ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋខ្មែរអ៊ិស្លាមអំពាវនាវផ្អាកបណ្តោះអាសន្ន ការជួបជុំសូត្រធម៌ «អិុជទីម៉ាក»

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បងប្អូន​មូ​ស្លី​ម​នៅ​កម្ពុជា​ដែល​ជា​ទូទៅ​តែង​សម្គាល់ថា ​ជា​ខ្មែរ​អ៊ិ​ស្លា​ម​នោះ បាន​សំណូមពរ​ដល់​គណៈកម្មការ​រៀបចំ​កម្មវិធី​ជួបជុំ​សូត្រធម៌​របស់​សាសនិក​អ៊ិ​ស្លា​ម អុ​ី​ជ​ទី​ម៉ាក ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២០​ខាង​មុខ​នេះ…

រាជធានី​ភ្នំពេញ ៖ បងប្អូន​មូ​ស្លី​ម​នៅ​កម្ពុជា​ដែល​ជា​ទូទៅ​តែង​សម្គាល់ថា ​ជា​ខ្មែរ​អ៊ិ​ស្លា​ម​នោះ បាន​សំណូមពរ​ដល់​គណៈកម្មការ​រៀបចំ​កម្មវិធី​ជួបជុំ​សូត្រធម៌​របស់​សាសនិក​អ៊ិ​ស្លា​ម អុ​ី​ជ​ទី​ម៉ាក ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២០​ខាង​មុខ​នេះ ស្ថិត​នៅ​វិហារ​អ៊ិ​ស្លា​ម​ក្នុងភូមិ​ទ្រា ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ មេត្តា​ផ្អាក​ជា​បណ្តោះអាសន្ន ខណៈ​កម្ពុជា​រក​ឃើញ​ពលរដ្ឋ​ខ្មែរ​ម្នាក់​នៅ​ខេត្ត​សៀម​រាប​បាន​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ពី​ជនជាតិ​ជប៉ុន ។ ការ​រក​ឃើញ​នោះ​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ឱ្យ​បិទ​សាលារៀន​ក្នុង​ក្រុង​សៀមរាប​និង​លុប​ចោល​គម្រោង​អង្គរ​សង្ក្រាន្ត​ផង​ដែរ ដោយ​បារម្ភ​ថា​ការ​ប្រមូលផ្តុំ​នោះ​អាច​មានការ​ឆ្លង​វីរុស​នេះ​រីក​រាលដាល ។

ការ​អំពាវនាវ​របស់​បងប្អូន​ខ្មែរ​អ៊ិ​ស្លា​ម​នេះ ដើម្បី​ចូលរួម​ទប់ស្កាត់​នៃ​ការ​រីក​រាលដាល​វីរុស​កូ​វី​ដ​-១៩ ។ ចំពោះ​ការ​ជួបជុំ​នេះ​វិញ មិនមែន​ជា​កម្មវិធី​ដែល​យើង​មិន​អាច​ផ្អាក​បាន ឬ លើក​ពេល​មិន​បាន​នោះ​ឡើយ ពោល​កម្មវិធី​នេះ គឺ​មិន​ទាមទារ​ជា​ដាច់ខាត់​ត្រូវ​តែ​ធ្វើ ឬ​ចូលរួម​នោះ​ទេ លើកលែង​ការ​ទៅ​បំពេញ​ធម្ម​យាត្រា​ហា​ជ្ជី នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ដែល​ជា​កាតព្វកិច្ច​របស់​ជន​មូ​ស្លី​ម​គ្រប់​រូប​ដែល​មាន​លទ្ធភាព ។

ប៉ុន្តែ​សម្រាប់​ឆ្នាំ​នេះ​ធម្ម​យាត្រា​នៅ​ក្រុង​ឡា​មិ​ុ​ច​ក៏​ត្រូវ​បាន​ផ្អាក​ដែរ ។ ទន្ទឹម​នឹង​នេះ​ផង​ដែរ ប្រជាពលរដ្ឋ​មូ​ស្លី​ម​ជា​ច្រើន បាន​ទទូច​ដល់​គណៈកម្មការ​រៀបចំ​កម្មវិធី អុ​ិ​ជ​ទី​ម៉ាក​នេះ ពិចារណា​ឡើង​វិញ និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​អង្គការ​សុខភាព​ពិភពលោក ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា ឬ វីរុស​កូ​វី​ដ​-១៩ ដែល​បាន​នឹង​កំពុង​រីក​រាលដាល​ទូ​ទាំង​ពិភពលោក ខណៈ​កម្មវិធី​នេះ​មានការ​ប្រមូលផ្តុំ​គ្នា​ដោយ​ចម្រុះ​ជាតិ​សាសន៍​ទាំង​ក្នុង និង​ក្រៅប្រទេស​រាប់​ម៉ឺន​នាក់​ផង​ដែរ ។

ជុំវិញ​បញ្ហា​នេះ​ដែរ អ្នក​អប់រំ​ក្នុង​សាសនា​អ៊ិ​ស្លា​ម លោកគ្រូ លី ហ្សះ​រី ផ្តល់​ជា​ទស្សនទាន​ថា «​ខ្ញុំ​សូម​ចូលរួម​គាំទ្រ​ចំពោះ​ការ​ដែល​មិន​ចាំបាច់​ក្នុង​ការ​ជួបជុំ​ណាមួយ​ដែល​អ្នកជំនាញ​បញ្ជាក់​ប្រាប់​ថា ការ​ជួបជុំ​នោះ​អាច​នឹង​នាំ​មក​នូវ​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​ជំងឺ​ពី​ម្នាក់​ទៅ​ម្នាក់​» ។ លោកគ្រូ​បន្ត​ថា ការ​ផ្អាក ឬ​ពន្យារ ឬ​បញ្ឈប់​ពី​ការ​ជួបជុំ​នោះ​វា​ជា​ការ​ល្អ​ដែល​យើង​ត្រូវ​អនុវត្ត​តាម ពីព្រោះ​ក្នុង​ច្បាប់​របស់​សាសនា​អ៊ិ​ស្លា​ម​ក៏​អនុញ្ញាត​ឱ្យ​យើង​ជ្រើសរើស​យក​ប្រការ ឬ​វិធី​ណា​ដែល​ប្រសើរ​ជាង បើសិនជា​យើង​មិន​យល់ មិនដឹង​នូវ​បញ្ហា​អ្វីមួយ យើង​ត្រូវ​សួរ​អ្នក​ដែល​មានចំណេះ​ដឹង​ផ្នែក​បញ្ហា​នោះ ។

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ អង្គភាព​ព័ត៌មាន​អ៊ិ​ស្លា​ម​កម្ពុជា​(IIC) នៅ​មិន​ទាន់​សុំ​ការ​បញ្ជាក់​បន្ថែមពី​គណៈ​កម្មការ​រៀបចំ​កម្មវិធី អុ​ិ​ជ​ទី​ម៉ាក​នេះ​នៅឡើយ​ទេ​ព្រោះ​គ្មាន​លេខ​ទំនាក់ទំនង ។ ប៉ុន្តែ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​ក្នុងស្រុក​មួយ​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៧ ខែមីនា​កន្លង​មកនេះ​ថា ការ​ជួបជុំ​នេះ​គ្រោង​នឹង​ប្រារព្ធ​ឡើង​តាម​ការ​គ្រោងទុក​ដដែល មិន​មានការ​ផ្អាក​ឡើយ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​គណៈកម្មការ​រៀបចំ​កម្មវិធី​អុ​ិ​ជ​ទី​ម៉ាក ៕​​

អត្ថបទសរសេរ ដោយ