ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​មាន​អ្វី​ប្លែក​នៅ​ពិធី​សម្ពោធ​ពិព័រណ៍​រូបថត (DMC Photo Fest 2020) ខាង​មុខ ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ និស្សិត​ឆ្នាំ​ទី​២ នៃ​ដេ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារ​គមនាគមន៍​(DMC) នៃ​សាកលវិទ្យាល័យ ភូមិន្ទ​ភ្នំពេញ នឹង​រៀបចំ​ពិធី​សម្ពោធ​ពិព័រណ៍​រូបថត​លើក​ទី​ពីរ​របស់​ខ្លួន នៅ​ថ្ងៃ​ទី​០២ ខែឧសភា…

រាជធានី​ភ្នំពេញ ៖ និស្សិត​ឆ្នាំ​ទី​២ នៃ​ដេ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារ​គមនាគមន៍​(DMC) នៃ​សាកលវិទ្យាល័យ ភូមិន្ទ​ភ្នំពេញ នឹង​រៀបចំ​ពិធី​សម្ពោធ​ពិព័រណ៍​រូបថត​លើក​ទី​ពីរ​របស់​ខ្លួន នៅ​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង ៨:៣០​ព្រឹក ដល់​ម៉ោង​៥:០០​ល្ងាច ខាង​មុខ​នេះ នៅ​ក្នុង​បរិវេណ​ដេ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារ​គមនាគមន៍ ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ នេះ​បើ​យោង​តាម​ប្រកាស​ព័ត៌មាន​របស់ DMC ចុះ​ថ្ងៃ​ទី ០៤ មីនា ឆ្នាំ​២០២០ ។

ពិព័រណ៍​រូបថត​លើក​ទី​ពីរ​នេះ ត្រូវ​បាន​ផលិត និង​រៀបចំ​ដោយ​និស្សិត​ឆ្នាំ​ទី​ពីរ ជំនាន់​ទី​១៨ ក្រោម​ការ​ដឹកនាំ​របស់​លោក ផ​ន ភា​រិ​ទ្ធ (Miller) ដែល​ជា​គ្រូបង្រៀន​ថតរូប នៃ​ដេ​ប៉ា​តឺ​ម៉​ង់​ផ្ទាល់​។

លោក ផ​ន ភា​រិ​ទ្ធ បាន​ឲ្យ​ដឹង​ថា ពិព័រណ៍​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ដាក់​តាំង​បង្ហាញ​ស្នាដៃ​ថតរូប​របស់​និស្សិត បន្ទាប់​ពី​ពួក​គេ​បាន​សិក្សា​អំពីរ​បច្ចេកទេស​ថតរូប​មួយ​ឆមាស​រួម​មក​។ គ្រប់​រូបថត ដែល​នឹង​ដាក់​តាំង​នោះ នឹង​មិន​ត្រឹមតែ​ឆ្លុះ​បញ្ចាំង​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​និស្សិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​សង្គម​នា​ពេល​បច្ចុប្បន្ន​ផង​ដែរ​។

លោក​បាន​បន្ថែម​ថា «​យើង​ប្រើ​រូបភាព​ជំនួស​វី​ដេ​អូ ជា​សារ​ដើម្បី​ពញ្ញាក់​អារម្មណ៍​អ្នក​ទស្សនា​ពី​សកម្មភាព​ដែល​ពួក​គាត់​ជួប​ប្រទះ​រាល់ថ្ងៃ​។ បើ​ទោះបី​ស្នាដៃ​របស់​និស្សិត​មិនសូវ​ជា​ល្អ​ដូច​អ្នក​ថតរូប​អាជីព​ក៏​ដោយ ក៏​យើង​បាន​ព្យាយាម​សម្រិតសម្រាំង​ឲ្យ​ស្នាដៃ​ទាំងនោះ​ឆ្លុះ​បញ្ចាំង​ពី​សង្គម​វិញ ដោយ​រូបថត​មាន​លក្ខណៈ​ជា​ស៊េរី​បណ្ដាក់​ទៅ​តាម​សាច់​រឿង​ឲ្យ​អ្នកចូលរួម​បាន​យល់​»​។

លោក អុង ប៊ុ​ន​អ៊ី ប្រធាន​ដេ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារ​គមនាគមន៍ បាន​និយាយ​ថា «​ការ​តាំង​ពិ​ព័រ​ណ៌​រូបថត DMC Photo Festival នេះ បាន​ផ្សារ​ភ្ជាប់​ទ្រឹស្តី​របស់​និស្សិត​ទៅ​នឹង​ការ​អនុវត្ត​ជាក់ស្តែង ក្នុង​ន័យ​លើកកម្ពស់​ចំណេះដឹង និង​ចំណេះធ្វើ​របស់​និស្សិត DMC ផ្ទាល់​។

លោក​លើក​ឡើង​ថា ដេ​ប៉ា​តឺ​ម៉​ង់​ក៏​ចង់​ជំរុញ​ឲ្យ​និស្សិត​យក​ឱកាស​នេះ សិក្សា​ស្រាយ​ជ្រាវ​ពី​បញ្ហា​ប្រឈម ក៏​ដូច​ជា​វឌ្ឍនភាព​នានា​ក្នុង​សង្គម ហើយ​យក​មក​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ជំនាញ​ដែល​ខ្លួន​បាន​សិក្សា​។

លោក​បន្ត​ថា «​តាម​រយៈ​ការ​តាំងពិព័រណ៍​រូបថត​នេះ សាធារណជន​ក៏​មានឱកាស​បានដឹង​ឮ ក៏​ដូច​ជា​យល់​ដឹង​ពី​រឿងរ៉ាវ​សង្គម​ទាំងនោះ និង​ចូលរួម​ជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ ព្រោះថា ពួក​គេ​ក៏​ជា​ផ្នែក​មួយ​នៃ​រឿងរ៉ាវ​សង្គម​ទាំងនោះ​ដែរ​»​។

ជា​និស្សិត​ឆ្នាំ​ទី​ពីរ​នៃ​ដេ​ប៉ា​តឺ​ម៉​ង់ និង​ជា​ផលិតករ​ម្នាក់​នៃ​កម្មវិធី​តាំង​ពិ​ព័រ​ណ៌​រូបថត​នេះ កញ្ញា សុខ ស្រី​លុ​ច បាន​និយាយ​ថា​៖ «​ពួក​យើង​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង បើ​ទោះបី​ពេល​ខ្លះ​ត្រូវ​នៅ​ហាលថ្ងៃ ចុះទូក​កណ្ដាលទន្លេ និង​ត្រូវ​ចុះ​ទៅ​ទីតាំង​ឆ្ងាយ​ៗ​ក៏​ដោយ ក៏​យើង​នៅ​ទ្រាំ​ដើម្បី​បាន​រូប​មួយ​ៗ»​។ កញ្ញា​សង្ឃឹមថា ពិព័រណ៍​រូបថត​លើក​ទី​ពីរ​ដែល​នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​នៅ​ពេល​ខាង​មុខ​នេះ នឹង​មាន​អ្នកចូលរួម​គាំទ្រ​ច្រើន​។

ពិព័រណ៍​រូបថត​លើក​ទី​ពីរ​នេះ នឹង​ផ្ដោត​សំខាន់​ទៅ​លើ​ប្រធានបទ​ចំនួន ៩ ដែល​ខុស​ពី​ការ​រៀបចំ​កាលពី​ឆ្នាំ​កន្លង​ទៅ ដែល​មាន​ប្រមាណ​តែ​៣​ប្រធានបទ​តែ​ប៉ុណ្ណោះ​។ ប្រធានបទ​ទាំង​៩​រួម​មាន ៖

១. ចំណែក​មួយ​នៃ​ទីក្រុង បង្ហាញ​ពី​ជីវិត​ប្រជាជន​ខ្មែរ​-​ឥ​ស្លា​ម (​ចាម​) ដែល​រស់នៅ និង​ប្រកប​របរ​នេសាទ​ត្រី​នៅ​លើ​ទន្លេចតុមុខ​។

២. ឯកសណ្ឋាន​យើង អត្តសញ្ញាណ​យើង បង្ហាញ​ពី​ឯកសណ្ឋាន​របស់​ប្រជាជន​ខ្មែរ​ទៅ​តាម​ការងារ និង​មុខរបរ​របស់​ពួក​គាត់​។

៣. ម្ហូប​យើង អត្តសញ្ញាណ​យើង បង្ហាញ​អំពី​របៀប​ធ្វើ​នំ​បញ្ចុក​ខ្មែរ​របស់​ប្រជាជន​នៅ​តាម​ខេត្ត​។

៤. ជីវិត​បី​សម័យកាល បង្ហាញ​អំពី​ការ​រស់នៅ និង​ការ​ស្លៀកពាក់​របស់​ប្រជាជន​ក្នុង​សម័យ​អាណានិគម​បារាំង សម័យ​ខ្មែរក្រហម និង​សម័យ​បច្ចុប្បន្ន​។

៥. I Am Social Media បង្ហាញ​ពី​ឥទ្ធិពល និង​ផល​ប៉ះពាល់​ដោយ​ប្រយោល​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដែល​មាន​ទៅ​លើ​អ្នក​ប្រើប្រាស់​។

៦. ក្រោម​លោក​តែ​មួយ វាសនា​ខុស​គ្នា បង្ហាញ​អំពី​ជីវិត​កុមារ​ដែល​រស់នៅ​ក្នុង​ស្ថានភាព​លំបាក ភាព​ក្រីក្រ ខណៈ​ពេល​ដែល​កុមារ​ផ្សេង​ទៀត​រស់នៅ​ក្នុង​ភាព​សុខ​ស្រួល​។

៧. តើ​សំរាម​មកពីណា? បង្ហាញ​ពី​ប្រភព​នៃ​សំរាម​ដែល​កាន់តែ​មាន​បរិមាណ​ច្រើន ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ សកម្មភាព​របស់​មនុស្ស​ម្នាក់​ៗ ជា​ផ្នែក​មួយ​នៃ​ប្រភព​សំរាម​។

៨. នាដកា​តូច រៀបរាប់​ពី​កុមារី​ម្នាក់ ដែល​ខិតខំ​ប្រឹង​ហាត់​របាំ​ទាំង​ខ្លួន​ទើបតែ​អាយុ​៥​ឆ្នាំ និង​គ្រួសារ​មាន​ជីវភាព​ក្រីក្រ​ដើម្បី​ក្លាយជា​នាដកា​របាំ​បុរាណ​ខ្មែរ នៅ​ពេល​អនាគត​។

៩. គេច​ពី​ភព​ងងឹត ការ​គ្រប់គ្រង​ដោយ​អន្ធការ​ងងឹត ការ​គិត​ខ្លី ការ​បាក់ទឹកចិត្ត ភាព​ស្មុគស្មាញ​ក្នុង​ជីវិត និង​ដំណោះស្រាយ​ពី​ភាព​អន្ធ​កាល​ទាំង​អស់នោះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​តាំងពិព័រណ៍​រូបថត​នេះ មាន​រយៈពេល​៣២​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទី​០២ ខែ​ឧសភា ដល់​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២០ និង​បើក​ឲ្យ​ចូលរួម​ទស្សនា​ដោយ​សេរី​នៅ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ នៅ​ក្នុង​រយៈពេល​បួន​ស​ប្តា​ហ៍​នៃ​ការ​ដាក់​តាំង​រូបថត​នេះ ក៏​មាន​សិក្ខាសាលា​ប្រចាំ​ស​ប្តា​ហ៍ ដែល​មហាជន​អាច​ចូលរួម​បាន​។

សិក្ខាសាលា​ប្រចាំ​ស​ប្តា​ហ៍ ទាក់ទង​នឹង​ប្រធានបទ​ដូច​ជា​គន្លឹះ​ក្នុង​ការ​ថតរូប​បែប​អាជីវកម្ម កិច្ច​ពិភាក្សា​លើ​អាជីព​នៃ​អ្នក​ថតរូប ការ​ណែនាំ​ឲ្យ​ស្គាល់​ក្បាច់​បាត​នៃ​របាំ​ខ្មែរ និង​ប​ឋ​កថា​ទាក់ទង​នឹង​សុខភាព​ផ្លូវចិត្ត​ជាដើម​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​យើង (DMC Photo Festival) ។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ