ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ថុធាតុដើម​សម្រាប់​ផ្គត់ផ្គង់​​វិស័យ​កាត់ដេរ​គ្រោង​មក​ដល់​កម្ពុជា​ចុងខែ​មីនា ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​កាលពី​ថ្ងៃ ០៩ ខែមីនា​ម្សិលមិញ​នេះ​ថា មហាមិត្ត​ចិន​កំពុង​រៀបចំ​នាវា​ចំនួន​៧​គ្រឿង​ដឹក​វត្ថុធាតុដើម​មក​ផ្គត់ផ្គង់​ដល់​រោងចក្រ​នៅ​កម្ពុជា ហើយ​ក្នុង​ចំណោម​នាវា​ទាំង​៧​គ្រឿង​នេះ គឺ​៥​គ្រឿង​ចូល​មក​កំពង់​ស្វយ័ត​ព្រះ​សីហ​នុ​និង​២​គ្រឿង​ផ្សេង​ទៀត​ចូល​ចត​នៅ​កំពុង​ផែ​ហូ​ជី​មិ​ញ​នៃ​ប្រទេស​វៀតណាម​។ ទន្ទឹម​នោះ​ផង​ដែរ​ខាង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​នឹង​ជួប​ប្រជុំ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​លើ​បញ្ហា​ដែល​សម្តេច​ស្នើ​ឲ្យ​ពន្យា​ការ​សង ឬ​ការ​មិន​យកការប្រាក់​ដល់​កម្មករ​-​កម្មការិនី​ដែល​បាន​ជំពាក់​លុយ​នៅ​មីក្រូហិរញ្ញវត្ថុ​នោះ​។…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​កាលពី​ថ្ងៃ ០៩ ខែមីនា​ម្សិលមិញ​នេះ​ថា មហាមិត្ត​ចិន​កំពុង​រៀបចំ​នាវា​ចំនួន​៧​គ្រឿង​ដឹក​វត្ថុធាតុដើម​មក​ផ្គត់ផ្គង់​ដល់​រោងចក្រ​នៅ​កម្ពុជា ហើយ​ក្នុង​ចំណោម​នាវា​ទាំង​៧​គ្រឿង​នេះ គឺ​៥​គ្រឿង​ចូល​មក​កំពង់​ស្វយ័ត​ព្រះ​សីហ​នុ​និង​២​គ្រឿង​ផ្សេង​ទៀត​ចូល​ចត​នៅ​កំពុង​ផែ​ហូ​ជី​មិ​ញ​នៃ​ប្រទេស​វៀតណាម​។ ទន្ទឹម​នោះ​ផង​ដែរ​ខាង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​នឹង​ជួប​ប្រជុំ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​លើ​បញ្ហា​ដែល​សម្តេច​ស្នើ​ឲ្យ​ពន្យា​ការ​សង ឬ​ការ​មិន​យកការប្រាក់​ដល់​កម្មករ​-​កម្មការិនី​ដែល​បាន​ជំពាក់​លុយ​នៅ​មីក្រូហិរញ្ញវត្ថុ​នោះ​។

សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​មាន​ប្រសាសន៍​បង្ហើប​ឱ្យ​ដឹង​ក្នុង​ឱកាស​ពិធី​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវជាតិ​លេខ​៥៥ ខេត្តពោធិ៍សាត់ ថាស​ម្តេច​សូម​ជូន​ព័ត៌មាន​រីករាយ​សម្រាប់​កម្មករ​-​កម្មការិនី​កម្ពុជា មិត្ត​ចិន​បាន​រៀបចំ​នាវា​៧​គ្រឿង​សម្រាប់​ដឹក​វត្ថុធាតុដើម​ផ្គត់ផ្គង់​ឱ្យ​រោងចក្រ​។ ​សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា «​ថ្ងៃនេះ​នឹង​ចាប់ផ្តើម​ចូល​ជើង​ទី​មួយ ស្អែក​ចូល​ជើង​ទី​ពីរ ។ នាវា​ចំនួន​៧​គ្រឿងក្នុង​នោះ ៥​គ្រឿង​ចូល​នៅ​កំពង់​ផែ​ស្វ​យ័​ត្ន​ក្រុង​ព្រះ​សី​ហុ​ន​និង​២​គ្រឿង​ចូល​នៅ​ក្រុង​ហូ​ជី​មិ​ញ​។ ហេតុ​អ្វី​ចាំបាច់​ចូល​ទៅ​ហូរ​ជី​មិ​ញ? គឺ​ក្រុមហ៊ុន​ដែល​ផលិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តស្វាយរៀង​ដឹង​មក​ពី​ហូរ​ជី​មិ​ញ​មាន​ចម្ងាយ​ជិត​ជាង​ប្រើ​ប្រៀបធៀប​ដឹក​មក​ពី​កំពង់សោម​»​។

សម្តេច​តេ​ជោ​បាន​បន្ថែម​ថា «​បើ​តាម​ព័ត៌មាន​ដែល​មិត្ត​ចិន​ឱ្យ​ដឹង​នាវា​ចំនួន​៧​គ្រឿង​នេះ មិនមែន​ដឹង​វត្ថុធាតុដើម​ត្រឹមតែ​៣​ខែ​នេះ​ទេ គឺ​ដឹក​រហូត​ដល់​ខែ​៥ ទល់​សភាព​ការ​ធូរស្រាល ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយនៅ​ប៉ុន្មាន​ថ្ងៃនេះ​មានការ​ព្យួរការងារ​នៅ​រោងចក្រ​នៅ​កន្លែង​នេះ​កន្លែង​នោះ​។ ខ្ញុំ​សូម​អំពាវនាវ​កុំឱ្យ​រោងចក្រ​ឆ្លៀតពេល​វា​បញ្ឈប់​ការងារ​, លុប​ចោល​នូវ​កិច្ចសន្យា​ជាមួយ​កម្មករ​។​នេះ​ជា​សំ​ណុ​ច​ដាច់ខាត​ដែល​មិន​ត្រូវធ្វើ​រឿង​នេះ​ក្នុង​ពេលវេលា​ដែល​កម្មករ​កំពុង​ជួប​ការ​លំបាក​។ អីចឹង​កុំឱ្យ​ឆ្លៀតពេល​ថា ព្យួរការងារ ផ្អាក​ការងារ​រួច​ហើយ​លុប​កិច្ចសន្យា​ចោល​ហើយ​ចំណុច​នេះ​កុំឱ្យ​មាន​ឱ្យ​សោះ​»​។

ទន្ទឹម​នឹង​នេះ សម្តេច​តេ​ជោ​បាន​អំពាវនាវ ០៤​ចំនុច​សំខាន់ ដែល​ក្នុង​នោះ​គឺ ៖ ១)-​សូម​រោងចក្រ​នានា​មេត្តា​កុំ​លុប​ចោល​កិច្ចសន្យាការងារ​ជាមួយ​កម្មករ កម្មការិនី​។ ២) – ចំពោះ​មីក្រូ​ហិញ្ញ​វត្ថុ​ទាំងអស់ ត្រូវ​ពន្យា​ការ​សង ឬ​ការ​មិន​យកការប្រាក់​ដល់​កម្មករ​-​កម្មការិនី​ដែល​បាន​ជំពាក់​លុយ​នៅ​មីក្រូហិរញ្ញវត្ថុ​នោះ​។ ៣) – សុំ​អោយ​ម្ចាស់​បុរី​លំនៅ​ដ្ឋា​ន​ទាំងអស់ ដែល​រំ​លួស​ផ្ទះ​ជាមួយ​បងប្អូន​កម្មករ ត្រូវ​ពន្យា​ការ​បង់ និង​កុំ​ផ្តាច់​កុងត្រា​នោះ​អី​។ ៤)-​សូម​អោយ​អគ្គិសនី​កម្ពុជា អនុញ្ញាត​អោយ​កម្មករ​កម្មការិនី​ជំពាក់​ថ្លៃ​ភ្លើង​សិន​ក្នុងអំឡុងពេល​នេះ​។

ពាក់ព័ន្ធ​នឹង​ការ​ស្នើ​របស់​សម្តេច​តេ​ជោ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បានឱ្យ​ដឹង​ថា កន្លង​មក​ខាង​សមាគម​បាន​ធ្វើការ​រាជរដ្ឋាភិបាល ពិសេស​ជាមួយ​ខាង​ក្រសួង​សេដ្ឋកិច្ច​និង​ធនាគារជាតិ​នៃ​កម្ពុជា ហើយ​ការ​ពាក់ព័ន្ធ​ការ​អំពាវនាវ​របស់​រាជរដ្ឋាភិបាល​ទៅ​លើ​ការ​ពន្យា​ការ​បង់ប្រាក់​ឬ​មិន​យកការប្រាក់​នៅ​ពេល​កម្មករ​ត្រូវ​បាន​ព្យួរការងារ​ខាង​សមាគម​នឹង​បើក​កិច្ចប្រជុំ​ជជែក​ពិភាក្សា​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​។

​លោក ផល​វ៉ា​ន់​ឌី នាយក​ប្រតិបត្តិ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា «​ជា​រួម កិច្ចការ​នេះ​យើង​កំពុង​បន្ត​ធ្វើ​រួម​គ្នា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ធនាគារជាតិ​នៃ​កម្ពុជា ហើយ​ពួក​យើង​នឹង​មាន​កិច្ចប្រជុំ​របស់​ខ្លួន​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​ដើម្បី​ជជែក​ឆ្លុះ​បញ្ចាំង​បន្ថែម​ទៀត​ដើម្បី​រិះរក​លទ្ធភាព​សម្រួល​ដល់​ស្ថាន​ការ​នេះ​»​។​លោក​បាន​បន្ត​ថា​« ក្នុង​កិច្ចការ​នេះ​ជា​រួម​យើង​នឹង​ធ្វើ​សេចក្តីថ្លែងការណ៍​រួម​អំពាវនាវ​ឱ្យ​សមាជិក​ចូលរួម​អនុវត្ត​គាំំ​ទ្រ​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល តើ​គាត់​អនុវត្ត​យ៉ាងម៉េច​ដែរ​។​តើ​យើង​ត្រូវធ្វើ​រួម​គ្នា​យ៉ាងម៉េច​ទៀត​ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​។​កិច្ចការ​នេះ​ខាង​សមាគម​ត្រូវការ​ជជែក​គ្នា​ដើម្បី​រិះរក​មធ្យោបាយ​ដើម្បី​សម្រួល​ដល់​ស្ថាន​ការ​នេះ​។​យើងខ្ញុំ​ចូលរួម​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​»៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ