ខេត្តស្ទឹងត្រែង ៖ កាលពីព្រឹកវេលាម៉ោងប្រមាណជាជាង១០ព្រឹកថ្ងៃទី៩ មីនា ឆ្នាំ២០២០ ស្ថិតនៅក្បែរង្វង់មូលកងចក្រ ភូមិរាជានុកូលសង្កាត់ ក្រុងស្ទឹងត្រែង មានករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរអគារធនាគារបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់រថយន្តពន្លត់អគ្គិភ័យចុះមកជួយអន្តរាគមន៍ទាន់ពេលវេលា។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ស្រាប់តែគេឃើញមានផ្សែងខ្មៅហុយៗចេញពីដំបូលផ្ទះមកក្រៅ បង្កជាអណ្តាតភ្លើងឆាបឆេះតែម្តង ពេលនោះម្ចាស់ផ្ទះ និងអ្នកជិតខាងផ្អើលឆោឡោរត់ទៅយកបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់ ហើយភ្លាមៗនោះរថយន្តពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរខេត្តចំនួនពីរគ្រឿងបានចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ធ្វើឱ្យរលត់ជាស្ថាពរ។
ពេលហេតុការណ៍ខាងលើកើតឡើង ពុំមានមនុស្សនៅផ្ទះឡើយ ដោយចេញទៅលក់បាយ និងគុយទាវក្បែរធនាគារ ដោយនៅក្នុងផ្ទះនោះមានតែកូនប្រុសតូចម្នាក់ប៉ុណ្ណោះ ត្រូវបានគេនាំចេញមកក្រៅ ចៀសវាងគ្រោះថ្នាក់ ។
មន្ត្រីជំនាញបានសន្និដ្ឋានថា ករណីអគ្គិភ័យខាងលើកើតឡើងដោយសារទុស្សេខ្សែភ្លើងនៅវេរ៉ង់ដាធ្នឹមខាងលើក្បែរដំបូលផ្ទះ ។ នៅពេលកើតហេតុ អ្នកជិតខាងបានប្រមូលអីវ៉ាន់ចេញពីក្នុងផ្ទះ ព្រមទាំងផ្តាច់ ចរន្តអគ្គីសនីផងដែរ ហើយអ្វីដែលព្រួយបារម្ភបំផុត គឺខ្លាចឆេះរាលដាលទៅដល់អគារធនាគារដែលនៅជាប់នឹងផ្ទះកើតហេតុនោះ ប៉ុន្តែសំណាងល្អដែលពន្លត់ភ្លើងបានទាន់ពេលវេលា ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ