ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ទុន​កាន់តែ​ច្រើន​នឹង​ក្លាយជា​ម្ចាស់​កាន់តែ​ធំ​របស់​ធនាគារ​អេ​ស៊ី​លី​ដា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធនាគារ អេ​ស៊ី​លី​ដា បាន​ផ្ដល់​ឱកាស​ដល់​សាធារណជន​ក្លាយជា​ម្ចាស់​ភាគ​ហ៊ុ​និក ដោយ​បាន​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ ហើយ​អ្នកមាន​ទុន​កាន់តែ​ច្រើន​នឹង​ក្លាយជា​ម្ចាស់​ភាគ​ទុ​និក​កាន់តែ​ធំ​នៅ​ក្នុង​ធនាគារ​ដ៏​ធំ​ក្នុងស្រុក​មួយ​នេះ​ដោយ​មិន​មានការ​កំណត់​ចំនួន​ណាមួយ​លក់​ទៅ​លើ​បុគ្គល​ណា​ម្នាក់​ឡើយ ។ ធនាគារ អេ​ស៊ី​លី​ដា…

រាជធានី​ភ្នំពេញ ៖ ធនាគារ អេ​ស៊ី​លី​ដា បាន​ផ្ដល់​ឱកាស​ដល់​សាធារណជន​ក្លាយជា​ម្ចាស់​ភាគ​ហ៊ុ​និក ដោយ​បាន​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ ហើយ​អ្នកមាន​ទុន​កាន់តែ​ច្រើន​នឹង​ក្លាយជា​ម្ចាស់​ភាគ​ទុ​និក​កាន់តែ​ធំ​នៅ​ក្នុង​ធនាគារ​ដ៏​ធំ​ក្នុងស្រុក​មួយ​នេះ​ដោយ​មិន​មានការ​កំណត់​ចំនួន​ណាមួយ​លក់​ទៅ​លើ​បុគ្គល​ណា​ម្នាក់​ឡើយ ។

ធនាគារ អេ​ស៊ី​លី​ដា បាន​ប្រកាស​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​តាំងពី​ចុងឆ្នាំ ២០១៩ មក​ម្ល៉េះ ដោយ​បាន​ទទួល​ការ​អនុញ្ញាត​ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​ផង​ដែរ ។ ចាប់តាំងពី​ទទួល​បាន​ភ្លើង​ខៀវ​ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ធនាគារ​អេ​ស៊ី​លី​ដា បាន​ជំរុញ​ការ​ផ្សព្វផ្សាយ​របស់​ខ្លួន​កាន់តែ​ខ្លាំង ដោយ​បាន​រៀបចំ​នូវ​សិក្ខា​ដល់​សាធារណជន​ជា​បន្តបន្ទាប់ និង​ឈាន​ដល់​ការ​បង្ហាញ​ព័ត៌មាន​លម្អិត ឬ​ហៅ​ថា រ៉ូ​ដ​សូ ទៀត​ផង ជាក់ស្ដែង​កម្មវិធី រ៉ូ​ដ​សូ លើក​ទី​១ មាន​អ្នក​ចូល​រួម​ដល់​ជាង​៥០០​នាក់ លើស​ពី​ការ​រំពឹង​ទុក​របស់​ខ្លួន​ដែល​រំពឹង​ថា​ត្រឹម​៣០០​នាក់ ។

លោក ស៊ូ សុ​ជាតិ អគ្គនាយក​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ធនាគារ អេ​ស៊ី​លី​ដា ជា​ធនាគារពាណិជ្ជ​ដំបូង​ដែល​ធ្វើការ បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​។ ប្រសិនបើ​មិន​មាន​ឆន្ទៈ​ដ៏​មុះ​មុត និង​ការ​ដឹកនាំ​ដ៏​ខ្លាំង​របស់​ថ្នាក់ដឹកនាំ​ធនាគារ​ទេ យើង​មិន​អាច​ឈាន​ដល់​ដំណាក់កាល​ថ្ងៃនេះ​ទេ ហើយ​វា​ជា​ឱកាស​សម្រាប់​សាធារណជន​ដែល​មាន​ចំណាប់​អារម្មណ៍ ព្រោះ​ចំនួន​ភាគហ៊ុន​ច្រើន​គួរសម​សម្រាប់​ធ្វើការ​បោះផ្សាយ​លក់​។ ចង់​ទិញ​ប៉ុន្មាន​ក៏​បាន​ឲ្យ​តែ​មាន​លុយ ។

លោកស្រី ម៉ារ អម​រ៉ា អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយិកា​ប្រតិបត្តិ​ហិរញ្ញវត្ថុ បាន​មាន​ប្រសាសន៍​បន្ថែម​ថា សាធារណជន​អាច​ចូលរួម​ធ្វើ​ប៊ុ​ក​បៀ​ល​ឌី​ង ដោយ​ដាក់​សំណើរ​ចាប់ពី​១០០ មូល​ប​ត្រ​កម្មសិទ្ធិ (​ភាគហ៊ុន​) ឡើង​ទៅ ដោយ​កើន​ម្តង (១០ ឯក​តា​មូល​ប​ត្រ​កម្ម​សិទ្ធិ​) ហើយ​មិន​មាន​កំណត់​ចំនួន​ភាគហ៊ុន​អតិបរមា​ដែល​ចង់​ដាក់​ពាក្យ​ស្នើ​សុំ​ទេ​។ វិនិយោគិន​ចង់​ដាក់​ពាក្យ​ស្នើ​សុំ​ទិញ​ភាគហ៊ុន​ប៉ុន្មាន​ក៏​បាន ។

ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​ចាប់ផ្តើម​ដំណើរការ​ប៊ុ​ក​បៀ​ល​ឌី​ង​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃ​ទី​០៣ ខែមីនា ហើយនឹង​បញ្ចប់​នៅ ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២០ (​ម៉ោង​៨:០០​ព្រឹក ដល់​ម៉ោង ៥:០០ ល្ងាច ពី​ថ្ងៃ​ចន្ទ ដល់ ថ្ងៃ​សៅរ៍​) និង​បាន​កំណត់​ថ្លៃ​មូល​ប​ត្រ​កម្មសិទ្ធិ (​ភាគហ៊ុន​) នៅ​ក្នុង​ចន្លោះ​ថ្លៃ ចាប់ពី ១៥.០០០ រៀល ដល់ ១៧.៤០០ រៀល ក្នុង​មួយ​ភាគហ៊ុន ។

គួរ​បញ្ជាក់​ថា ធនាគារ​អេ​ស៊ី​លី​ដា បាន​ចាប់ផ្ដើម​ជាមួយនឹង​ទុន​ប្រមាណ​៦៣​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ កាលពី​ឆ្នាំ ១៩៩៣ និង​បាន​រីក​ចម្រើន​រហូត​ដល់​មាន​ទុន​ជាង​៩០០​លាន​ដុល្លារ​អា​មេ​រិ​ក នា​ពេល​បច្ចុប្បន្ន ក្នុង​នោះ​ដែរ ទ្រព្យសកម្ម​របស់​ធនាគារ​មួយ​នេះ មាន​ប្រមាណ ៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​បម្រើ​ក្នុង​វិស័យ​ធនាគារ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ