ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​ជីវិត​នាយ​ក្រិន​នា​ពេល​បច្ចុ​ប្បន្ន ក្រោយ​​បាត់​មុខ​ពី​ក្រុម​កំប្លែង​នាយ​កុយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ក្រោយ​បែកបាក់​ភរិយា តារា​កំប្លែង​មាឌតូច​ល្អិត​នាយ​ក្រិន បាន​បាត់​មុខ​ពី​ក្រុម​កំប្លែង​នាយ​កុយ បន្ទាប់​ពី​តារា​រូប​នេះ​បែកបាក់​ភរិយា ។ ការ​បែកបាក់​ភរិយា​បន្សល់​ទុក​កូន​៣​នាក់​ក្នុង​បន្ទុក ដែល​ត្រូវ​បង្ខំចិត្ត​ចាក​ចេញពី​រាជធានី​ភ្នំពេញ​ទៅ​រស់នៅ​ខេត្តបាត់ដំបង ទី​ដែល​ជា​កន្លែង​កំណើត​របស់​នាយ ។…

រាជធានី​ភ្នំពេញ ៖​ក្រោយ​បែកបាក់​ភរិយា តារា​កំប្លែង​មាឌតូច​ល្អិត​នាយ​ក្រិន បាន​បាត់​មុខ​ពី​ក្រុម​កំប្លែង​នាយ​កុយ បន្ទាប់​ពី​តារា​រូប​នេះ​បែកបាក់​ភរិយា ។ ការ​បែកបាក់​ភរិយា​បន្សល់​ទុក​កូន​៣​នាក់​ក្នុង​បន្ទុក ដែល​ត្រូវ​បង្ខំចិត្ត​ចាក​ចេញពី​រាជធានី​ភ្នំពេញ​ទៅ​រស់នៅ​ខេត្តបាត់ដំបង ទី​ដែល​ជា​កន្លែង​កំណើត​របស់​នាយ ។

ទស្សនិកជន​បាន​ចាប់អារម្មណ៍​ថា នាយ ក្រិន មិន​បានឃើញ​សម្តែង​ដូច​មុន​ជាមួយ​ក្រុម​នាយ​កុយ នៅ​ក្នុង​កម្មវិធី​សោភ័ណ​តន្ត្រី ដែល​ផ្សាយ​ផ្ទាល់​រៀងរាល់ថ្ងៃ​សៅរ៍​នោះ​ឡើយ បន្ទាប់​ពី​នាយ​បាន​ពើប​ប្រទេះ​រឿងអាស្រូវ​ជីវិត​ប្ដី​ប្រពន្ធ​ផ្អើល​អស់​មហាជន ។

ការ​បាត់​ខ្លួន​ពី​ឆាក​សម្តែង​នេះ​មិន​ត្រូវ​បាន​គេ​ដឹង​មូលហេតុ​ច្បាស់លាស់​នោះ​ឡើយ បើសូ​ម្បី​ប្រធាន​​ក្រុម​កំប្លែង​នាយ​កុយ ក៏​មិន​ដែល​បាន​បញ្ជាក់​ពី​ការ​បាត់​មុខរប​ស់នាយ​ក្រិន ពី​ឆាក​សម្តែង​នោះ​ដែរ ស្រប​ពេល​ដែល​ក្រុម​កំប្លែង​របស់​លោក​ក៏​ត្រូវ​បាន​ជម្រុះ​ចេញ​សល់​តិច​នាក់​ផង​នោះ ។

យ៉ាងណា​ក៏​ដោយ​ជុំវិញ​បញ្ហា​នេះ ​តារា​កំប្លែង​រួម​ក្រុម និង​ជា​មិត្តភក្តិ​ដ៏​ជិត​ស្និទ្ធ​មួយ​រូប​របស់​នាយ​ក្រិន ​គឺ​នាយ​ហុងដា បាន​អះអាង​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា​ មូលហេតុ​សំខាន់​ដែល​នាយ​ក្រិន បាត់​វត្តមាន​សម្តែង​កំប្លែង​ជាមួយ​ក្រុម​នាយ​កុយ គឺ​ដោយសារ​បញ្ហា​សុខភាព ។

នាយ ហុង ដា បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និក​ថា នាយ​ក្រិន បាន​ធ្លាក់ខ្លួន​ឈឺ​រួម​ទាំង​កូន​របស់​នាយ​ផង ហើយ​ពេល​នេះ​នាយ​កំពុង​រស់នៅ​ឯ​ស្រុក​កំណើត​នា​​ខេត្តបាត់​ដំបង ជា​ហេតុ​ធ្វើ​ឲ្យ​ពិបាកធ្វើ​ដំណើរ​មក​សម្តែង​នៅ​ភ្នំពេញ ។ នាយ​ហុងដា​បញ្ជាក់​ថា «​វា​(​នាយ​ក្រិន​)​មិន​បាន​លេង​នៅ​ប៉ុស្តិ៍​ដោយសារ​វា​មាន​ជំងឺ ហើយ​កូន​វា​ក៏​ឈឺ​បណ្តាក់​គ្នា ។ ដោយសារ​តែ​ឈឺ​បែប​នេះ វា​ពិបាក​ពេក​ក៏​ទៅ​នៅ​បាត់ដំបង​មួយ​រយៈ​ដើម្បី​មើលខ្លួន ឈឺ​ទាំង​ឪពុក​ទាំង​កូន មិនដឹង​ជា​នរណា​មើល​នរណា បើ ប៉ុន​ៗ​គ្នា​អ៊ីចឹង ។

សម្រាប់​ការងារ​ការ​គ្រប់គ្រង​ហាង​វិញ គឺ​បាន​បងថ្លៃ ក្មួយ ហើយ​ជួនកាល​រូប​ខ្ញុំ​ទៅ​ជួយ​មើល និង​គ្រប់គ្រង​ជំនួស​នៅ​ពេលទំនេរ ហើយ​ពេល​ដែល​នាយ​ក្រិន បាន​ធូ​ស្រាល​ពី​ជំងឺ​គឺ​បាន​ឡើង​ពី​បាត់ដំបង​មក​ភ្នំពេញ​ជួយ​មើល​ហាង​ម្តង​ទៅ​»​។

បើក​តាម​នាយ​ហុង ដា ពេល​ខ្លះ​នៅ​ពេល​មានកម្ម​វិធី​ណា​គេ​ហៅ​មក​សម្តែង​នោះ នាយ ក្រិន ក៏​បាន​ខិតខំ​ក្រោក​មក​ទាំង​ឈឺ ដើម្បី​បាន​លុយ​ខ្លះ​ទុក​មើលថែ​ជំងឺ ព្រោះ​នាយ​កុយ ក្រិន មិន​មាន​ជំនាញ​អ្វី​ក្រៅពី​កំប្លែង​នោះ​ឡើយ ហេតុនេះ​លោក​តែងតែ​ហៅ​ដើរ​លេង​កំប្លែង​ម្តងម្កាល​នៅ​ពេល​មាន​គេ​ហៅ ។

នាយ​ហុង ដា បាន​ឲ្យ​ដឹង​ទៀត​ថា សម្រាប់​រឿង​គ្រួសារ​វិញ​រវាង​នាយ​ក្រិន និង​ភរិយា នោះ​គឺ​ត្រូវ​បាន​បញ្ចប់​ទាំងស្រុង​រួច​ហើយ ដោយ​ភរិយា​របស់​នាយ​មិន​ដែល​បាន​ទាក់ទង​មក​ម្តងណា​ឡើយ បន្ទាប់​ពី​មានរឿង​រ៉ាវ​ប្រះ​ឆា បែកបាក់​គ្នា​កាលពី​ពេល​កន្លង​មកនេះ ។

តារា​កំប្លែង​មាឌ​ល្អិត​នាយ​ក្រិន បាន​ធ្វើ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ដំណឹង​បែកធ្លាយ​ថា ភរិយា​របស់​លោក​ផិតក្បត់​លោក​ជា​ច្រើន​លើក បន្ទាប់​ពី​មានកូន​បី​នាក់​រួច​ហើយ​។ ការ​បែកបាក់​នេះ​ត្រូវ​នាយ​ក្រិន ធ្លាប់​បាន​អះអាង​ថា កើតឡើង​ប្រមាណ​ជាង​២​ខែ​ហើយ ។ តាម​ដំណើររឿង​គឺ​ក្នុង​អំឡុង​ខែសីហា​កន្លង​ទៅ លោក​មាន​ជំងឺ ហើយ​បាន​ទៅ​សម្រាក​ព្យាបាល​នៅ​ស្រុក​កំណើត​ឯ​ខេត្តបាត់ដំបង ដោយ​ទុក​ភរិយា​នៅ​មើល​ហាង​ផឹកស៊ី​តែ​ម្នាក់ឯង ។

លុះ​ត្រឡប់​មក​វិញ លោក​ក៏​ចាប់អារម្មណ៍​ថា ភរិយា​លោក​មាន​អាការ​ប្លែក និង​ចេះ​តែ​តែងខ្លួន​ស្អាត​ៗ​រាល់ថ្ងៃ ។ ដូច្នេះ​ហើយ លោក​ក៏​ចាប់ផ្ដើម​តាមដាន ហើយ​ក៏​បានដឹង​រឿង​តែ​ម្ដង គឺ​ភរិយា​បាន​លួច​ទាក់ទង​អ្នក​ផ្សេង​ទៀត​ក្បត់​លោក ហើយ​លោក​បានឃើញ​ផ្ទាល់​ភ្នែក​តែ​ម្ដង ។ លោក​ថា រឿង​ដល់​ដំណាក់កាល​នេះ មហាជន​ដឹង​ពេញ​ទឹក​ពេញ​ដី​ហើយ លោក​ដាច់ខាត​មិន​បក​ក្រោយ ទទួលយក​ភរិយា​វិញ​នោះ​ទេ បើ​ទោះជា​ភរិយា ដឹង​កំហុស​ហើយ​សុំ​ជានា​គ្នា​វិញ​ក៏​ដោយ ។

តារា​កំប្លែង​មាឌ​ល្អិត​រូប​នេះ​ពោល​ថា ជួប​រឿងរ៉ាវ​ជីវិត​គូ​ម្ដង​ហើយ​ម្ដងទៀត​បែប​នេះ លោក​ថា រាងចាល​នឹង​ឆាកជីវិត​មួយ​នេះ លែង​ចង់​យក​ភរិយា​ទៀត​ហើយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ