យុវជន៣នាក់​ត្រឡប់មកពីលេងបុណ្យភូមិវិញ​ ម្នាក់របួស ម្នាក់ទៀតបាត់ម៉ូតូ​


រាជធានី​ភ្នំពេញ ៖ យុវជន​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ត្រឡប់​មក​ពី​រាំ​ធុងបាស់​បុណ្យ​ភូមិ ស្រាប់តែ​ជួប​ជនសង្ស័យ​​មួយ​ក្រុម​មាន​គ្នា​៨​នាក់​ជិះ​ម៉ូតូ​៣​ទៅ​៤​គ្រឿង​ស្ទាក់​វាយ​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​ទៅ​បាត់ បណ្តាល​ឲ្យ​យុវជន​ម្នាក់​រង​របួស​បែកក្បាល បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០២០ ត្រង់​ចំណុច​វាលស្រែ ស្ថិត​តាម​បណ្តោយ​ផ្លូវលំ ភូមិ​ចំការ​ត្បែង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

យុវជន​ម្នាក់​ដែល​រង​របួស​បែកក្បាល​ខាងលើ​ឈ្មោះ រ​ដ្ឋា សុខ​ហេង អាយុ​២៥​ឆ្នាំ មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់ ស្នាក់​នៅ​ភូមិ​កើតហេតុ ។ ចំណែក​ម្ចាស់​ម៉ូតូ​ជា​ជន​រង​គ្រោះ​ឈ្មោះ សុខ ជា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ជាង​ឡាន មាន​ទីលំនៅ​ភូមិ​គោក​ព្រិច ​សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ ។ រីឯ​ម៉ូតូ​មួយ​គ្រឿង​ដែល​ក្រុម​ជនសង្ស័យ​ប្លន់​យក​ទៅ​បាត់​នោះ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ឡែ​ត ពណ៌​ស មិន​ចាំ​ស្លាក​លេខ​។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ នៅ​ល្ងាច​ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០២០ ក្នុងភូមិ​កើតហេតុ​ខាងលើ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​រៀបចំ​កម្មវិធី​ធ្វើបុណ្យ​ភូមិ​ហៅ​ថា​បុណ្យ​ដា​លាន បន្ទាប់​ពី​ពួក​គាត់​ច្រូតកាត់​ប្រមូល​ផល​ស្រូវ​វស្សា​រួចរាល់​ហើយ​ក៏​មាន​ផឹកស៊ី​រាំច្រៀង​កំសាន្ត​ដូច​ជាង​រៀង​រាល់​ឆ្នាំ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​ផឹកស៊ី​នៅផ្ទះ​ស្រវឹង​ស្រឿង យុវជន​ទាំង​៣​នាក់​ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​២​គ្រឿង​ទៅ​រាំ​ធុងបាស់​នៅ​ចុង​ភូមិ បន្ទាប់​ពី​រាំ​ធុងបាស់​មួយសន្ទុះ​ក្រោយមក​ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​ម្ចាស់​ម៉ូតូ​រង​គ្រោះ​ជិះ​ឌុ​ប​មិត្ត​ភិ​ក្យិ​ម្នាក់ ចំណែកឯ​យុវជន​រង​គ្រោះ​ម្នាក់​ទៀត​ជិះ​ម៉ូតូ​មួយ​គ្រឿង​ផ្សេង​ទៀត​តាម​ក្រោយ​ម្នាក់ឯង ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ជិះ​មក​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ចំនួន​៨​នាក់​ចេញ​មក​ស្ទាក់​វាយ​ប្លន់ ដោយ​ប្រើ​ដុំ​ថ្ម​វាយ បណ្តាល​អោយ​យុវជន​ម្នាក់​រង​របួស​បែកក្បាល ។ ភ្លាម​ៗ​នោះ​យុវជន​ម្នាក់​ទៀត​ដែល​ជិះ​ម៉ូតូ​នៅ​ខាង​មុខ​ក៏​បាន​ឈប់​ម៉ូតូ​រត់​មក​ជួយ ដោយ​ពុំ​បាន​ដក​សោ​ចេញពី​ម៉ូតូ​យក​មក​ទុក​ទេ ហើយ​ក៏​ត្រូវ​ក្រុម​ជនសង្ស័យ​នាំ​គ្នា​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​មួយ​គ្រឿង​ជិះ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង​។

ក្រោយ​កើតហេតុ ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ដែល​បាត់​បានរ​ត់ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នរ​គ​បាល​រដ្ឋបាល​សំរោង​ក្រោម​ដើម្បី​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​ដើម្បី​យក​មក​ផ្តន្ទាទោស តាម​ផ្លូវច្បាប់​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

សន្ដិសុខ​សង្គម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ