ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌ​សែន​សុខ​រំលត់​បណ្តឹង​ប្រឆាំង​​លោក ព្រាប សុវត្ថិ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ បាន​ធ្វើការ​សម្របសម្រួល​និង​ដោះស្រាយ បន្ទាប់​ពី​ពលរដ្ឋ​ចំនួន​៧០​គ្រួសារ រស់នៅ​ភូមិ​ច្រេស សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ បាន​នាំ​គ្នា​ផិត​មេដៃ ប្តឹង​ចោទ​តារាចម្រៀង…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ បាន​ធ្វើការ​សម្របសម្រួល​និង​ដោះស្រាយ បន្ទាប់​ពី​ពលរដ្ឋ​ចំនួន​៧០​គ្រួសារ រស់នៅ​ភូមិ​ច្រេស សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ បាន​នាំ​គ្នា​ផិត​មេដៃ ប្តឹង​ចោទ​តារាចម្រៀង ព្រាប សុវត្ថិ ថា​បាន​រំលោភ​យក​ដី​ផ្លូវ​សាធារណៈ បាន​ដាក់​គំនរ​ឈើ​និង​សម្ភារ​បិទផ្លូវ និង​ចត​រថយន្ត​លើ​ដងផ្លូវ បណ្តាល​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់ និង​បង្ក​សំឡេង​រំខាន ។ បន្ទាប់​ពី​មាន​បញ្ហា​បែប​នេះ​កើតឡើង​បាន​ធ្វើ​ឱ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​ដោយសារ​តែ​លោក ព្រាប សុវត្ថិ គ្រាន់តែ​ជា​អ្នកចម្រៀង​តើ ទៅ​មាន​សិទ្ធិ​អ្វី​រំលោភ​ដល់​ដី​ផ្លូវ​សាធារណៈ ។

ទោះបីជា​យ៉ាងណា​មាន​ភ្លើង​ទើប​មាន​ផ្សែង ។ ការ​ចុះ​សម្របសម្រួល​ទំនាស់​ជិតខាង​គ្នា​នេះ ត្រូវធ្វើ​ឡើង​
នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែមីនា នៅ​ក្នុង​ដី​ឡូត៍​លោក ព្រាប សុវត្ថិ ដឹកនាំ​ដោយ​លោក ឆាយ វាសនា ប្រធាន​រដ្ឋបាល​ខណ្ឌ​​សែន​សុខ ដោយ​មាន​ការ​អនុញ្ញាត​ពី​លោក ម៉ូ​វ ម៉ា​និ​ត អភិបាល​ខណ្ឌ​សែន​សុខ ។ នៅ​ព្រឹក​នោះ​គេ​ឃើញ​​មាន​វត្តមាន​របស់​លោក ព្រាប សុវត្ថិ ព្រមទាំង​ក្រុម​គ្រួសារ​និង​ប្រជាពលរដ្ឋ ដែល​ជា​អ្នក​រស់នៅ​ភូមិ​ផង​របង​ជាមួយ ។ ក្រៅពី​នេះ​ក៏​មាន​អ្នក​សារព័ត៌មាន ជា​ច្រើន​នាក់​បាន​ទៅ​តាមដាន​ពី​ករណី​ចម្រុង​ចម្រាស់​នេះ​ផង​ដែរ ។

នៅ​ចំពោះ​មុខ​អាជ្ញាធរ​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​លោក ព្រាប សុវត្ថិ ៣​ចំណុច​៖
១-​ស្នើ​ឱ្យ​លោក ព្រាប សុវត្ថិ ធ្វើការ​រុះរើ​សម្ភារ​ផ្សេង​ៗ​ចេញ​ពីលើ​ផ្លូវ​សារ​ធារ​ណៈ​ខាងក្រោយ​ដី​ឡូត៍​របស់​លោក ។២-​ស្នើ​សុំ​ឱ្យ​លោក ព្រាប សុវត្ថិ កែសម្រួល​ការ​ចត​រថយន្ត​នៅ​លើ​ផ្លូវ​សាធារណៈ​ពិបាក​ចេញ​-​ចូល និង​បញ្ហា​សំឡេង​របស់​រថយន្ត ។និង​៣-​ស្នើ​សុំ​ឱ្យ​ភាគី​លោក ព្រាប សុវត្ថិ កាប់​មែកឈើ ដែល​ធ្លាក់​ទៅ​លើ​ផ្ទះ​របស់​ពួក​គាត់​ចេញ​ឱ្យ​អស់ ។

ចំណុច​ដែល​ចោទ​ថា លោក ព្រាប សុវត្ថិ រំលោភ​យក​ដី​ផ្លូវ​សាធារណៈ មិន​បាន​ដាក់​ប​ញ្ជូ​ល​ក្នុង​ការ​សម្រប​សម្រួល​នេះ​ទេ ដោយ​ប្រជាពលរដ្ឋ ទទូច​សុំ​ឱ្យ​មន្ត្រី​ជំនាញ​ខាង​សូ​រិ​យោ​ដី​ចុះ​ទៅ​វាស់វែង ក្បាលដី​លេខ​១៧៤ ដែល​ជា​ដី​លោក ព្រាប សុវត្ថិ ព្រមទាំង​វាស់វែង​ផ្លូវ ព្រោះ​ផ្នែក​ខាងក្រោយ ដី​ផ្លូវ​មុន​មាន​ទទឹង​ប្រវែង​១០​ម៉ែត្រ​ហើយ​ពេល​នេះ​នៅ​សល់​តែ​៧​ម៉ែត្រ​នោះ​ទេ ។

នៅ​ក្នុង​ការ​សម្របសម្រួល ទាំង​៣​ចំណុច​ខាងលើ លោក ព្រាប សុវត្ថិ ក៏​បាន​យល់ព្រម ឯកភាព​អនុវត្ត​ចំពោះ​សំណូមពរ ។ ទោះបីជា​យ៉ាងណា គេ​ពុំ​ទាន់​ដឹង​ថា លោក ព្រាប សុវត្ថិ បាន​អនុវត្ត​បាន​ឬ​មួយ​យ៉ាងណា​នោះ​ទេ តែ​ទន្ទឹម​គ្នា​នោះ​លោក ព្រាប សុវត្ថិ បាន​ចោទប្រកាន់​ប្រជាពលរដ្ឋ​វិញ ដែល​បាន​ធ្វើ​ឱ្យ​ខូច​ឈ្មោះ​លោក ហើយ​ទាមទារ​ឱ្យ​សុំ​ទោស តែ​ប្រជាពលរដ្ឋ​បាន​បដិសេធ​ព្រោះ​ពួក​គាត់​មិន​បាន​ធ្វើ​អ្វី​ខុស​នោះ​ទេ ។

គួរ​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ចំនួន​៧០​នាក់​ដែល​រស់នៅ​ក្នុងភូមិ​ច្រេស សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ជុំវិញ​ផ្ទះ​លោក ព្រាប សុវត្ថិ ក៏​បាន​នាំ​គ្នា​ផ្តិត​មេដៃ​ប្តឹង​លោក ព្រាប សុវត្ថិ ដោយ​ចោទ​លោក ព្រាប សុវត្ថិ ដែល​ជា​តារាចម្រៀង​ល្បីឈ្មោះ​បាន​រំលោភ​យក​ដី​ផ្លូវ​សាធារណៈ ហើយ​បាន​ផ្តិត​មេដៃ​ប្តឹង​ទាស់​ករណី​ក្បាលដី​ចុះបញ្ជី​លេខ​១៧៤ ដែល​ជា​ក្បាលដី​លោក ព្រាប សុវត្ថិ ស្ថិត​នៅ​ភូមិ​ច្រេស សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ដោយសារ​ការ​ចុះបញ្ជី​នោះ​បាន​រំលោភ​ចូល​ដី​ផ្លូវ ។ តាម​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា ដី​របស់​លោក ព្រាប សុវត្ថិ ពី​មុន​ជា​ដី​រួម​របស់​ប្រជាពលរដ្ឋ​ដែល​បាន​លក់​ឱ្យ ។

រយៈពេល​ប្រមាណ​៤​ឆ្នាំ​មក​ហើយ លោក ព្រាប សុវត្ថិ ក៏​បាន​មក​ទិញ​ដី​និង​សាងសង់​ផ្ទះ លើ​ដី​នោះ ។ ពួក​គាត់​ចោទ​ថា ចាប់តាំងពី​ពេល​នោះ​មក​ក្នុង​ការ​សាងសង់​លោក ព្រាប សុវត្ថិ ក៏​បាន​យក​ដងផ្លូវ​ខ្លះ​ផ្នែក​ខាង​ក្រោយ ទុកជា​កម្មសិទ្ធិ​របស់​ខ្លួន​ដោយ​ដាក់​ឥដ្ឋ​គំនរ ប្រក់​តង់​បិទផ្លូវ​តែ​ម្តង មិន​ឱ្យ​ពួក​គាត់​ធ្វើ​ដំណើរ​បាន ។

ដោយ​មានការ​រំលោភ​បំពាន​ពួក​គាត់​ក៏​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​អាជ្ញាធរ សង្កាត់ ខណ្ឌ និង​ប្តឹង​ទាស់​ក្បាល​ដី​លេខ​១៧៤ របស់​លោក ព្រាប សុវត្ថិ ទៅ​សាលា​រាជធានី​ភ្នំពេញ និង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយ​កម្ម​សំណង់ ដើម្បី​ឱ្យ​ចុះ​វាស់វែង តែ​ស្ងាត់​រហូត ទើបតែ​នៅ​រសៀល​ថ្ងៃ​ទី​៤ ខែមីនា ដែល​មានការ​តវ៉ា​ជា​ថ្មី​ហើយ មាន​អ្នក​ព័ត៌មាន​មក​យក​ព័ត៌មាន​និង​ឡាយ​(Live) ទើប​អាជ្ញាធរ​ចុះ​មក​សម្របសម្រួល​នៅ​ពេល​នោះ​។ ប្រជាពលរដ្ឋ ក៏​បាន​សុំ​ឱ្យ​មន្ត្រី​ជំនាញ​ចុះ​មក​វាស់វែង ក្បាលដី​លេខ​១៧៤ និង​ដី​ផ្លូវ ជុំវិញ​ផ្ទះ​លោក ព្រាប សុវត្ថិ ព្រោះ​ផ្លូវ​ពី​មុន​និង​ពេល​នេះ​រួម​តូច​អស់ហើយ ។

ពាក់ព័ន្ធ​បញ្ហា​នេះ​តារាចម្រៀង​លោក ព្រាប សុវត្ថិ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​នៅ​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២០​នេះ​ថា លោក​យល់ព្រម និង​ព្យាយាម​ដោះស្រាយ​ជូន​តាម​ការ​ចង់បាន​ពី​ប្រជា​ពល​ដ្ឋ​ដែល​រស់នៅ​ក្បែរ​ខាង​ផ្ទះ​របស់​លោក ។ លោក​បញ្ជាក់​ថា ចំពោះ​ការ​ចោទប្រកាន់​ថា លោក​ធ្វើ​រោង​ឈើ​បិទផ្លូវ​នោះ​គឺ​មិនមែន​ជា​អ្វី​ដែល​លោក​ចេះ​តែ​ធ្វើ​តាម​ការ​នឹកឃើញ​នោះ​ឡើយ ។

លោក​ថា មុន​ធ្វើ​លោក​បាន​សុំ​អាជ្ញាធរ​មូលដ្ឋាន​យ៉ាង​ត្រឹមត្រូវ ខណៈ​ពេល​រោង​ឈើ​របស់​លោក​នា​ពេល​នេះ​គឺ​គ្រាន់តែ​បណ្តោះអាសន្ន​ប៉ុណ្ណោះ ។ ចំណែក​ផ្លូវ​ជាប់​របង​ផ្ទះ​លោក​នេះ​គឺ​លោក​បាន​ទិញ ដោយសារ​ពី​ដើម​វា​ជាទី​តាំង​បឹង​ដែល​មិន​អាច​ដើរ​បាន​ឡើយ ។ ប៉ុន្តែ​ក្រោយ​ពេល​លោក​បាន​ទិញ​ហើយ លោក​ក៏​បាន​ធ្វើការ​ចាក់​ដី​បំពេញ​អស់​ជា​ច្រើន​ឡាន​បង្កើត​បានជា​ផ្លូវ​នា​ពេល​នេះ ។ យ៉ាងណា​លោក​យល់ព្រម​បើកផ្លូវ​មួយ​នេះ​តាម​ការ​ចង់បាន​ពី​ប្រជាពលរដ្ឋ ដើម្បី​ធ្វើ​ចរាចរណ៍​បម្រើ​ផលប្រយោជន៍​ជា​សាធារណៈ​ទាំងអស់​គ្នា ។

ដោយឡែក​ការ​រោ​ទិ៍​សំឡេង​រថយន្ត​នោះ​ត្រូវ​បាន​លោក ព្រាប សុវត្ថិ អះអាង​ថា ជា​ធម្មតា​លោក​ជា​អ្នក​សិល្បៈ គឺ​មាន​ចេញ​សម្តែង​តាម​ខេត្ត​ផ្សេង ហើយ​ការ​ចេញ​សម្តែង​នោះ​គឺ​ត្រូវ​ចេញដំណើរ​វេលា​ទៀប​ភ្លឺ ខណៈ​ពេល​មក​វិញ​អាច​យប់​ជ្រៅ​ឬ​ក៏​ជិត​ភ្លឺ​ដូច​គ្នា ។ លោក​បញ្ជាក់​ថា ប្រការ​នេះ​វា​មិន​អាច​ចៀស​រួច​ពី​ការ​ឮ​សំឡេង​រថយន្ត​ខ្លះ​ៗ​នោះ​ទេ ប៉ុន្តែ​លោក​សូម​ទទួលយក​ការ​រិះគន់​នេះ ហើយ​លោក​នឹង​ព្យាយាម​សម្រប​សម្រួល​ពី​ផល​ប៉ះពាល់​នេះ​ដើម្បី​អ្នក​ជិតខាង ។

យ៉ាងណា​ក៏​ដោយ លោក​ក៏​បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ ពេល​មាន​រឿង​អ្វី​កើតឡើង​សូម​មក​ដោះស្រាយ​ជាមួយ​គ្នា​ដោយ​ផ្ទាល់ ព្រោះ​លោក​មិន​បានដឹង​ពី​ហេតុការណ៍​ទាំង​អស់​បាន​ឡើយ គឺ​លោក​មិន​ដែល​មាន​បំណង​ណាមួយ​បង្ក​ឱ្យ​អ្នក​ជិតខាង​អាក់អន់ចិត្ត​ទេ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ