ខេត្តកំពង់ចាម ៖ បុរសចំណាស់ម្នាក់កំពុងតែសំរាន្តលង់លក់លើអង្រឹងក្រោមផ្ទះឈើ ត្រូវបានកូនប្រុសលបកាប់ប្រហារជាច្រើនពូថៅ បណ្ដាលឲ្យបាត់បង់ជីវិតក្នុងថ្លុកឈាម។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅភូមិក្បាលអូរ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ បន្ទាប់ពីកើតហេតុ បុរសជាកូនបានរត់គេចខ្លួនចូលទៅក្នុងព្រៃចម្ការស្វាយចន្ទីដោយសម្ងំលាក់ខ្លួនបាន២ថ្ងៃ ទំនងជាឃ្លានបាយក៏លួចចូលមកភូមិវិញ ហើយត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបាននៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៧ មីនា ឆ្នាំ២០២០ រួចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីសួរនាំ។
លោកវរសេនីយ៍ឯកប៉ាក ជាតិ អធិការនគរបាលស្រុកស្ទឹងត្រង់ ប្រាប់ឲ្យដឹងថា ជនសង្ស័យជាកូនប្រុសឈ្មោះលន់ ឡឹង អាយុ២៣ឆ្នាំ ធ្លាប់ធ្វើជាពលករនៅប្រទេសថៃ ហើយបានញៀនថ្នាំក្រោយមកក៏ត្រឡប់មកផ្ទះវិញ។ ចំណែកជនរងគ្រោះជាឪពុកឈ្មោះឡេវ លន់ ភេទប្រុស អាយុ៥៨ឆ្នាំ ។ អ្នកទាំង២រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។
អធិការនគរបាលស្រុកស្ទឹងត្រង់បានរំលឹកឱ្យដឹងថា នៅវេលាម៉ោង១១យប់ថ្ងៃទី៥ មីនា ឆ្នាំ២០២០ នៅភូមិក្បាលអូរ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ជនសង្ស័យជាកូននេះបានយកពូថៅកាប់ទៅលើឪពុកបង្កើតត្រូវចំចុងចិញ្ចើមខាងស្តាំចំនួន៣កន្លែង ត្រូវចំក្រោមភ្នែកឆ្វេងពីរកន្លែង(ដល់ឆ្អឹង) នឹងត្រូវចំក្បាលផ្នែកខាងក្រោយ (ផុងលលាដ៍ក្បាល) បណ្តាលអោយបាត់បង់ជីវិតក្នុងថ្លុកឈាម ហើយជនសង្ស័យបានរត់គេចខ្លួនបាត់ចូលទៅក្នុងចម្ការស្វាយចន្ទីដោយមិនមានអ្នកណាម្នាក់ចាប់បាននោះទេ ទោះបីជាមានកម្លាំងសមត្ថ កិច្ចចុះអន្តរាគមន៍យ៉ាងណាក្តី។
ករណីខាងលើនេះ កំលាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ សហការជាមួយកំលាំងប៉ុស្តិ៍មេសរជ្រៃ នឹងកំលាំងប្រជាការពារបានធ្វើការពិនិត្យនឹងស្រាវជ្រាវរុករកជន សង្ស័យនៅចំណុចចំការស្វាយចន្ទីរតំបន់ភ្នំឥសីសិទ្ធ ភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ និងនៅចំណុចតំបន់តំណាក់ឡែង ភូមិដីក្រហម ឃុំសូភាស ស្រុកស្ទឹងត្រង់ ដែលជាទីកន្លែងជនសង្ស័យធ្លាប់ចេញចូលទីនោះ តែមិនបានឃើញជននេះនោះទេ។
លោកវរសេនីយ៍ឯកប៉ាក ជាតិ អធិការនគរបាលស្រុកស្ទឹងត្រង់ បញ្ជាក់ថា ក្រុមសាច់ញាតិអ្នករងគ្រោះ ព្រមទាំងប្រជាពលរដ្ឋក្នុងភូមិ រួមនឹងកម្លាំងសមត្ថកិច្ចបាននាំគ្នារុករកតាមចំការនិងក្នុងព្រៃជាច្រើនកន្លែងដោយសារតែភូមិសាស្ត្រនៅតំបន់នោះធំពិបាកនៅក្នុងការរកបន្តិច។ កូនប្រុសដែលក្លាយខ្លួនជាឃាតករបានសម្ងំនៅក្នុងព្រៃ២ថ្ងៃដោយសារតែអត់បាយក្រហាយទឹកគ្មានអ្វីហូប រហូតមកដល់វេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៧ មីនា ឆ្នាំ២០២០ ជនសង្ស័យបានចេញពីព្រៃចំការ ហើយចូលទៅក្នុងភូមិក្បាលអូរ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ក៏ត្រូវកំលាំងសមត្ថកិច្ចព័ទ្ធចាប់ឃាត់ខ្លួនបានតែម្តង។
សូមបញ្ជាក់ថា នៅថ្ងៃកើតហេតុ បុរសជាឪពុកមិនបានបង្កជម្លោះជាមួយនឹងកូនប្រុសនេះទេ ហើយបើតាមការសារភាពរបស់កូនប្រុសបានឆ្លើយថា មូលហេតុដោយសារតែខ្លួនខឹងឪពុកស្តីបន្ទោសរឿងដើរលេងតែប៉ុណ្ណោះ មិនមានរឿងអ្វីក្រៅពីនេះទៀតនោះឡើយ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ