ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លែង​ជា​​​ឧត្តមសេនីយ៍​ត្រី​​បោក​លុយ​គេ​ជាង​១០​ម៉ឺន​ដុល្លារ ម្ចាស់​ប្រាក់​អន្ទង​ចូល​អន្ទាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២០ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​បុរស​ម្នាក់​ជា​ផ្លូវការ ពាក់ព័ន្ធ​ករណី​.​ក្លែង​ឯកសណ្ឋាន​ជា​មន្ត្រី​នគរបាល​ជាតិ និង​ឋានៈ​តួនាទី​ជា​ឧត្តម​សេនីយ៍ត្រី​…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២០ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​បុរស​ម្នាក់​ជា​ផ្លូវការ ពាក់ព័ន្ធ​ករណី​.​ក្លែង​ឯកសណ្ឋាន​ជា​មន្ត្រី​នគរបាល​ជាតិ និង​ឋានៈ​តួនាទី​ជា​ឧត្តម​សេនីយ៍ត្រី​ ព្រមទាំង​កាន់កាប់​អាវុធ​ខុសច្បាប់​ទៅ​ឆបោក​ប្រាក់​អ្នក​ដទៃ ដែល​ត្រូវ​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ខាងលើ​ឈ្មោះ ហ៊ឹ​ម រ៉ា​ខ​ឆៃ​យ៉ា អាយុ​២៩​ឆ្នាំ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​១៦៣ សង្កាត់​បឹង​កេងកង ខណ្ឌ​បឹង​កេងកង ។ ហើយ​ជនសង្ស័យ​រូប​នេះ​ត្រូវ​បាន​កម្លាំង​​សមត្ថកិច្ច​ការិយាល័យ​ស៊ើប​ការ​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ឃាត់​ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​៥ ខែមីនា និង​នាំ​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ដូច​ការ​ចោទ​ប្រកាន់​ចំនួន​២​បទល្មើស​ដាច់​ដោយឡែក​ពី​គ្នា ៖ ទី​១-​បទល្មើស រំលោភ​លើ​ទំនុកចិត្ត នូវ​ទឹក​ប្រាក់​ប្រមាណ​១០៥ ០០០ ដុល្លារ​អា​មេ​រិ​ក និង​បទល្មើស​ទី​២-​ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់ និង​ក្លែង​ឋានៈ​តួនាទី​ឯកសណ្ឋាន​ជា​មន្ត្រី​នគរបាល​ជាតិ (​​ឧត្តមសេនីយ៍​ត្រី) ។

នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវ​បាន​គេ​ដឹង​ថា អង្គហេតុ​ក្នុង​បទល្មើស​ទី​១-​យោង​តាម​ពាក្យ​បណ្តឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ ហ៊ុន ចាន់​ថុ​ល ភេទ​ស្រី អាយុ​៣៨​ឆ្នាំ បាន​ប្តឹង​ចោទប្រកាន់​ជន​សង្ស័យ​ថា កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៩ ឈ្មោះ ហ៊ឹ​ម រ៉ា​ខ​ឆៃ​យ៉ា ដែល​ជា​អ្នក​ធ្លាប់​ស្គាល់​គ្នា បាន​ទៅ​និយាយ​លួងលោម​គាត់ (​ដើមបណ្តឹង​) ដល់​ផ្ទះ នៅ​ផ្លូវ​៣៣៥ ភូមិ​ចម្រើន​ផល សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ឲ្យ​រក​ប្រាក់​ចំនួន​១០៥ ០០០​ដុល្លារ​អា​មេ​រិ​ក ដើម្បី​យក​ទៅ​ប្រើប្រាស់​ក្នុង​កិច្ចការ​រកស៊ី​របស់​ខ្លួន ដោយ​ជនសង្ស័យ​បាន​ធានា​អះអាង​ថា ក្នុង​រយៈពេល​១​ខែ និង​បង្វិល​ប្រាក់​ឲ្យ​វិញ​គ្រប់​ចំនួន ។

ប្រភព​ដដែល​បន្ត​ថា ផ្ទុយ​ទៅ​វិញ លុះដល់​ថ្ងៃ​កំណត់​ឈ្មោះ ហ៊ឹ​ម រ៉ា​ខ​ឆៃ​យ៉ា បាន​ព្យាយាម​គេច​វេស​មិន​ទទួលខុសត្រូវ ថែម​ទាំង​បិទ​ទូរស័ព្ទ បណ្តាល​ឲ្យ​ជួប​ផល​លំបាក​ក្នុង​ការ​ទាក់ទង​ថែម​ទៀត​​ផង ។

ដោយ​ឃើញ​ទ​ង្វើ​របស់​ជនសង្ស័យ​មានគំនិត​ទុច្ចរិត​បែប​នេះ នៅ​ថ្ងៃ​ទី​៥ ខែមីនា ជន​រង​គ្រោះ​បាន​អន្ទង​ឈ្មោះ ហ៊ឹ​ម រ៉ា​ខ​ឆៃ​យ៉ា ឲ្យ​មក​ផ្ទះ​របស់​ខ្លួន ដើម្បី​ជជែក​គ្នា​រឿង​ប្រាក់​ជាង​១០​ម៉ឺន​ដុល្លារ​នោះ ទីបំផុត​ដូច​ចូល​អន្ទាក់​របស់​ជន​រង​គ្រោះ​ចាប់​ទុក​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តែ​ម្តង ។

បើ​តាម​ព័ត៌មាន​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​សមត្ថកិច្ច​ឃាត់​ខ្លួន​ជនសង្ស័យ​ហើយ ការិយាល័យ​ជំនាញ​ស៊ើប​ការ​បាន​បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ ទើប​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ហ៊ឹ​ម រ៉ា​ខ​ឆៃ​យ៉ា បាន​ប្រព្រឹត្ត​បទល្មើស​ដោយ​ជាក់ស្តែង​មួយទៀត គឺ​ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់ និង​ក្លែង​ឋានៈ​តួនាទី ក្រម​ខណ្ឌ​នគរបាល​ជាតិ ។

ហើយ​បើ​តាម​ចម្លើយ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​ផ្តើមគំនិត​ប្រើប្រាស់​ក្លែង​ឯក​សណ្ឋាន ឋានៈ​តួនាទី ក្រម​ខណ្ឌ​នគរបាល​ជាតិ​ប្រាកដ​មែន ដែល​ទ​ង្វើ​នេះ​ចាប់ផ្តើម​តាំងពី​អំឡុង​ឆ្នាំ​២០១៦​មក​ម្ល៉េះ ហើយ​អត្តសញ្ញាណ​បណ្ណ​នគរបាល​ជាតិ និង​ទំរង់​ទាំងអស់ គឺ​ខ្លួន​បាន​ចម្លង​តាម​​ហ្វេ​ស​ប៊ុ​ក ដែល​ឃើញ​គេ​បង្ហោះ ចំណែក​ស័ក្តិ​ថ្នាក់ឧត្តម​សេនីយ៍ ខ្លួន​បាន​ទិញ​ពី​ផ្សារ​មក​ពាក់ និង​អាវុធ​ខ្លី​មួយ​ដើម បាន​មក​ពី​មិត្តភក្តិ​ធ្វើ​អង្គរក្ស​ផ្តល់​ឲ្យ ។

យ៉ាងណា​ក្តី បទល្មើស​ទាំង​២​នេះ ដូច​តំណាង​អយ្យការ​បាន​ចោទប្រកាន់​ខាងលើ សម​ល្មម​គ្រប់​គ្រាន់​ដែល​តម្រូវ​ឱ្យ​ដាក់​ជូន​ឲ្យ​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះ​​អាសន្ន ដើម្បី​រង់ចាំ​សវនាការ​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ