ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណូល​ពន្ធគយ​របស់​កម្ពុជា​ក្នុង​ខែកុម្ភៈ​រង​ផល​ប៉ះពាល់​ពី​វីរុស​កូ​រ៉ូ​ណា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិបត្តិ​ជំងឺ​កូ​រ៉ូ​ណា ឬ​កូ​វី​ដ ១៩ កាន់តែ​សាយភាយ​នៅ​បណ្ដា​ប្រទេស​លើ​ពិភពលោក ហើយ​កម្ពុជា​ក៏​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​នេះ​ដែរ បើ​ទោះបីជា​កម្ពុជា មិន​ទាន់​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​កើត​ជំងឺ​នេះ​ក៏​ដោយ ជាក់ស្ដែង…

រាជធានី​ភ្នំពេញ ៖ វិបត្តិ​ជំងឺ​កូ​រ៉ូ​ណា ឬ​កូ​វី​ដ ១៩ កាន់តែ​សាយភាយ​នៅ​បណ្ដា​ប្រទេស​លើ​ពិភពលោក ហើយ​កម្ពុជា​ក៏​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​នេះ​ដែរ បើ​ទោះបីជា​កម្ពុជា មិន​ទាន់​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​កើត​ជំងឺ​នេះ​ក៏​ដោយ ជាក់ស្ដែង ការ​ប្រមូល​ពន្ធគយ​នៅ​ក្នុង​ខែកុម្ភៈ កន្លង​ទៅ​នេះ បាន​រង​ផល​ប៉ះពាល់ ដោយ​មានការ​ថយ​ចុះ​ជាង​ខែមករា ឆ្នាំ ២០២០ និង​ថយ​ចុះ​ពី​ផែនការ​កំណត់​ដោយ​ច្បាប់ ។

យោង​តាម​លោក​គុណ ញឹ​ម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយក​គយ​និង​រដ្ឋ​ករ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ច្បាប់​ស្ដី​ពី​ថវិកា ក្នុង​ឆ្នាំ ២០២០ បាន​កំណត់​អោយ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋ​ករ រក​ចំណូល​អោយ​បាន​ជាង​២,៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដូច្នេះ​ក្នុង​មួយ​ខែ​ត្រូវ​រក​អោយ​បាន​រង្វង់​២៥០​លាន​ដុល្លារ​អា​មេ​រិ​ក​។ សម្រាប់ខែមករា ដើមឆ្នាំ ២០២០ ការ​ប្រមូល​ពន្ធគយ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ករ គឺ​មិន​មាន​ផល​ប៉ះពាល់​ទេ ដោយ​បាន​លើស​ពី​ផែនការ​បន្តិចបន្តួច តែ​ដល់​ខែ​កម្ភៈ ដែល​ជា​ពេល​ជំងឺ​កូ​រ៉ូ​ណា កំពុង​ផ្ទុះ​ពេញបន្ទុក នៅ​បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​លើ​ពី​ភព​លោក ជា​ពិសេស​ពី​ប្រទេស​ចិន បាន​ធ្វើ​អោយ​ចំណូល​ពន្ធគយ​បាន​ធ្លាក់​ចុះ​វិញ តែ​មិន​ខ្លាំង​នោះ​ទេ ។ ​លោក​បាន​បន្ត​ថា ខែមករា អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ករ​រក​ចំណូល​បាន​ប្រមាណ​២៥៥​លាន​ដុល្លារ​អា​មេ​រិ​ក គឺ​លើស​ផែនការ​បន្តិច ហើយ​ក្នុង​ខែកុម្ភៈ ក្នុង​ឆ្នាំ​ដដែល​នោះ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ករ រក​ចំណូល​បាន​ប្រមាណ២៣៥​លាន​ដុល្លារ​អា​មេ​រិ​ក គឺ​ក្រោម​ផែនការ​តិចតួច​ប៉ុណ្ណោះ ។

លោក​គុណ ញឹ​ម បាន​បន្ត​ថា « មាន​កត្តា​បី ដែល​ធ្វើ​អោយ​ការ​ប្រមូល​ពន្ធគយ​របស់​រដ្ឋ​ករ​កម្ពុជា​ថយ​ចុះ ក្នុង​ខែកុម្ភៈ​នេះ ទី​១- ដោយសារ​តែ នៅ​ចុង​ខែមករា គឺ​នៅ​ក្នុង​អំឡុង​បុណ្យចូលឆ្នាំ​ចិន និង​វៀតណាម ធ្វើ​អោយ​អាជីវករ​មួយ​ចំនួន​ធំ ត្រូវ​ផ្អាក​របរ​រកស៊ី និង​អូស​បន្លាយ​ដល់​ខែកុម្ភៈ ។ កត្តា​ទី​២- បន្ទាប់​ពី​ចូល​ឆ្នាំ​ចិន ក៏​ជួបនឹង​ជំងឺ កូ​វី​ដ​១៩ ហើយ​កត្តាទី​៣- គឺ​ដោយសារ​តែ​ខែកុម្ភៈ មាន​ចំនួន​ថ្ងៃ​តិច​ជាងគេ គឺ​ត្រឹមតែ ២៩​ថ្ងៃ ។ ផល​ប៉ះពាល់​ពី​កូ​វី​ដ​១៩ បាន​ធ្វើ​អោយ​វិស័យ​ទេសចរណ៍​ធ្លាក់​ចុះ​ច្រើន ហើយ​នៅ​ពេល​វិស័យ​នេះ​ធ្លាក់​ចុះ​ការនាំ​ចូល​សម្ភារ​មក​បំពេញ ក្នុង​វិស័យ​នេះ​ដូច​ជា​វិស័យ​សណ្ឋាគារ ភោជនីយដ្ឋាន ក៏​ធ្លាក់​ចុះ​ដូច​គ្នា ។​ក្នុង​នោះ​ដែរ ការ​នាំ​ចូល​សម្ភារ​សម្រាប់​បម្រើ​អោយ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ ក៏​បាន​ថមថយ​ដែរ ព្រោះ​វត្ថុធាតុដើម​សម្រាប់​បម្រើ​ក្នុង​វិស័យ​នេះ ភាគច្រើន​នាំ​ចូល​ពី​ប្រទេស​ចិន ហើយ​នៅ​ពេល​ដែល​ចិន​ជួប​បញ្ហា​នេះ ធ្វើ​អោយ​ការ​ផលិត​នៅ​ក្នុង​ប្រទេស​ចិន​ធ្លាក់​ចុះ ដូច្នេះ​ហើយ​ទើប​មិន​មាន​វត្ថុ​ធាតុ​នាំ​ចូល​មក​កម្ពុជា » ។

​ប្រតិភូ រូប​នេះ​បាន​បន្ថែម​ថា ក្នុង​ពេល​ដែល​ស្ថាប័ន​គយ និង​រដ្ឋ​ករ​ជួប​បញ្ហា​ដូច្នេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏​បាន​រិះរក​គ្រប់​មធ្យោបាយ និង​វិធានការ​បន្ថែម ក្នុង​ការ​គៀងគរ​ចំណូល ព្រោះ​ការ​ប្រមូល​ចំណូល​នៅ​ពេល​នេះ​ឃើញ​ថា​មាន​ផល​លំបាក ។

​យោង​តាម​លោក មាស សុខ​សេន​សាន អគ្គលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​មាន​ប្រសាសន៍​ថា ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ​១៩ មិនមែន​មាន​តែ​កម្ពុជា​នោះ​ទេ គឺជា​លក្ខណៈ​សាកល ដែល​ពិភពលោក​កំពុង​ព​ន្លឿ​ន​ការ​ដោះស្រាយ​បញ្ហា​នេះ អោយ​បាន​លឿន​បំផុត ។ ផល​ប៉ះពាល់​សម្រាប់​កម្ពុជា​ពេល​នេះ គឺ​មាន​វិស័យ​ធំ​ពីរ គឺ​កាត់ដេរ​ដោយសារ​តែ​ខ្វះ​វត្ថុធាតុដើម និង វិស័យ​ទេសចរណ៍ ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ ។

បើ​តាម​ប្រសាសន៍​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ទំលាក់​ការ​ព្យាករណ៍​កំណើនសេដ្ឋកិច្ច​ក្នុង​ឆ្នាំ ២០២០ មក​នៅ​ត្រឹម​រង្វង់​៦​ភាគរយ ខណៈ​ឆ្នាំ ២០១៩​កន្លង​ទៅ កម្ពុជា​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​ប្រមាណ​ជាង​៧​ភាគរយ ។ សម្ដេច​ថា កំណើនសេដ្ឋកិច្ច​ឆ្នាំ ២០២០ ត្រឹម​៦​ភាគរយ វា​អាច​នឹង​ពិបាក​ក្នុង​ការ​ធ្វើ​ណាស់ ដោយសារ​តែ​ផល​ប៉ះពាល់​ពី​វីរុស​កូ​រ៉ូ​ណា​ទៅ​លើ​វិស័យ​ទេសចរណ៍ ដែល​ជា​វិស័យ​មួយ​ផ្ដល់​ចំណូល​ច្រើន​ដល់​សេដ្ឋកិច្ចជាតិ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ