ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក កឹ​ម សុខា សុំ​ឱ្យ​បញ្ឈប់​ការ​យក​បញ្ហា​​កូ​វី​ដ​-19​វាយប្រហារ​គ្នា

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ លោក​ កឹ​ម សុខា​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​គ្រប់​និន្នាការ​នយោបាយ​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩(Covid-19) ដោយ​កុំ​ធ្វើការ​វាយប្រហារ​គ្នា​ដើម្បី​កេង​ចំណេញ​​នយោ​បាយ​នោះឡើយ ។…

​រាជធានី​ភ្នំពេញ​ ៖ លោក​ កឹ​ម សុខា​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​គ្រប់​និន្នាការ​នយោបាយ​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩(Covid-19) ដោយ​កុំ​ធ្វើការ​វាយប្រហារ​គ្នា​ដើម្បី​កេង​ចំណេញ​​នយោ​បាយ​នោះឡើយ ។

លោក​ កឹ​ម សុខា​ បាន​សរសេ​រលើ​បណ្តាញ​សង្គម​ នៅ​ថ្ងៃ​ទី​៦​ ខែមីនា​ថា​ ពេល​នេះ​ពិភពលោក​កំពុង​ប្រឈម​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​Covid-19 ដែល​មិន​ត្រឺ​មតែ​ប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត​មនុស្ស​នោះ​ទេ លើស​ពី​នេះ​​ទៀត វា​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស និង​ជីវភាព​រស់នៅរបស់​មនុស្ស​ជា​ច្រើន​
ទៀត​ផង ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជានិង​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ផង​ដែរ​ ។

លោក​បញ្ជាក់​ថា​ ៖ «​ខ្ញុំ​យល់​ឃើញ​ថា ក្នុង​កាលៈទេសៈ​នេះ យើង​ជា​ខ្មែរ​ត្រូវ​រួបរួម​គ្នា ដើម្បី​ទប់ស្កាត់​បញ្ហា​ប្រឈមទាំង​២​ខាងលើ​(​ជំងឺ​និង​សេដ្ឋកិច្ច​) ដែល​ប៉ះពាល់​ដល់​ប្រទេស​ជាតិនិង​ប្រជាពលរដ្ឋ​យើង ដោយ​កុំ​ប្រកាន់​និន្នាការ​នយោបាយ កុំ​ប្រើប្រាស់​បញ្ហា​នេះ​បំផ្លើស​បំភ្លៃ ដើម្បី​កេង​ចំណេញនយោបាយ​វាយប្រហារ​គ្នា ដោយ​អ​សីលធម៌​»​ ។ លោក​ កឹម សុខា គូសបញ្ជាក់​ទៀតថា​ ៖ «ខ្ញុំ​សូម​គាំទ្រ​ចំពោះ​កម្ពុជា​យើង ដែល​ពេល​នេះ​ផ្តល់​អាទិភាពដើម្បី​រួម​គ្នា​ប្រ​យុ​ទ្ឋ​ប្រឆាំងនឹង​ជំងឺ​ Covid-19 និង​សូម​លើកទឹកចិត្ត​ដល់​សមត្ថកិច្ច​ជំនាញ បំពេញបេសកកម្ម​បាន​ជោគជ័យ​ជូន ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​ ។ ជា​ពិសេស​ ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​គ្នា សូម​ថែរក្សា​អនាម័យ ការពារ​ខ្លួន​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដោយ​ប្រុង​ប្រ​យ​័ត្នទប់ស្កាត់​នូវ​ជំងឺ​រាតត្បាត​នេះ ​។

ជាមួយ​គ្នា​នេះ​ដែរ ខ្ញុំ​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រៃ បារមី​វត្ថុ​ស​័ក្តិ​សិទ្ធី សូម​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​សុខភាព​ល្អ ជា​ពិសេស​ចៀស​ផុត​ពី​ជំងឺ​ Covid-19 ​និង​សូម​ឲ្យ​មាន​ជីវ​ភាព​រស់នៅ​ប្រសើរ​ឡើង កុំ​ឲ្យ​ជួប​ប្រទះ​នូវ​វិបត្តិ​សេដ្ឋកិច្ច​ឲ្យ​សោះ​» ។ សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​លោក​ កឹ​ម សុខា​ គឺបន្ទាប់​ពី​ប្រមុខ​រាជរ​ដ្ឋា​ភិបាល​បាន​​ដាក់​វិធាន​ការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩​នេះ និង​ស្នើ​ឲ្យ​ពលរដ្ឋ​មាន​អនា​ម័​យ ​ដើម្បី​បញ្ចៀស​ការ​ឆ្លង​ជំងឺ​នេះ​ ។ ប៉ុន្តែ​យ៉ាង​ក៏​ដោយ រហូត​មក​ដល់​ពេល​នេះ​ក្រសួង​សុខ​ភិ​បាល​បាន​អះអាង​ថា មិន​ទាន់​មាន​ប្រជាពលរដ្ឋ​កម្ពុជា​ណា​ម្នាក់ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ នេះ​ទេ​ ។

ជា​ការ​កត់សម្គាល់ នេះគឺជា​លើក​ទី​២​ហើយ​ដែល​លោក ​កឹ​ម សុខា ដែលកំពុង​មានរឿង​ក្តីក្តាំ​នៅ​តុលាការ​ក្នុង​សំណុំរឿង​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស​ បាន​​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រួបរួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​-១៩​នេះ​ ។ ការ​ចេញ​មុខរប​ស់លោក​ កឹ​ម សុខា​ ធ្វើ​ឡើង​ស្រប​ពេល​ដែល​លោក​ សម រ​ង្ស៊ី និង​សកម្មជន​អតីត​បក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត​ បាននិងកំពុង​​យក​បញ្ហា​កូ​វី​ដ​-១៩​នេះ វាយប្រហារ​មក​លើ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​កម្ពុជា​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ។ អ្នកខ្លះ​បាន​ឌឺដង​ផ្ចាញ់ផ្ចាល ខ្លះ​សម្តែង​ការ​ព្រួយបារម្ភ និង​ខ្លះ​ទៀត​ចង់​ក្រើនរំឭក​ឱ្យ​មាន​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត​លើ​បញ្ហា​នេះ​។ ប៉ុន្តែ​ក្រៅពី​នេះក៏​មាន​ដែរ ក្រុម​មនុស្ស​ប្រឌិត​ព័ត៌មានបំផ្លើសការពិត​បំពុល​សង្គម​ ធ្វើ​ឱ្យ​មានការ​ចលាចល​ដោយសារ​ព័ត៌មាន​ក្លែងក្លាយ​ទាំងនោះ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​ចាត់​ទុក​ក្រុម​មនុស្ស​ប្រភេទ​នេះ​ថា ជា​ក្រុម​ជន​ទុច្ចរិត និង​ហៅ​ថាជា​ភេរវ​ករ បើសិន​ពួក​គេ​នៅ​តែបន្ត​ប្រឌិត​ព័ត៌មាន​មិន​ពិត​តទៅ​ទៀត​ ។ សម្រាប់​សម្តេចតេជោនាយក​រដ្ឋ​ម​ន្រី្ត ការ​ប្រឌិត​ព័ត៌មានមិន​ពិត មិន​មាន​ផល​ចំណេញ​អ្វី​ទេ តែ​វា​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ និង​ក្រុម​គ្រួសារ​អ្នក​ប្រឌិត
​ព័ត៌មាន​នោះ​មានការ​ភ័យ​ខ្លាច​ខ្លាំង​ទៅ​វិញ​ទេ​។បើ​ទោះបី​លើក​ឡើង​បែប​នេះ តែសម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ នៅ​តែ​ជំរុញ​ឱ្យ​ពលរដ្ឋ​ត្រូវ​ចេះ​ធ្វើ​អនាម័យ​ផ្ទាល់ខ្លួន ដើម្បី​ការពារ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​-១៩​ ។ មិនតែប៉ុណ្ណោះក៏​បាន​ប្រកាស​យក​ការ​ប្រយុទ្ធ​ប្រឆាំង​កូ​វី​ដ​-១៩​ជា​បញ្ហា​ចម្បង​អាទិភាព​របស់​រាជរដ្ឋាភិបាល​ចាប់ពី​ពេល​នេះ​តទៅ​ ។

លោក​កឹ​ម សុខា បាន​គាំទ្រ​​ការ​ប្រកាស​នេះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន​ ហើយ​ថែម​ទាំង​បាន​ជំរុញ​លើកទឹកចិត្ត​ដល់​សមត្ថកិច្ច​ជំនាញ​បំពេញបេសកកម្ម​បាន​ជោគជ័យ​ជូន​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​ ។ លើស​ពី​នេះ​ទៀត លោក​ កឹ​មសុខា ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ឱ្យ​ថែរក្សា​អនាម័យ ការពារ​ខ្លួន​ឱ្យ​បាន​ខ្ជាប់ខ្ជួនដោយ​ប្រុង​ប្រ​យ​័ត្ន​ ទប់ស្កាត់​នូវ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​នេះ​ ៕

អត្ថបទសរសេរ ដោយ