ឱ្យ​ខូចខាត​សម្ភារៈ​ក្នុងផ្ទះ​។

ប្រភព​ដដែល​បន្ត​ថា លុះ​នៅ​រសៀល​ថ្ងៃ​ដដែល វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ក៏​មាន​ករណី​រន្ទះបាញ់​១​ករណី​ទៀត​ផង​ដែរ នៅ​ក្នុង​វរៈ​សេនា​តូច​៣១៤ ស្ថិត​នៅ​ភូមិ​ត្រពាំង​ក្រឡាញ់ ឃុំ​អូរ​សារាយ ស្រុក​ត្រាំកក់ បណ្តាល​ឱ្យ​បាត់បង់​ជីវិត​លោក​អនុសេនីយ៍ទោ អ៊ុត ផល្លា មេបញ្ជាការ​រង​កងអនុសេនាធំ​ទី​១០ នៃ​វរៈ​សេនា​តូច ១១៤ កងពលតូច​ថ្មើ​ជើង​លេខ​១១ ។ ហើយ​ហេតុការណ៍​នេះ គឺ​កើតឡើង​ក្នុង​ពេល​មាន​ភ្លៀង​ធ្លាក់ ខណៈ​ជន​រង​គ្រោះ បាន​ទៅ​អូស​ម៉ូតូ​ចូល​ក្នុង​បន្ទប់ ត្រូវ​រន្ទះបាញ់​តែ​ម្តង ។

លោក​អភិបាលរង​ស្រុក​បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ទាំងអស់​ចូល​មានការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់ ព្រោះ​រយៈពេល​នេះ​ឱ្យ​តែ​មាន​ភ្លៀង​ធ្លាក់​មក គឺ​តែងតែមាន​ផ្គរ​ន្ទះ និង​ខ្យល់ព្យុះ​បោកបក់​មក​មិន​ខាន​ឡើយ ដូច្នេះ​ចូល​មានការ​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ