រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា អស់ជាច្រើនសប្តាហ៍មកហើយ ដែលការប្រកួតជម្រុះជ្រើសរើសជើងឯក ប្រភេទទម្ងន់៦៣,៥ គីឡូក្រាម រដូវកាលទី៧ នាសង្វៀនប៉ុស្តិ៍លេខ៥ បានដំណើរការឡើង។
ការប្រកួតកាលពីថ្ងៃទី៧ មីនា ឆ្នាំ២០២០ គឺជាការប្រកួតជម្រុះស្វែងរក៤នាក់ ដើម្បីឡើងទៅវគ្គពាក់ផ្ដាច់ព្រ័ត្រ។ ការប្រកួតប្រដាល់កំពូលជើងឯក TV5 BOXING KNOCK OUT SERIES(K-Cement) នោះ កាន់តែទាក់ទាញក្នុងស្រទាប់អ្នកស្នេហាប្រដាល់។
បង្គោលក្រហម ខាំ សាបាន មកពីក្លិបរ៉ាហាប់ស្វាយប៉ាក ប៉ះជាមួយបង្គោលខៀវ រិន សារ័ត្នមកពីក្លិប កងទ័ពជើងទឹក។ នេះជាវគ្គជម្រុះជិតដល់ការប្រកួតដណ្ដើមពាន ដោយរើសយកកីឡាករ៨រូប ដែលឈ្នះការប្រកួតកន្លងមក ប្រកួតគ្នាយកតែ៤នាក់ ទៅកាន់វគ្គបន្ត។
ការប្រកួតមកដល់ទឹកទី១ ម្នាក់ៗហើបគូទពីកៅអី ដើម្បីអ៊ុតមើលថា តើខៀវ ឬក្រហមមានតែមជាង? ។ ហើយកាយវិការវាយទាត់ធាក់របស់អ្នកទាំងពីរ ឃើញថា វាយទៅមកយ៉ាងប្រកៀប្រកិតគ្នាតែម្តង។ ដោយកីឡាករ សាបាន ហាក់វាយចូលចំគោលដៅ ធ្វើឱ្យអ្នកមើលរំពឹងថា បានឈ្នះ។
ប៉ុន្តែឈានដល់២ទឹក ចុងក្រោយ សាបាន ធ្លាក់ដៃ ធ្លាក់កម្លាំង យ៉ាងចម្លែក ធ្វើឱ្យភាគីម្ខាងទៀត បានដៃវាយបក់យ៉ាងចាស់ដៃតែម្តង។ នៅទីបំផុត សាបាន ចាញ់ពិន្ទុ រិន សារ័ត្ន យ៉ាងសោកស្តាយ ព្រោះឡើងទៅវគ្គបន្ត ដែលជាវគ្គសំខាន់ ដែលកាន់តែមើលឃើញពីឱកាសកាន់ពាន និងរង្វាន់ទឹកប្រាក់។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ