ខេត្តក្រចេះ ៖ ប្រធានមន្ទីរសុខាភិបាលខេត្ត លោកឈ្នាង សុវុត្ថា បានអះអាងនៅថ្ងៃទី៩ មីនា ដោយលោកបានច្រានចោលថា មិនមានសិស្សានុសិស្សរៀននៅសាលាអនុវិទ្យាល័យ និងវិទ្យាល័យមួយស្រុកសំបូរមានផ្ទុកវីរុសកូវីដ-19 ដូចទៅតាមការលើកឡើងនោះទេ ។ ពួកគេទាំងនោះ មានសុខភាពល្អមិនមានអាការៈរោគនោះទេ និងបានទៅសាលារៀនជាធម្មតា ។
ការលើកឡើងដោយច្រានចោលពីពាក្យចចាមអារ៉ាមរបស់លោក ឈ្នាង សុវត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តនេះ បានធ្វើឡើងបន្ទាប់ពីមានការនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយថា សិស្សានុសិស្សរៀននៅវិទ្យាល័យ និងអនុវិទ្យាល័យហ៊ុន សែន សម្ភរៈស្រុកសំបូរមានចំនួន៦នាក់ អាចនិងមានផ្ទុកវីរុសកូវីដ-19 ដោយសារឆ្លងពីបុរសជនជាតិជប៉ុនម្នាក់នៅខេត្ត សៀមរាប នៅពេលពួកគេបានទៅខេត្តសៀមរាប ដើម្បីជូនទៅជូនដំណើរមិត្តភក្តិម្នាក់ ដែលត្រូវទៅធ្វើការនៅប្រទេសជប៉ុន និងបានជួបជាមួយគ្រូជនជាតិជប៉ុនម្នាក់ដែលមានផ្ទុកមេរោគ។
ការផ្ទុះពាក្យចចរាមអារ៉ាម និងមានការនិយាយលើកឡើងតៗគ្នាថា មានសិស្សសាលាក្នុងស្រុកសំបូរផ្ទុក វីរុសកូរ៉ូណាឬកូវីដ-19នេះ បានកើតមានឡើង បន្ទាប់ពីមានលិខិតមួយច្បាប់ដែលចេញដោយលោកទួន ផល្លា ប្រធានការិយាល័យអប់រំនិងកីឡាស្រុកសំបូរ ចុះថ្ងៃទី៨ មីនា ឆ្នាំ២០២០ ដែលចេញរបាយការណ៍ស្តីពីការតាមដាន និងស្ថានភាពបង្ការជម្ងឺកូវីដ-19របស់សិស្សនុសិស្សចំនួន៦នាក់ កំពុងរៀននៅអនុវិទ្យាល័យនិងវិទ្យាល័យក្នុងស្រុកសំបូរ ដើម្បីឲ្យលោកអភិបាលស្រុក និងមន្ទីរសុខាភិបាលជួយអន្តាគមន៍។
ក្នុងរបាយការណ៍របស់លោកប្រធានការិយាល័យអប់រំ និងកីឡាស្រុកសំបូរបានឲ្យដឹងថា មានគ្រួសារមានផ្ទះនៅភូមិកែងប្រាសាទ ឃុំសំបូរ ស្រុកសំបូរ បានទៅខេត្តសៀមរាប ដើម្បីជូន ដំណើរកូនត្រូវឡើងយន្តហោះ ទៅធ្វើការនៅប្រទេសជប៉ុន នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ ។ ក្នុងនោះ ក៏មានសិស្សានុសិស្សចំនួន៦នាក់ កំពុងរៀននៅវិទ្យាល័យហ៊ុន សែន សម្ភរៈស្រុកសំបូរ ដែលត្រូវជាមិត្តភក្កិនិងគ្នាក៏បានជូនដំណើរដែរ។ លុះដល់ថ្ងៃទី៦ ខែមីនា ទើបពួកគេត្រឡប់ មកស្រុកសំបូរវិញ។
ក្នុងលិខិតដដែលនោះបានបញ្ជាក់ថា សមីខ្លួនដែលត្រូវទៅធ្វើការនៅប្រទេសជប៉ុន បាន ស្នាក់នៅសិក្សាភាសាជប៉ុន នៅសាលាមួយដែលមានគ្រូបង្រៀនភាសាជប៉ុន ឬអ្នកគ្រប់គ្រង សាលានោះ ដែលត្រូវបានគេពិនិត្យឃើញមានផ្ទុកមេរោគ កូរ៉ូណា ដោយសុខាភិបាល ។ ស្ថិតក្នុងសភាពការណ៍នេះ ដោយក្រុមគ្រួសារ មិត្តភក្កិ ដែលទៅជូនដំណើរនៅខេត្ត សៀមរាប ហើយមានទំនាក់ទំនងដោយផ្ទាល់ ឬប្រយោលយ៉ាងណាជាមួយនិងអ្នកផ្ទុកមេរោគ ថ្មីនេះនោះទេ។ហើយក្រុមគ្រួសារ ក៏ដូចជាអ្នកគ្រូលោកគ្រូរបស់សិស្សប្រុស ស្រីទាំង៦នាក់ កំពុងមានការព្រួយបារម្ភពីការឆ្លងរីករាលដាលនូវប្រភេទជម្ងឺរលាក់សួតថ្មីនេះ មកលើពួកគេ និងក៏ស្នើឲ្យលោកអភិបាលស្រុក ក៏ដូចជាមណ្ឌលសុខភាពជួយអន្តរាគមន៍។
ជុំវិញការព្រួយបារម្ភនេះ ប្រធានមន្ទីរសុខាភិបាលខេត្ត លោកឈ្នាង សុវត្ថា បានបញ្ជាក់ថា ឆ្លងតាមការចុះពិនិត្យនិងសាកសួរព័ត៌មាន សិស្សានុសិស្សទាំង៦នាក់នេះ មិនមានការឆ្លងជំងឺប្រភេទថ្មីនេះទេ។ ហើយពួកគេមានសុខភាពធម្មតា និងកំពុងរៀននៅសាលា គឺមិនបានយកមកដាក់នៅបន្ទប់ដាច់ដោយឡែកនៅនិងមន្ទីរពេទ្យដូចទៅតាមការលើកឡើងនោះដែរ ។
ចែករំលែកព័តមាននេះ